ការធ្វើអាជីវកម្មរ៉ែនៅសមុទ្រអន្តរជាតិអាចនឹងជះឥទ្ធពលដល់ជីវិតសមុទ្រ

ការសិក្សាមួយដែលផ្តល់ហិរញ្ញប្បទានដោយឧស្សាហកម្ម បង្ហាញថា ការទាញយករ៉ែ លោហៈ ធាតុនៅក្នុងសមុទ្រប៉ាស៊ីហ្វីកអាចនឹងបង្កឲ្យមានការស្រុតចុះនូវចំនួនសត្វសមុទ្រ។ លោហៈធាតុពុលកើនឡើងរួចហើយនៅក្នុងខ្លួនសត្វស៊ីសាច់ជាអាហារដូចជា ត្រីឆ្លាម ឬត្រីដាវជាដើម។
យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ និងផ្តល់ហិរញ្ញប្បទានដោយឧស្សាហកម្ម បានបង្ហាញថា ការទាញយករ៉ែនៅសមុទ្រអន្តរជាតិអាចនឹងជះឥទ្ធិពលលើជីវិតសមុទ្រតាំងពីសភាវៈដ៏តូចបំផុត រហូតដល់សត្វស៊ីសាច់ជាអាហារ។
ក្រុមហ៊ុន កាណាដា ឌឹ មេតា ខំផេននី The Metals Company បានចំណាយប្រមាណ ១លានដុល្លារ ដើម្បីឲ្យអង្គការអូស្រ្តាលីមួយសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត CSIRO និងពិនិត្យមើលទិន្នន័យដែលប្រមូលបាននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។
វិសាលភាពដ៏ធំមហិមានៃជម្រៅសមុទ្រនៃមហាសមុទ្រប៉ាស៊ីហ្វីកត្រូវបានគ្របដណ្តប់ដោយលោហៈរ៉ែគ្រប់បែបយ៉ាង។ ពួកវាគឺជាគ្រួសសមុទ្រដែលមានសម្បូរតិច ឬច្រើន ដោយសារធាតុ ម៉ង់កាណេស កូបាល់ ស្ពាន់ ឬនីកែល។ល។
ក្រុមហ៊ុនទាញយកធ្វើអាជីវកម្មរ៉ែនានាមិនទាន់រកឃើញមធ្យោបាយល្អប្រសើរដើម្បីប្រមូលដុំគ្រួសសមុទ្រផ្ទុកជាតិរ៉ែ ដែលស្ថិតនៅជម្រៅសមុទ្រពី៥ គីឡូម៉ែត ឬច្រើនជាងនេះ នៅឡើយទេ។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេគឺផ្តោចលើការប្រើប្រាស់ម៉ាស៊ីនប្រមូលរ៉ែរ៉ូបូត ដែលយករ៉ែដោយដើរនៅក្នុងជម្រៅសមុទ្រ។
ការសិក្សាចង្អុលបង្ហាញថា ពូជសត្វសមុទ្រនានាដូចជា ត្រសក់សមុទ្រ ដង្កូវសមុទ្រ ផ្កាយសមុទ្រ និងពពួកក្តាមខ្យង អាចនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនូវចំនួនរបស់ពួកវា ដោយសារការអនុវត្តនូវវិធីយករ៉ែខាងលើ។
នៅអំឡុងសន្និសីទមួយ លោកព្យ៉េ ដុនស្តាន ដែលជាអ្នកវិទ្យាសាស្រ្តបានថ្លែងថា ៖ “នៅក្នុងជម្រៅសមុទ្រ ការសិក្សារបស់យើងបង្ហាញថា វាមានជះឥទ្ធិពលទៅលើតំបន់ទ្រទ្រង់ជីវិតដ៏ធំធេងដែលបានមកពីប្រតិបត្តិការយករ៉ែផ្សេងៗគ្នា។ ប្រភេទត្រីដែលស៊ីសាច់ជាអាហារអាចនឹងឃើញមានសារធាតុលោហៈពុលចាប់ផ្តើមពូនគរនៅក្នុងសរីរាង្គរបស់ពួកវាបន្ទាប់ពីពួកវាបានស្ថិតនៅក្នុងតំបន់ដែលគេទាញយកធ្វើអាជីវកម្មរ៉ែក្នុងរយៈពេលមួយ។
នៅក្នុងរបាយការណ៍របស់ពួកគេ អ្នកវិទ្យាសាស្រ្ត បានកត់សម្គាល់ថា ត្រីដាវ និងត្រីឆ្លាមធំៗ គឺមានការពូនគរខ្លាំងបំផុតនៃសារធាតុលោហៈនៅក្នុងខ្លួន។ លោកព្យ៉េ ដុនស្តាន បានថ្លែងថា ការសិក្សាជួយអះអាងថា ប្រសិនបើការទាញយកធ្វើអាជីវកម្មរ៉ែនៅសមុទ្រអន្តរជាតិនឹងត្រូវដើរទៅមុខ វាត្រូវតែមានការពន្យល់ច្បាស់ថា វានឹងមានហានិភ័យ និងឥទ្ធិពលដ៏មានសក្តានុពលលើជីវិតសមុទ្រ និងប្រព័ន្ធបរិស្ថាន។ លោកស្រីទីណា សូលីម៉ាន ហាន់ថើ សាស្រ្តាចារ្យនៅសកលវិទ្យាល័យ ម៉ាកការី នៅប្រទេសអូស្រ្តាលី បានពន្យល់ថា មកទល់ថ្ងៃនេះ នេះគឺជាការសិក្សាមួយក្នុងចំណោមការសិក្សានានាដែលពេញលេញបំផុត អំពីការទាញធ្វើអាជីវកម្មរ៉ែនៅសមុទ្រអន្តរជាតិ។ លោកស្រីបានបញ្ជាក់ថា បើមិនមានការសិក្សាបែបនេះ វានឹងមានហានិភ័យអំពីការខូចខាតដែលពាក់ព័ន្ធនឹងសកម្មភាពរុករករ៉ែដែលអាចបង្កផលវិបាកដល់ជាច្រើនជំនាន់ទៅមុខ។
ដោយត្រូវបានជំរុញដោយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) សម្ព័ន្ធមិត្តមួយនៃ អង្គការនានា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ដើម្បីបញ្ឈប់ការរុករករ៉ែនៅជម្រៅសមុទ្រ។ សម្ព័ន្ធមិត្តនេះមានអង្គការចំនួន ៦៤ ចូលរួម។
Daily Program
