ការកើនឡើងជាប្រវត្តិសាស្រ្តនៃថាមពលកកើតឡើងវិញ

យោងតាមទីភ្នាក់ងារអន្តរជាតិនៃថាមពល (AIE) កាលពីឆ្នាំ២០២៣ ពិភពលោកបានស្ថាបនា ដល់កម្រិតឯកតកម្ម ៥០% នៃថាមពលកកើតឡើង​វិញ កើនលើសមុន ប្រៀបធៀបនឹង ឆ្នាំ ២០២២។ នេះបង្កើតបានជាចង្វាក់មិនធ្លាប់មាន​សម្រាប់ប៉ុន្មានឆ្នាំខាងមុខទៅថ្ងៃអនាគត​ ទោះ បីជាវាមិនទាន់​គ្រប់គ្រាន់នឹងប្រឈមនឹងការកើនកម្តៅអាកាសធាតុក្តី។

យោងតាមរបាយការណ៍ថាមពលកកើតឡើងវិញនៅឆ្នាំ២០២៣ ដែលផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (AIE) បានឲ្យដឹងថា ថាមពល ប្រមាណ ៥០៧ ហ្គ៊ីហ្គាវ៉ាត់នៃអគ្គីសនីពីថាមពលកកើតឡើងវិញ ត្រូវបានដាក់ឲ្យប្រើប្រាស់ ឬ ៥០% កើនឡើងលើសឆ្នាំ២០២២។ លោកហ្វាទី ប៊ីរ៉ូល នាយកនៃ​វិទ្យាស្ថាន​ថាមពល​កកើត​ឡើង​វិញ បានថ្លែងថា ៖ “ការកើនឡើងយ៉ាងខ្លាំងនេះគឺជាប្រវត្តិសាស្រ្ត”។

ប្រទេសចិន ជាថ្មីម្តងទៀត គឺជាម៉ូទ័រដ៏ធំនៃការរីកចម្រើននេះ គឺ ៦០% នៃហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​ៗ ហើយក្នុងនោះ មានកង្ហារខ្យល់ ៦៦%។ ប៉ុន្តែនៅ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រេស៊ីល ក៏បាន​ឈាន​ដល់កំណើនកម្រិតមិនធ្លាប់មានពីមុន។ ចំណែកឥណ្ឌា ក៏បានឈានទៅមុខខ្លាំងនៅក្នុង​ការ​​ប្រើ​ថាមពល​កកើត​ឡើងវិញនេះដែរ។ ទីភ្នាក់ងារអន្តរជាតិ​នៃថាមពល ក៏វាយតម្លៃថា មាន​ការ​រីក​ចម្រើន​ខ្លាំងលើវិស័យនេះ នៅអាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅមជ្ឈិមបូព៌ាផងដែរ។

ទីភ្នាក់ងារបានប្រមើលមើល សម្រាប់ ៥ឆ្នាំ ដែលនឹងមកដល់ គឺមានការតម្លើង​ថាមពល​កកើត​ឡើង​វិញ​ដ៏ខ្លាំងក្លាបំផុត ដែលមិនដែលឃើញរយៈពេល ៣០ឆ្នាំ។ ទីភ្នាក់ងារ​អន្តរជាតិ​នៃ​ថាមពល បញ្ជាក់​ដែរថា ៖ “សមត្ថភាពផលិតកម្មអគ្គីសនីកកើតឡើង​វិញ មិនដែលបានរីក​វិសាល​ភាព​ក្នុង​ទំហំធំបែបនេះ និងលឿនបែបនេះ រយៈពេល ៣០ឆ្នាំមកហើយ។ នេះផ្តល់​សំណាង​​ដ៏​ពិត​ប្រាកដ​​ដើម្បីឈាន​ទៅដល់គោលដៅ​ដែលរដ្ឋាភិបាលនានាបានដាក់​ទៅ​សន្និសីទ​អន្តរជាតិ​ស្តី​អំពីអាកាសធាតុ លើកទី២៨ ដែលថា នឹងបង្កើតសមត្ថភាពថាមពល​កកើត​ឡើងវិញ​នៅ​លើ​ពិភពលោក ១ ជា ៣ ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

ទីភ្នាក់ងារអន្តរជាតិនៃថាមពលបន្ថែមថា សម្រាប់ពេលនេះ ចង្វាក់នេះ មិនទាន់គ្រប់គ្រាន់ទេ។ ទីភ្នាក់ងារក៏បានចង្អុលជាពិសេស អំពីតម្រូវការហិរញ្ញវត្ថុ​ឆ្ពោះទៅកាន់ប្រទេស​ដែល​ទើប​រះ​ឡើង និងកំពុងអភិវឌ្ឍ។

លោកហ្វាទី ប៊ីរ៉ូល ធ្វើសេចក្តីសង្ខេបថា ៖ “នៅក្នុងលក្ខខណ្ឌទីផ្សារ និងសភាព​នយោបាយ​សព្វ​ថ្ងៃ សមត្ថភាពពិភពលោក នឹងកើនឡើងទ្វេដង គឺ ២,៥ ដង ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។ លោកហ្វាទី ប៊ីរ៉ូល បញ្ជាក់ដែរថា ៖ “កង្ហារខ្យល់នៅលើដី និងផ្ទាំងពន្លឺព្រះអាទិត្យ គឺ​មាន​ទីផ្សារល្អ ជាងរោងចក្រ​អគ្គីសនីថ្មី​ដែលដុតឥន្ធនៈផូស៊ីល ស្ទើរតែគ្រប់ទីកន្លែង ហើយ​មាន​តម្លៃថោកជាងរោងចក្រអគ្គីសនីដែលស្ថាបនានៅក្នុងប្រទេសភាគច្រើន។ កាលពីឆ្នាំមុន គេ​ឃើញ​តម្លៃផ្ទាំងពន្លឺព្រះអាទិត្យ ធា្លក់ចុះ ៥០% ក្នុងឆ្នាំ ហើយ​ចលនានេះនឹងត្រូវបន្ត​ជាមួយ​នឹង​ការការកើនឡើង​នូវសមត្ថភាពផលិត​ដែលគេពិនិត្យឃើញ។

គោលដៅគឺបង្កើនមួយទៅជាបីនូវថាមពលកកើតឡើងវិញ​ ឲ្យលាតសន្ធឹង​ក្នុងកម្រិត​ពិភពលោក ជាមួយនឹងតម្រូវការផ្សេងៗគ្នា ពីប្រទេសមួយទៅប្រទេសមួយទៀត។ ចំណែក​ប្រទេស​អ្នកមាន និងប្រទេសដែលទើបរះឡើងថ្មីៗ ទីភ្នាក់ងារអន្តរជាតិនៃថាមពល បញ្ជាក់​អំពី​សារសំខាន់ចាំបាច់​នូវការបញ្ចប់ភាពញញើតញញើមនៅក្នុងនយោបាយជាតិ ដោយការ​វិនិយោគ​​នៅក្នុងការធ្វើទំនើបកម្ម និងការសម្របទៅនឹងបណ្តាញ ព្រមទាំងកាត់បន្ថយ​ការ​ពន្យាពេល និងភាពស្មុគស្មាញនៅក្នុងបែបបទរដ្ឋបាលផងដែរ។

សម្រាប់ប្រទេសដទៃៗ ទៀត ការចូលទៅកាន់ហិរញ្ញវត្ថុបាន និងការដាក់ឲ្យដំណើរការនូវ​ក្របខណ្ឌច្បាប់រឹងមាំ គឺត្រូវធ្វើជាដាច់ខាត ហើយព្រមទាំងមានការកំណត់នូវគោលដៅនៃ​ការស្ថាបនា​ថាមពលកកើតឡើងវិញផងដែរ ហើយដែលគោលដៅមួយចំនួននៅមិនមានទេ នៅ​​ក្នុ​ងប្រទេសខ្លះ។

Daily Program

Livesteam thumbnail