ការប្រែប្រួលអាកាសធាតុពង្រីកវិសាលភាពទឹកជំនន់យ៉ាងខ្លាំងក្លា
អ្នកស្រាវជា្រវមកពីបណ្តាញការបញ្ជាក់អាកាសធាតុពិភពលោក (World Weather Attribution) បានប្រាប់ឲ្យដឹងថា កាលធ្លាក់ភ្លៀងដ៏ហួសហេតុជាបន្តបន្ទាប់រយៈពេល ១០ថ្ងៃ បាន ក្លាយជាកាន់តែខ្លាំងក្លាដ៏គួរឲ្យកត់សម្គាល់នៅក្នុងតំបន់អាហ្វ្រ៊ិកខាងត្បូងដោយសារហេតុផលនៃការប្រែប្រួលអាកាសធាតុ ដែលមានប្រភពពីមនុស្ស។
មានការធ្លាក់ភ្លៀងដ៏សម្បើមរយៈពេល ១០ថ្ងៃ កាលពីខែមករា ដែលស្មើនឹងការធ្លាក់ភ្លៀងរយៈពេលពេញមួយឆ្នាំនៅតំបន់ខ្លះនៃអាហ្វ្រ៊ិកខាងត្បូង ដែលធ្វើឲ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អ្នកវិទ្យាសាស្រ្តនានា បានព្រមានថា ការធ្លាក់ភ្លៀងដ៏ខ្លាំងក្លានេះអាចបង្កមកពីការប្រែប្រួលអាកាសធាតុ។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភ្លៀងលាយខ្យល់ព្យុះតាំងពីខែធ្នូ បានបង្កជាទឹកជំនន់ដ៏ខ្លាំងនៅក្នុងភាគខាងត្បូង និងតំបន់កណ្តាលនៃប្រទេសម៉ូហ្សំប៊ិក ដែលមានប្រជាជន ៦៥០០០០នាក់ បានទទួលរងផលប៉ះពាល់។ មនុសរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេនៅប្រទេសជិតខាងដែរ ដូចជាប្រទេសអាហ្វ្រ៊ិកខាងត្បូង និងប្រទេសហ្ស៊ីមបាវ៉េ។
នៅក្នុងរបាយការណ៍មួយ អ្នកស្រាវជា្រវមកពីបណ្តាញការបញ្ជាក់អាកាសធាតុពិភពលោក (WWA) បានបញ្ជាក់ថា ៖ “ការធ្លាក់ភ្លៀងដ៏ហួសហេតុជាបន្តបន្ទាប់ក្នុងរយៈពេល ១០ថ្ងៃ បានប្រែក្លាយជាខ្លាំងក្លាដ៏គួរឲ្យកត់សម្គាល់នៅក្នុងតំបន់អាហ្វ្រ៊ិកខាងត្បូងដោយសារហេតុផលនៃការប្រែប្រួលអាកាសធាតុដែលមានប្រភពមកពីមនុស្ស។
យោងតាមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា នៅរវាងថ្ងៃទី១០ និងទី១៩ ខែមករា តំបន់នានានៅភាគខាងត្បូងប្រទេសម៉ូហ្សំប៊ិក ដែលខេត្តហ្គាហ្ស៉ា មានការប៉ះពាល់ជាពិសេស បានទទួលកម្ពស់ទឹកភ្លៀងរហូតដល់ ៥០០ មម ដែលស្មើនឹងការធ្លាក់ភ្លៀងមួយឆ្នាំតាមទម្លាប់ធម្មតា។
អ្នកអាកាសធាតុ លោកអ៊ីហ្ស៊ីឌីន ពីនតូ មកពីវិទ្យាស្ថានភូមិន្ទឧតុនិយមនៃប្រទេសហូឡង់ បានពន្យល់ថា ការប្រែប្រួលអាកាសធាតុដែលមានប្រភពមកពីមនុស្សបានបង្កើននូវវិសាលភាពនៃភ្លៀងខ្លាំងហួសហេតុទាំងនេះប្រមាណ ៤០%។ លោកបានបន្ថែមថា ៖ “ការរួមផ្សំគ្នារវាងភ្លៀងខ្លាំងក្លាហួសហេតុ នៅក្នុងរយៈពេលដ៏ខ្លី និងភាពងាយរងគ្រោះ និងរងផលប៉ះពាល់ដ៏ខ្លាំងនៃប្រទេស បានធ្វើឲ្យប្រទេសម៉ូហ្សំប៊ិកជួបប្រទះនូវទឹកជំនន់ដ៏អាក្រក់មិនដែលជួបតាំងពី ២៥ឆ្នាំមកហើយ។
យោងតាមវិទ្យាស្ថានជាតិនៃការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មនុស្សជាង ១៤០នាក់ បានស្លាប់នៅក្នុងទឹកជំនន់តាំងពីថ្ងៃទី១ ខែតុលា។ ហើយតំបន់ខ្លះបានកាត់ផ្តាច់មិនអាចចូលទៅដល់តាមរយៈផ្លូវ ហើយនៅស្ទឹងនានា ទឹកបានឡើងហូរហៀរច្រាំង។ ទឹកជំនន់បានបំផ្លិចបំផ្លាញភូមិនានា និងធ្វើឲ្យមនុស្សជាង ៣០នាក់ ស្លាប់ នៅក្នុងខេត្តនានានៅក្នុងតំបន់អាហ្វ្រ៊ិកខាងត្បូង ដូចជាខេត្ត លីមប៉ូៗ និងខេត្តអឹមពូម៉ាឡង់ហ្គា ដែលបង្កឲ្យខូចខាតទឹកប្រាក់រាប់លានដុល្លារ និងខូចខាតដល់ឧទ្យានជាតិដ៏ល្បីគ្រូហ្ស៉ឺផងដែរ។
យោងតាមសាស្រ្តាចារ្យវិទ្យាសាស្រ្តអាកាសធាតុ លោកស្រី ហ្រ៊ីដឺរីក អូតតូ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ គឺជាករណីមេរៀនអយុត្តិធម៌ចំពោះអាកាសធាតុ។ លោកស្រី បានអះអាងថា ៖ “ប្រជាជនអាហ្វ្រ៊ិកខាងត្បូង ម៉ូហ្សំប៊ិក ហ្ស៊ីមបាវ៉េ និងអេសវ៉ាទីនី មិនបានចូលរួមចំណែកសម្រាប់ការប្រែប្រួលអាកាសធាតុទេ និងមិនបានទាញយកសារប្រយោជន៍ណាមួយពីការប្រើប្រាស់ ឬការលក់ឥន្ធនៈផូស៊ីលទេ។ ប៉ុន្តែពួកគេគឺជាអ្នកដែលបាត់បង់ជីវិត ផ្ទះសម្បែង និងមធ្យោបាយទ្រទ្រង់ជីវិតរបស់ពួកគេ។”