កម្ពុជារកឃើញប្រភេទតុកកែ និងជីងចក់ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក

តុកកែ១ប្រភេទ និងជីងចក់២ប្រភេទដែលក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងសាកលវិទ្យាល័យ La Sierra រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។
អង្គការ Fauna & Flora បានឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ថា ប្រភេទថ្មីទាំង៣នេះរួមមាន៖ ទី១- តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ ទី២- ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ ទី៣- ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។
ការរកឃើញនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ភ្នំថ្មកំបោរនៅកម្ពុជា ដែលជាជម្រកនៃជីវៈចម្រុះពិសេសៗដែលមានតែនៅប្រទេសកម្ពុជា ប៉ុន្តែតំបន់ភ្នំថ្មកំបោរជាច្រើន នៅពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ហើយអ្នកវិទ្យាសាស្ត្រជឿថា ប្រភេទសត្វកម្រជាច្រើនទៀតអាចនឹងមានវត្តមានរស់នៅទីនោះ។
អង្គការ Fauna & Flora សង្ឃឹមថាការរកឃើញនេះនឹងជួយពង្រឹងដល់ការការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះឱ្យកាន់តែប្រសើរឡើង។ ការស្រាវជ្រាវនេះគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming៕






Daily Program
