អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ តាមសន្តលូកា ៧,១១-១៧ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជម្រាបសួរបងប្អូនជាទីស្រលាញ់ នៅថ្ងៃយើងស្ដាប់ព្រះបន្ទូលជាការអស្ចារ្យម្យ៉ាងដែលព្រះយេស៊ូបានធ្វើគឺព្រះអង្គបានឃើញក្បូនហែរសពរបស់មនុស្សស្លាប់ម្នាក់ដែលជាកំលោះពេញវ័យម្នាក់ហើយក៍ជាកូនរបស់ស្ត្រីម៉េម៉ាយទៀត។ នៅក្នុងព្រះបន្ទូលនេះ គាត់ឱ្យចាប់អារម្មណ៍ថា ព្រះយេស៊ូបានបង្ហាញព្រះហឬទ័យអាណិតអាសូរមានន័យថា ព្រះអង្គមានចិត្តមេត្តាករុណា ចិត្តអាណិតមេត្តាមែនទែន គួរឱ្យអាណិតមេត្តាដល់នរណា ដោយសារអ្នកដែលកំពុងតែរងទុក្ខលំបាកមិនមែនតែប្រជារាស្ត្រធម្មតា មិនមែនជាអ្នកមាន មិនមែនជាអ្នកដែលមានសមត្ថភាពនៃការផ្គត់ផ្គង់ខ្លួនឯងបានទេ គាត់ជាស្រ្តីមេម៉ាយ គាត់អត់មានប្ដី អីលូវនេះកូនដែលគាត់សង្ឃឹមថាអនាគតជាកម្លាំងរបស់ គ្រួសារក៍ត្រូវបានស្លាប់ទៀត នេះហាក់ដូចជាស្រ្តីមេម៉ាយនេះអស់រលីងតែម្ដង ការរស់នៅក៍ពិបាក ព្រះយេស៊ូគាត់យល់ស្ថានភាពបែបនេះហើយឃើញថាប្រសិនបើព្រះអង្គអាចជួយធ្វើបាន ព្រះអង្គត្រូវតែធ្វើហើយ ដូច្នេះយើងបានឃើញអ្វីដែលព្រះយេស៊ូធ្វើគឺព្រះអង្គជួយឱ្យស្រ្តីមេម៉ាយនឹងមានកម្លាំងឡើងវិញគឺដោយសារឱ្យកូនរបស់នាង មានជីវិតឡើងវិញថ្មី ដូច្នេះចិត្តអាណិតមេត្តាជាលក្ខណៈរបស់មនុស្សដែលមានសេចក្ដីស្រលាញ់ហើយនេះជាលក្ខណៈរបស់យើងជាគ្រីស្តបរិស័ទទាំងអស់គ្នាដែរ។ គ្រីស្តបរិស័ទត្រូវតែមានចិត្តមេត្តា ចិត្តអាណិតមេត្តា ក្រោយមកដោយសារចិត្តអាណិតមេត្តា សេចក្ដីស្រលាញ់ដែលយើងធ្វើដូចព្រះយេស៊ូ ជួយអ្នកដែលកំពុងរងទុក្ខវេទនា សព្វគ្រប់បែបយ៉ាងដែលយើងអាចធ្វើបាន។ ទីពីសម្រាប់ព្រះបន្ទូលថ្ងៃនេះគឺការរស់ឡើងវិញ ក្មេងនេះបានរស់ឡើងវិញម្ដងទៀតប៉ុន្តែថ្ងៃណាមួយពួកគាត់ក៍នឹងស្លាប់ដែរ ប៉ុន្តែបងប្អូនដឹងទេការរស់ឡើងវិញរបស់ក្មេងកំលោះនៅថ្ងៃនេះ ព្រះយេស៊ូកំពុងបង្ហាញថានៅថ្ងៃណាមួយឬថ្ងៃក្រោយទៀត ព្រះយេស៊ូនឹងធ្វើឱ្យមានការរស់ឡើងវិញដ៍អស្ចារ្យមួយដែរគឺមកពីខ្លួនព្រះអង្គផ្ទាល់ហើយខុសពីក្មេងកំលោះនោះទៀតគឺដោយសារក្មេងកំលោះនឹងរស់ឡើងវិញហើយគាត់ក៍ស្លាប់ទៀត ប៉ុន្តែព្រះយេស៊ូនៅពេលក្រោយព្រះអង្គនឹងរស់ឡើងវិញអស់កល្បជានិច្ច មានជីវិតជារៀងរហូត។ បាទដូច្នេះនេះជាការលើកទឹកចិត្តយើង ម៉្យាងថា អស់អ្នកណាមានជីវិតភ្ជាប់ជាមួយព្រះយេស៊ូគ្រីស្ត ទោះបីយើងធ្លាក់ទាំងអស់នៅក្នុងជីវិតរបស់យើងសូម្បីតែរហូតដល់ថ្ងៃស្លាប់ ក៍យើងមានព្រះយេស៊ូគ្រីស្តដែលជាចំណុចសំខាន់ក្នុងជីវិតរបស់យើង ដើម្បីយើងចាប់យកទៅតាមព្រះអង្គដើម្បីមានជីវិតថ្មី ដ៍រុងរឿងជាមួយព្រះអង្គដែរ សូមបងប្អូនរក្សាជំនឿរបៀបនេះនឹងនៅពេលយើងកំពុងធ្វើដំណើរនេះឱ្យមានចិត្តអាណិតមេត្តាដល់អ្នកដទៃដូចគ្នាដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អន។អាម៉ែន៕