អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ តាមលូកា ៩,១-៦ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព ថ្ងៃនេះព្រះសហគមន៍កាតូលិករំលឹកបុណ្យសន្តវិនសេន ដឺប៉ូល។ សន្តវិនសេន ដឺប៉ូលបានជួយអ្នកក្រីក្រឱ្យមានជីវិតដ៏មានតម្លៃ។

ក្នុងឱកាសបុណ្យសន្តវិនសេនដឺប៉ូល អត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះតាមលោកលូកា ៩,១-៦។ ព្រះយេស៊ូមានព្រះបន្ទូលអំពីការជ្រើសរើសសាវ័ក និងការចាត់ឱ្យ​សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ។ មុនចាត់សាវ័កដប់ពីររូប ព្រះយេស៊ូត្រាស់ហៅសាវ័កដប់ពីររូបមកជួបជុំគ្នា ហើយទ្រង់ប្រទានឫទ្ធានុភាព និងអំណាចឱ្យគេបណ្តេញអារក្សទាំងអស់ និងមើលជំងឺផ្សេងៗឱ្យបានជា​។ ពិតមែនព្រះយេស៊ូបានត្រាស់ហៅសាវ័កដប់ពីររូប ហើយប្រទានឫទ្ធានុភាព និងអំណាចដល់ពួកគេ។ ព្រះយេស៊ូចែករំលែកបេសកកម្មរបស់ព្រះអង្គជាមួយសាវ័កដប់ពីររូប។ ព្រះអង្គប្រោសប្រទានសាវ័កដប់ពីររូបឱ្យចូលរួម ប្រកាសអំពីព្រះរាជ្យរបស់ព្រះជាអម្ចាស់ ព្រមទាំងមើលជំងឺនានាឱ្យបានជាផង។

បងប្អូនជាទីគោរព ព្រះយេស៊ូត្រាស់ហៅយើងជាគ្រីស្តបរិស័ទចូលរួមក្នុងបេសកកម្មរបស់ព្រះអង្គគឺប្រកាសអំពីព្រះរាជ្យរបស់ព្រះជាអម្ចាស់ ដោយជួយដល់អ្នកជំងឺ ចាស់ជរា​ ក្មេងកំព្រា អ្នកពិការ អ្នកជំពាក់ខ្លួនអ្នកជាប់មន្ទីរឃុំឃាំង និងអ្នកក្រីក្រឱ្យមានសេចក្តីសង្ឃឹមឡើងវិញ។ បងប្អូនជាទីគោរពនៅក្នុងអត្ថបទនេះដែរ ព្រះយេស៊ូមានព្រះបន្ទូលប្រៀនប្រដៅសាវ័កដប់ពីររូបថា ពេលអ្នករាល់គ្នាចេញទៅកុំយកអ្វីទៅតាមឡើយ ទោះបីដំបងក្តី ថង់យាមក្តី ចំណីអាហារក្តី ឬប្រាក់កាសក្តី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ ។ សាវ័ករបស់ព្រះអង្គត្រូវការទឹកចិត្តទាំងស្រុងទៅលើព្រះជាអម្ចាស់ ព្រះជាអម្ចាស់ថែរក្សាការពារ និងគាំទ្រអ្នកប្រកាសដំណឹងល្អច្រើងដងច្រើនសារ។ របស់របរ និងទ្រព្យសម្បត្តិដែលយើងមាន  មិនអនុញ្ញាតឱ្យយើងទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះអម្ចាស់។

បងប្អូនជាទីគោរពជាទីបញ្ចប់អត្ថបទនេះ រំលឹកគ្រីស្តបរិស័ទអំពីឧបសគ្គ និងការបដិសេធក្នុងការប្រកាសព្រះបន្ទូលដំណឹងល្អនៅច្រើនកន្លែង ។ បងប្អូនមិនព្រមស្តាប់ព្រះបន្ទូលរបស់ព្រះអង្គទេ បងប្អូនខ្លះមិនព្រមទទួលស្វាគមន៍គ្រីស្តបរិស័ទទេ ឬស្អប់គ្រីស្តបរិស័ទដោយសារពួកគេរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គ ឬដើរតាមមាគ៌ារបស់ព្រះអង្គ ។ ព្រះយេស៊ូរំលឹកយើងថា មិនមែនមកពីគ្រីស្តបរិស័ទខុស ឬមកពីព្រះបន្ទូលដែលគេប្រកាសមិនល្អទេ  នោះមកពីអ្នកស្តាប់ព្រះបន្ទូលនោះមានចិត្តគំនិតរឹងរូស  ហើយមិនព្រមទទួលព្រះបន្ទូលរបស់ព្រះអង្គ។ តាមរយៈអត្ថបទថ្ងៃនេះ និងតាមរយៈការអធិដ្ឋាន របស់សន្តវិនសេន ដឺប៉ូល សូមព្រះជាអម្ចាស់ណែនាំគ្រីស្តបរិស័ទទាំងអស់ចេះឆ្លើយតបការត្រាស់ហៅរបស់ព្រះអង្គ ហើយប្រកាសដំណឹងល្អតាមរយៈពាក្យសម្តី កាយវិការ ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

 

Daily Program

Livesteam thumbnail