អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣ តាមលូកា ១២,៣៩-៤៨ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរពនៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះ តាមលោកលូកា១២,៣៩-៤៩ ព្រះយេស៊ូមានព្រះបន្ទូលអំពីអ្នកបម្រីដ៏ស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់។
អ្នកបម្រើស្មោះត្រង់ប៉ិនប្រសប់ថែរក្សាកិត្តិយស និងការទទួលខុសត្រូវជាអ្នកបម្រើល្អ។ អ្នកបម្រើបែបនេះផ្តល់ប្រាក់ខែ និងម្ហូបអាហារដល់អ្នកដែលធ្វើការក្រោមការគ្រប់គ្រងរបស់គេ។ អ្នកបម្រើដែលមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ប្រុងប្រយ័ត្ន និងប្រុងស្មារតីជានិច្ច។ ពួកគេរង់ចាំម្ចាស់ត្រឡប់មកវិញ ពួកគេមានសុភមង្គល ហើយម្ចាស់មុខជានឹងទុកប្រាក់ឱ្យគេមើលខុសត្រូវលើអ្នកបម្រើឯទៀតៗក្នុងការចែកម្ហូបឱ្យគេ។
សេចក្តីសរុបមកថា ម្ចាស់នឹងពេញចិត្តជាមួយនឹងអ្នកបម្រើដែលមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់។ ផ្ទុយទៅវិញអ្នកបម្រើដែលមិនមានចិត្តស្មោះត្រង់ មិនទទួលរង្វាន់ពីម្ចាស់ទេ អ្នកបម្រើមិនស្មោះត្រង់មានចិត្តអាក្រក់ និងចិត្តសាហាវធ្វើបាបអ្នកដែលក្រោមការគ្រប់គ្រងរបស់ពួកគេ គេមិនបំពេញតួនាទីរបស់គេ ដោយសេចក្តីស្រឡាញ់ និងយុត្តិធម៌ឡើយ។
បងប្អូនជាទីស្រឡាញ់តាមរយៈអត្ថបទនេះ លោកលូកាបង្ហាញថា ព្រះយេស៊ូមានព្រះបំណងពិនិត្យមើលអ្នកសម្របសម្រួលព្រះសហគមន៍ និងអ្នកបម្រើទាំងពីរដែលមានតួនាទីនៅក្នុងព្រះសហគមន៍។ អ្នកបម្រើទាំងពីរត្រូវការបំពេញតួនាទីរបស់ពួកគេដោយសេចក្តីស្រឡាញ់ និងយុត្តិធម៌។ ជួនកាលអ្នកដឹកនាំព្រះសហគមន៍ជួបប្រទះការល្បួង ប្រើប្រាស់អំណាចរបស់ពួកគេមិនមែនជាប្រយោជន៍ដល់ព្រះសហគមន៍ទេ។ ដូច្នេះអត្តបទថ្ងៃនេះប្រាប់គ្រីស្តបរិស័ទ បញ្ជាក់ថា ព្រះយេស៊ូត្រាស់ហៅគ្រីស្តបរិស័ទក្លាយទៅជាអ្នកបម្រើដែលមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់។
បងប្អូនជាទីគោរពអត្ថបទនេះ រំលឹកគ្រីស្តបរិស័ទថា ព្រះជាអម្ចាស់ប្រោសប្រទានការងារឱ្យគ្រីស្តបរិស័ទតាមសមត្ថភាពរៀងៗខ្លួន ព្រះអង្គមិនប្រោសប្រទានតួនាទីឱ្យលើសពីសមត្ថភាពរបស់យើងទេ ដូច្នេះគ្រីស្តបរិស័ទត្រូវតែបំពេញតួនាទីរបស់ពួកគេនៅក្នុងព្រះសហគមន៍។ នៅក្នុងអត្ថបទថ្ងៃនេះ ជំពូក១២,៣៩-៤៩ ព្រះយេស៊ូមានព្រះបន្ទូលថា បើគេឱ្យអ្វីច្រើនទៅអ្នកណា នឹងទារពីអ្នកនោះវិញច្រើនដែរ បើគេទុកប្រាក់ច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញយ៉ាងច្រើនថែមទៀត។
បងប្អូនជាទីគោរព! តាមរយៈការទទួលអគ្គសញ្ញាជ្រមុជទឹក គ្រីស្តបរិស័ទបានទទួលមុខងារបីគឺ ជាព្យាការី ជាស្តេច និងជាបូជាចារ្យ។ ប៉ុន្តែក្នុងចំណោមគ្រីស្តបរិស័ទព្រះជាអម្ចាស់ត្រាស់ហៅខ្លះ ហើយទុកដាក់ការងារច្រើនដល់គេ ដូចជាសម្តេចប៉ាប លោកអភិបាល លោកបូជាចារ្យ ឧបដ្ឋា បងប្រុសបងស្រី គ្រូអប់រំជំនឿ មានបន្ទុបដឹកនាំព្រះសហគមន៍ ពួកគេត្រូវការបំពេញការងារច្រើនជាងគ្រីស្តបរិស័ទធម្មតា ប៉ុន្តែការពិតគ្រីស្តបរិស័ទទាំងអស់គ្នាបង្កើតព្រះសហគន៍៍គឺជាព្រះកាយព្រះគ្រីស្ត ហើយព្រះសហគមន៍បន្តបេសកកម្មរបស់ព្រះយេស៊ូគ្រីស្តនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ ពួកយើងសុំទូលអង្វរព្រះជាម្ចាស់ ពួកយើងទាំងអស់គ្នាក្លាយជាអ្នកបម្រើមានចិត្តស្មោះត្រង់។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕