«សត្វត្រដក់ធំ»៦ក្បាលកំពុងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

សត្វត្រដក់ធំ តែងតែមានវត្តមានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ជារាងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ខែសីហា ឬខែកញ្ញា (អាស្រ័យលើកម្ពស់ទឹកជំនន់)។ នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះដែរ សត្វត្រដក់ធំ បានវិលត្រលប់មករកចំណីក្នុងតំបន់ដីសើមនេះតាមធម្មតា និងរហូតមានដល់ពេលនេះអង្គការជីវិតធម្មជាតិនៅកម្ពុជា កត់ត្រាបានចំនួន ៦ក្បាល។

សត្វត្រដក់ធំ មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubius ជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN។ សត្វនេះ ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពងកូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាបន្ទាយពងកូនធំជាងគេទីពីរលើពិភពលោក។

សត្វត្រដក់ធំ មានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោមសនៅគល់ក និងថង់យាមមួយនៅករបស់វា។ ចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ។

សូមជម្រាបថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានរាជរដ្ឋាភិបាលកំពុងដំណើរការដាក់ជា«តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះ ផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុប ចំនួន ៦។ ខណៈបច្ចុប្បន្នកម្ពុជាមានតំបន់រ៉ាមសារចំនួន៥ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន៕

Daily Program

Livesteam thumbnail