អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ តាមលូកា ១០,១-៩ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព ថ្ងៃនេះជាបុណ្យគោរពសន្តលូកាជាអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ។ លោកលូកាជាគ្រូពេទ្យ ជាមិត្តសម្លាញ់របស់គ្រីស្តទូតប៉ូល ហើយធ្វើដំណើរប្រកាសដំណឹងល្អជាមួយលោកដែរ។ លោកបង្ហាញ និងបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាអម្ចាស់ចំពោះមនុស្សតូចតាច និងចំពោះអ្នកបាប។

នៅក្នុងបុណ្យគោរពសន្តលូកា ពួកយើងរិះគិតពិចារណាអត្ថបទព្រះគម្ពីរតាមសន្តលូកាជំពូក១០ ,១-៩។ នៅក្នុងអត្ថបទថ្ងៃនេះ ព្រះយេស៊ូចាត់សាវ័កចិតសិបពីររូបទៅផ្សាយដំណឹងល្អ ព្រះអង្គចាត់ចិតសិបពីររូប ពីរៗនាក់ឱ្យទៅតាមភូមិតាមស្រុកនានាដែលព្រះអង្គបម្រុងនឹងទៅ។

បងប្អូនជាទីគោរពដូចព្រះយេស៊ូចាត់សាវ័កចិតសិបពីររូប ព្រះអង្គក៏ចាត់គ្រីស្តបរិស័ទដើម្បីផ្សាយដំណឹងល្អ។  តាមអត្ថបទនេះព្រះយេស៊ូណែនាំគ្រីស្តបរិស័ទ​ពីរបៀបបំពេញបេសកកម្មប្រកាសដំណឹងល្អ គឺអ្នកប្រកាសដំណឹងល្អត្រូវតែទៅដល់ផ្ទះ និងភូមិនានា អ្នកប្រកាសដំណឹងល្អមិនត្រូវការរង់ចាំ ឬទាមទារបងប្អូនគ្រីស្តបបរិស័ទ និងពុទ្ធបរិស័ទមកជួបយើងនៅក្នុងព្រះវិហារ ឬនៅក្នុងផ្ទះយើងទេ។ ផ្ទុយទៅវិញអ្នកប្រកាសដំណឹងល្អត្រូវទៅតាមភូមិ និងស្រុកនានា ដើម្បីជួប និងសួរសុខទុក្ខអ្នកតូចតាច ក្មេងកំព្រា អ្នកជំងឺ និងចាស់ជរា។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កចិតសិបពីរនាក់ថា ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក ហេតុនេះចូលអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតឱ្យមកនៅក្នុងស្រែរបស់លោក។

បងប្អូនជាទីគោរព នៅក្នុងអត្ថបទនេះ ស្រូវដែលត្រូវច្រូតគឺជាគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទដែលមានច្រើន រីឯ​អ្នកច្រូតមានតិចពេក។ ដូច្នេះ ពួកយើងត្រូវការអង្វរព្រះជាម្ចាស់ ដែល​ជាម្ចាស់ស្រែឱ្យចាត់អ្នកច្រូត គឺអ្នកប្រកាសដំណឹងល្អ អ្នកបួស ឬអ្នកស្ម័គ្រចិត្ត និងគ្រូអប់រំជំនឿ។

បងប្អូនជាទីគោរព ព្រះយេស៊ូអញ្ជើញយុវជន និងយុវនារីដែលយកចិត្តទុកដាក់ក្នុងការងារព្រះសហគមន៍នៅក្នុងអត្ថបទនេះដែរ។ ព្រះយេស៊ូជ្រើសរើសសាវ័កចិតសិបពីររូប ហើយចាត់គេឱ្យទៅពីរៗនាក់ ដោយមានព្រះបន្ទូលថា  ខ្ញុំចាត់ឱ្យអ្នករាល់គ្នាទៅដូចជាឱ្យកូនចៀមនៅកណ្តាលហ្វូងចចក កុំយកប្រាក់ ចង់យាម ឬស្បែកជើងទៅជាមួយឡើយ កុំជម្រាបសួរអ្នកណានៅតាមផ្លូវ។ តាមអត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលរំលឹកថា អ្នកប្រកាសដំណឹងល្អជួបប្រទះឧបសគ្គ និងទុក្ខលំបាកនៅទឹកដីបេសកកម្ម បងប្អូនខ្លះនៅភូមិស្រុកខ្លះៗបដិសេធមិនព្រមស្តាប់ និងទទួលព្រះបន្ទូលដំណឹងល្អទេ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលថា  អ្នកណាមិនព្រមស្តាប់អ្នករាល់គ្នា ក៏ដូចជាមិនស្តាប់ព្រះអង្គដែរ។

ព្រះយេស៊ូរំលឹកថាអ្នកប្រកាសដំណឹងល្អត្រូវការជំនឿទៅលើការប្រណីសន្តោស  និងធម្មមេត្តាករុណារបស់ព្រះជាអម្ចាស់។ ទីបញ្ចប់ព្រះយេស៊ូក៏រំលឹកគ្រីស្តបរិស័ទថា អ្នកប្រកាសដំណឹងល្អ ត្រូវការផ្ញើជីវិតទាំងស្រុងទៅលើព្រះជាអម្ចាស់។

នៅថ្ងៃគោរពបុណ្យសន្តលូកាពួកយើងសុំអង្វរព្រះជាអម្ចាស់​  សុំព្រះអង្គ​ប្រទានពរឱ្យគ្រីស្តបរិស័ទទាំងឡាយមានឆន្ទៈប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង​។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail