អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៧,១១-១៩ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមលោកលូកាជំពូក១៧,១១-១៩ ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យជា ប៉ុន្តែមានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាអម្ចាស់។ នៅក្នុងអត្ថបទនេះព្រះយេស៊ូឆ្ពោះទៅក្រុងយេរូសាឡឹម ដើម្បីសោយទុក្ខលំបាក និងសោយទិវង្គត។ ព្រះយេស៊ូកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេជាតំបន់មានជនជាតិយូដា និងជនជាតិសាម៉ារីនៅជាមួយគ្នា។ ពេលព្រះអង្គយាងចូលទៅក្នុងភូមិមានមនុស្សឃ្លង់ដប់នាក់ឈរពីចម្ងាយស្រែកឡើងថា លោកគ្រូយេស៊ូអើយ សូមអាណិតមេត្តាយើងខ្ញុំផង។ ព្រះយេស៊ូអាណិតមេត្តាយ៉ាងក្រៃលែង ហើយមានព្រះបន្ទូលថា ចូលអ្នករាល់គ្នាទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញចុះ ពេលអ្នកទាំងនោះចេញដំណើរទៅគេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ នៅក្នុងខនេះយើងមើលឃើញថាមនុស្សឃ្លង់ដប់នាក់ជា នៅពេលដែលគេជឿលើព្រះបន្ទូលព្រះអង្គ នៅពេលដែលគេស្តាប់បង្គាប់ព្រះបន្ទូល ហើយចេញដំណើរទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញ។

បើមានជំនឿតែគ្មានការអនុវត្តតាមអត់មានប្រយោជន៍ទេ! គ្រីស្តបរិស័ទត្រូវមានទាំងពីរគឺជំនឿ និងការអនុវត្តតាមជំនឿ។ ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមដប់នាក់ទាំងនោះត្រឡប់មកវិញទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ឱ្យបន្លឺសម្លេងខ្លាំងៗ គាត់ក្រាបទាបព្រះបាទទាព្រះយេស៊ូឱនក្បាលដល់ដីអរព្រះគុណព្រះអង្គ ហើយអ្នកនោះគឺជាអ្នកស្រុកសាម៉ារី។ បងប្អូនជាទីគោរព នៅក្នុងអត្ថបទនេះយើងមើលឃើញថា ចំណោមមនុស្សឃ្លង់ដប់នាក់ដែលព្រះអង្គប្រោសឱ្យគេជាសះស្បើយមានតែម្នាក់ដែលជាជនជាតិសាម៉ារីត្រឡប់មកវិញដើម្បីអរព្រះគុណព្រះអង្គ ដើម្បីលើកតម្កើងព្រះអង្គ។ បងប្អូនជាទីគោរព នេះជាជីវិតច្បាស់លាស់របស់គ្រីស្តបរិស័ទយើង ច្រើនដងច្រើនសារយើងភ្លេចអរព្រះគុណ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គសម្រាប់ព្រះអំណោយទានរបស់ព្រះអង្គចំពោះយើងទាំងអស់គ្នា។

អត្ថបទថ្ងៃនេះក៏រំលឹកយើងថា ព្រះជាអម្ចាស់មាន មេត្តាករុណា និងសេចក្តីស្រឡាញ់ចំពោះមនុស្សគ្រប់ៗរូបដូចយើងបានមើលឃើញនៅក្នុងអត្ថបទថ្ងៃនេះ ព្រះយេស៊ូប្រោសជនជាតិសាម៉ារីឱ្យជាសះស្បើយ។ ហើយព្រះយេស៊ូមិនដូចមនុស្សយើងដែលមើលមុខមើលឋានៈរបស់គេ គឺព្រះយេស៊ូមាន មេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប។ ថ្ងៃនេះយើងសូមទូលអង្វរព្រះជាអម្ចាស់ សូមព្រះជាអម្ចាស់ណែនាំយើងដើម្បីយើងមានជំនឿរឹងមាំទៅលើព្រះជាអម្ចាស់ ហើយអនុវត្តតាមជំនឿយើង ហើយយើងក៏ចេះអរព្រះគុណព្រះអង្គជានិច្ចដែរ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail