ការកកើតផ្ទៃដុំទឹកកកកើនទាបបំផុតនៅក្នុងពិភពលោកដែលមានកម្តៅលើសពី​បទដ្ឋាន

ដុំទឹកកកនៃពិភពលោកដែលជ្រៅបំផុត រងមហន្តរាយដោយសារកម្តៅពិភពលោក​ដែល​ជានិច្ចកាល​កើនឡើង។ បន្ទាប់ពីឆ្នាំ២០២៤ ឆ្នាំ២០២៥ ក៏បង្ហាញនូវការឡើងកម្តៅបន្ត ​២​ឆ្នាំ​ជាប់ៗ​គ្នា និងការពិនិត្យឃើញ​កម្តៅឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។

យោងតាមព្រឹត្តិបត្រមួយ ចេញផ្សាយប្រចាំខែ ដោយការអង្កេតអឺរ៉ុប កូពែរនីគូស បានឲ្យដឹង​ថា ​​កាល​​ពីខែកុម្ភៈ ឆ្នាំ២០២៥ ផ្ទៃកំណើននៃដុំទឹកកកនៅជុំវិញប៉ូលទាំងពីរ មានកម្រិតទាបជា​ប្រវត្តិសាស្រ្ត។ រដូវរងាបីខែនៅអឌ្ឍគោលខាងជើង ពីខែធ្នូ ដល់ខែកុម្ភៈ មានកម្តៅ​ស្ទើ​តែ​ក្តៅ​ដូច​ឆ្នាំមុន ដែលមានកម្តៅស្ថិតក្នុងកម្រិតឯកតកម្ម។

នៅក្នុងសេចក្តីប្រកាសមួយ លោកស្រី សាម៉នថា បឺហ្ស៉េស ពីមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការ​បង្ការ​ខាងឧតុនិយមរយៈពេលមធ្យម បានប្រាប់ឲ្យដឹងថា ៖​ ”ខែកុម្ភៈ ឆ្នាំ២០២៥ ចូលនៅក្នុង​បញ្ជី​នៃ​កម្រិតសីតុណ្ហភាពឯកតកម្មបន្តបន្ទាប់គ្នា ឬស្ទើតែជា​ឯកតកម្មក្នុងពីរឆ្នាំចុងក្រោយនេះ ក្រោមឥទ្ធិពលនៃការកើនកម្តៅអាកាសធាតុ។” លោកស្រី បានបន្ថែមថា ៖ “វិបាកមួយក្នុង​ចំណោម​វិបាកទាំងឡាយនៃពិភពលោកដែលក្តៅបំផុត គឺការរលាយទឹកកកនៅក្នុងសមុទ្រ ដែល​​ធ្វើឲ្យមានកំណើនកម្ពស់ទឹក ការរីកសាយភាយនៃដុំទឹកកកតូចៗ”។

កូពែនីគូស បង្ហាញថា ដុំទឹកកកធំៗ រលាយជាធម្មជាតិនៅរដូវក្តៅ​ ដែលនៅពេលនេះនៅ​ទ្វីប​អង់តាកទិក និងកកើតឡើង​នៅរដូវរងា​នៅទ្វីបអាកទិក ប៉ុន្តែវាមានអត្រាថយចុះ។ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ កម្រិតឯកតកម្មកំណើនដ៏ទាបបំផុត ​បានមាន​ឡើង​ពាក់ព័ន្ធ​នឹងផ្ទៃ​នៃ​ដុំ​ទឹកកក​យក្ស​​នៅបរិវេញទ្វីបអាកទិក និងអង់តាកទិក។ កូពែនីគូស រៀបរាប់​ទៀត​ថា ដុំទឹកកក​យក្ស​នៅ​ទ្វីបអង់តាកទិច ថយចុះ ២៦% ក្នុងកម្រិតមធ្យម​ប្រចាំរដូវ​ក្តៅនៅ​អឌ្ឍគោល​ខាងត្បូង។

ភពផែន​ដី​ចាប់ផ្តើមឆ្នាំទី៣ ដែលមានសីតុណ្ហភាពកើនឡើងជាប្រវត្តិសាស្រ្តយ៉ាងច្បាស់ បន្ទាប់​ពីឆ្នាំ​២០២៤ ដែលក្លាយ​ជាឆ្នាំដែលក្តៅបំផុតដែលគេមិនធ្លាប់បានវាស់វែង។

អ្នកអាកាសធាតុព្យាករសម្រាប់អាកាសធាតុពិភពលោកកើនជាពិសេសចាប់តាំងពីពីរឆ្នាំ​​ដែល​មានការថយចុះ​ បន្ទាប់ពីមានការបញ្ចប់វដ្តិបាតុភូតអេល នីណូ ដែលជាបាតុភូតកើនកម្តៅ​បន្ថែម ដែលបានឈាន​ដល់កម្រិតខ្ពស់របស់វានៅខែមករា ឆ្នាំ២០២៤។

កូពែនីគូស បញ្ជាក់ថា ទែម៉ូម៉ែត្រវាស់សីតុណ្ហភាពបន្តកើនឡើង ឬសរសៀក្បែរៗ កម្រិត​ឯកតកម្ម។ សូម្បីកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក៏ជាខែកុម្ភៈទី៣ ដែលមានកម្តៅខ្ពស់បំផុតនៅ​ប៉ុន្មាន​​​ឆ្នាំ​ចុងក្រោយនេះ។ កូពែនីបញ្ជាក់ដែរថា កម្តៅស្ថិតនៅលើសពីកម្រិតបទដ្ឋាន ដែល​កម្រិត​​កម្តៅ​កើនឡើងមិនឲ្យលើសពី 1,5°C បើប្រៀបធៀបនឹងកម្រិតមុនយុគសម័យ​ឧស្សាហកម្ម។កម្រិត​នេះ បានមកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីអាកាសធាតុដើម្បី​បញ្ចៀស​កំណើន​នៃមហន្តរាយអាកាសធាតុពិភពលោក។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹង​ថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវឆ្លងហួស​កម្រិតកំណត់នេះចាប់ពីទសវត្សឆ្នាំ​២០៣០។ ប៉ុន្តែ​ការសិក្សាថ្មីៗ ក៏ផ្តល់គំនិតថា ការឆ្លងហួស​នេះ​អា​ចនឹងកើតមានឡើងមុនឆ្នាំ​២០៣០ផង។

ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានកត់សម្គាល់ផងដែរដោយមានភ្លើងឆេះធំៗ នៅប្រទេស​អាហ្ស៉ង់ទីន ព្យុះ​ស៊ីក្លូនជាច្រើននៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក និងប៉ាស៊ីហ្វីកខាងត្បូង។ មួយ​ផ្នែក​ដ៏ធំនៃ​ទ្វីប​អាកទិក ជួរភ្នំអាល់នៅអឺរ៉ុប និងភ្នំហិមាល័យ តំបន់ស្កង់ឌីណាវ ភាគ​ខាង​ជើង​ប្រទេស​ស៊ីលី អាហ្ស៉ង់ទីន ម៉ិកស៊ីក ឥណ្ឌា ឬរដ្ឋហ្វ៉្លរីដា បានជួបសីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២៥។ ប៉ុន្តែរលកត្រជាក់ក៏ត្រូវបានពិនិត្យឃើញងផងដែរនៅភាគខាងលិច​នៃ​សហរដ្ឋអាម៉េរិក ហើយវាក៏ត្រជាក់ខ្លាំងនៅប្រទេសទួរគី អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ព្រម​ទាំង​​មួយផ្នែកដ៏ធំនៃតំបន់អាស៊ីបូព៌ា។

 

Daily Program

Livesteam thumbnail