កម្តៅក្តៅខ្លាំងហួសហេតុ ៖ ប្រព័ន្ធអាហារ និងប្រជាជន កំពុងដកដង្ហើមចុងក្រោយ

យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលផ្សព្វផ្សាយនៅឱកាសទិវាផែនដីជាមាតា បានឲ្យដឹងថា រលកកម្តៅក្តៅហួសហេតុបានលេចឡើងជាការគំរាមកំហែងដ៏ សម្បើម។ វា​បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនច្រើនជាង ១ពាន់លាននាក់ ដោយ ប៉ះពាល់ ដល់ចំណូល សុខភាព និងការងាររបស់ពួកគេ ព្រមទាំងវាយប្រហារដោយផ្ទាល់ដល់ដំណាំ ការចិញ្ចឹមសត្វ និងធនធានជលផល។ល។

យោងតាមអង្គការសហប្រជាជាតិសម្រាប់ចំណីអាហារ និងកសិកម្ម និងអង្គការឧតុនិយម​ពិភពលោក បានឲ្យដឹងថា ភាពញឹកញាប់ វិសាលភាព និងរយៈពេលនៃភាគបន្តបន្ទាប់ នៃ កម្តៅក្តៅហួសហេតុ បានកើនឡើងយ៉ាងខ្លាំងក្លានៅអំឡុង​៥០ឆ្នាំចុងក្រោយនេះ និងមាន​ហានិភ័យដល់ប្រព័ន្ធកសិកម្ម ចំណីអាហារ និងប្រព័ន្ធបរិស្ថាន ​នាពេលអនាគត។

ឯកសារសិក្សាស្រាវជ្រាវបានពិព៌នាអំពីទិដ្ឋភាពវិទ្យាសាស្រ្តនៃកម្តៅក្តៅខ្លាំងហួសហេតុ ភាព​ងាយ​រងគ្រោះ ឥទ្ធិពល​ដែលបានពិនិត្យឃើញ និងការព្យាករលើកសិកម្ម យុទ្ធសាស្រ្តនៃការ​សម្រប​ខ្លួន ព្រមទាំងការសិក្សាករណី និងសំណើអំពីការផ្តល់អនុសាសន៍ខាងនយោបាយ។

នៅក្នុងសេចក្តីប្រកាសមួយ លោកសេឡេស សូឡូ អគ្គលេខានៃអង្គការឧតុនិយមពិភពលោក បានថ្លែងថា ៖ ”លើសពីគ្រាន់តែជាគ្រោះថ្នាក់ធម្មជាតិធម្មតា កម្តៅក្តៅហួសហេតុ​លេចឡើង​ជា​កត្តានៃហានិភ័យធ្ងន់ធ្ងរ និងពង្រីកភាពទន់ខ្សោយដែលមាន​នៅក្នុងប្រព័ន្ធកសិកម្ម។”

យោងតាមរបាយការណ៍ វិសាលភាពនៃកម្តៅក្តៅខ្លាំងហួសហេតុកើនទ្វេជាមួយនិងផែនដី​កើន​កម្តៅ​ប្រមាណ ២ °C និង ៤ដង ជាមួយនឹងការកើនកម្តៅ ៣ °C បើប្រៀបធៀប​នឹង​ការ​កើន​កម្តៅ ១,៥ °C នៃសីតុណ្ហភាពមធ្យមរបស់ពិភពលោក។

សម្រាប់ភាគច្រើននៃដំណាំកសិកម្មសំខាន់ៗ ទិន្នផលចាប់ផ្តើមថយចុះ នៅពេលសីតុណ្ហភាព​កើនលើស ៣០ °C ហើយសូម្បីតែសីតុណ្ហភាពទាបជាងនេះសម្រាប់ដំណាំខ្លះ ដូចជា ដំឡូង និងស្រូវសាលីក៏ធ្លាក់ទិន្នផលដែរ។

ទោះបីជាយ៉ាងណា ភាពងាយរងផលប៉ះពាល់របស់ដំណាំចំពោះសីតុណ្ហភាពខ្ពស់ ប្រែប្រួល​ទៅ​តាមលក្ខខណ្ឌតំបន់ និងភាពញឹកញាប់នៃកម្តៅ។ របាយការណ៍អធិប្បាយថា ចន្លោះពី​ខែ​មីនា ដល់ខែមិថុនា ឆ្នាំ២០២៥ មួយផ្នែកនៃជួរភ្នំ ហ្វ៊ែហ្គាណា គៀហ្គីហ្ស៊ីស្តង់ បានជួប​នូវរយៈ​ពេល​​នៃ​កម្តៅ ៣០,៨°C បន្លាយដ៏យូរ ឬ ១០ °C ជាកម្តៅខ្ពស់ជាងកម្តៅជាធម្មតា។វា​បង្កការវាយប្រហារកម្តៅនៅលើដំណាំហូបផ្លែ និងធញ្ញជាតិ និងចូលរួមចំណែក​ធ្វើ​ឲ្យមានការ​លុក​លុយរបស់សត្វកណ្តូប ការសាយភាយចំហាយទឹកកើនឡើង និងកាត់បន្ថយ​សមត្ថភាព​នៃ​ប្រព័ន្ធស្រោចស្រព និងចុងក្រោយ ធ្វើឲ្យមានការថយចុះ ២៥% នៃទិន្នផល​គ្រាប់ធញ្ញជាតិ។

ចំពោះពូជសត្វចិញ្ចឹមជាញឹកញាប់ ស្រ្តេសពួកវានឹងចាប់ផ្តើមមាន នៅ​ពេលពេលសីតុណ្ហភាព​ឡើង​លើស ២៥ °C និងតិចជាងនេះបន្តិចសម្រាប់មាន់ និងជ្រូក ដែលខ្លួនរបស់ពួកវាមិនសូវ​មាន​សមត្ថភាព​បន្ថយកម្តៅតាមរយៈការដកដង្ហើម។ លើសពីនេះ សម្រាប់សីតុណ្ហភាពនេះ ពពួកសត្វ​នឹងចាប់​ផ្តើម​ឈឺ។

លោកឈូ ដុងយូ អគ្គនាយកនៃអង្គការស្បៀងអាហារពិភពលោក បានទទូចថា ៖ ”ការងារនេះ​បង្ហាញ​យ៉ាងច្បាស់ថា កម្តៅក្តៅខ្លាំងហួសហេតុ គឺជាកត្តាបង្កើនហានិភ័យដ៏ចម្បងច្រើន​ស្មុគស្មាញ និងធ្វើឲ្យមានសំពាធកើនឡើងលើដំណាំ សត្វពាហនៈ ការនេសាទ និងព្រៃឈើ ព្រម​ទាំងសហគមន៍ប្រជាជន និងសេដ្ឋកិច្ចដែលពួកគេ​អាស្រ័យលើ។”

សញ្ញាណនៃកត្តាពហុរួមផ្សំនៃហានិភ័យ ក៏ស្ថិតនៅចំកណ្តាល​ដើម្បីយល់អំពីធម្មជាតិនៃ​ឥទ្ធិពលពីកម្តៅក្តៅហួសហេតុ។ គ្រោះរាំងស្ងួត​ដែលកើតភ្លាមៗ គឺជារឿយៗ បង្កឲ្យ​មាន​នៃ​ភាពញឹកញាប់នៃកម្តៅខ្លាំងហួសហេតុជាបន្តបន្ទាប់​ដែលនឹងធ្វើឲ្យបាត់បង់សំណើមនៃ​ស្រទាប់​ដី​​​កសិកម្ម។

 

Daily Program

Livesteam thumbnail