អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣ តាមលូកា ១១,១-៤ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរព! នៅក្នុងអត្ថបទគម្ពីរដំណឹងល្អតាមសន្តលូកា១១,១-៤ ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនដល់ក្រុមសាវ័កអំពីរបៀបអធិដ្ឋាន។ នៅក្នុងអត្ថបទថ្ងៃនេះ និងអត្ថបទផ្សេងៗទៀតដែរ ក្រុមសាវ័កឃើញព្រះយេស៊ូកំពុងអធិដ្ឋាន ពួកគាត់ឃើញព្រះអង្គរួបរួមជាមួយព្រះបិតា និងស្គាល់គម្រោងការរបស់ព្រះអង្គតាមរយៈការអធិដ្ឋាន។ ដូច្នេះហើយនៅក្នុងអត្ថបទថ្ងៃនេះមានសាវ័កម្នាក់ទូលព្រះអង្គថា បពិត្រព្រះអម្ចាស់សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសាសន៍របស់គាត់ផង។
បងប្អូនជាទីគោរព ការអធិដ្ឋានមានសារៈសំខាន់ក្នុងជីវិតគ្រីស្តបរិស័ទ។ ការអធិដ្នានជាមាគ៌ាដែលនាំគ្រីស្តបរិស័ទទាក់ទងជាមួយព្រះជាអម្ចាស់។ ការអធិដ្ឋានជួយដល់អ្នកជឿលើព្រះអម្ចាស់មានទំនាក់ទំនងជាមួយព្រះអង្គយ៉ាងជិតស្និទ្ធ។ ការអធិដ្ឋានជួយគ្រីស្តបរិស័ទស្គាល់គម្រោងការរបស់ព្រះអង្គចំពោះពួកគេ។
ក្រុមសាវ័កចង់ទាក់ទងជាមួយព្រះបិតារបស់ពួកគេ ដូច្នេះហើយ សាវ័កសុំឱ្យព្រះយេស៊ូបង្រៀនគេឱ្យចេះអធិដ្ឋាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា ពេលអ្នករាល់គ្នាអធិដ្ឋានត្រូវពោលថា ឱព្រះបិតាអើយសុំសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។
ការអធិដ្ឋាន«ឱព្រះបិតា» ជារបៀបទំនាក់ទំនងរបស់ព្រះជាអម្ចាស់ និងរបៀបពួកយើងគឺជាការទំនាក់ទំនងទៅកាន់ឪពុក ដូចបុត្រាផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ជាបិតា។ គ្រីស្តបរិស័ទត្រូវការផ្ញើជីវិតទាំងស្រុងទៅលើព្រះជាអម្ចាស់ដែរ។ ការអធិដ្ឋានជួយពួកយើងស្វែងរកព្រះជាអម្ចាស់ជាព្រះបិតាច្រើនជាងស្វែងរកខ្លួនឯងផ្ទាល់។ ដូច្នេះពេលណាពួកយើងអធិដ្ឋាន ពួកយើងពោលថា ឱព្រះបិតាអើយ សូមសម្តែងព្រះបារមីឱ្យស្គាល់ព្រះនាមព្រះអង្គ។ នៅក្នុងការអធិដ្ឋានឱព្រះបិតានេះដែរ ពួកយើងស្វែងរកព្រះរាជ្យព្រះអង្គ និងព្រះហឫទ័យព្រះអង្គ ដើម្បីផ្ញើជីវិតទាំងស្រុងទៅលើព្រះហឫទ័យព្រះអង្គ។
បងប្អូនជាទីគោរពក្នុងពាក្យអធិដ្ឋានឱព្រះបិតានេះដែរ ពួកយើងពោលថា សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ សូមអត់ទោសឱ្យយើងរួចពីបាប ត្បិតយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ ដូច្នេះការអធិដ្នានឱព្រះបិតា ណែនាំថា ពួកយើងសុំព្រះអង្គនូវសេចក្តីត្រូវការអ្វីៗទាំងអស់របស់យើង និងមនុស្សលោកទាំងឡាយ ដោយជឿលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាអម្ចាស់។ ពួកយើងត្រូវតែអធិដ្នានទូលអង្វរព្រះអង្គ ប្រទានអាហារប្រចាំថ្ងៃឱ្យយើងទាំងអស់គ្នា។ នៅក្នុងការអធិដ្ឋាននេះដែរ ព្រះយេស៊ូណែនាំយើងថា ពួកយើងត្រូវតែលើកលែងទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើង។
អត្ថបទនេះ តាមលោកលូកាប្រាប់យើងច្បាស់ជាងអត្ថបទផ្សេងៗ គឺព្រះជាអម្ចាស់នឹងលើកលែងទោសឱ្យយើង ដោយសារពួកយើងបានលើកលែងទោសឱ្យគេមុន។
ជាទីបញ្ចប់ពួកយើងពោលថា សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ។ បងប្អូនគ្រីស្តបរិស័ទនឹងជួបការល្បួង ពីមារសាតាំងជានិច្ច។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាអម្ចាស់ក៏បានទទួលការល្បួងពីមារសតាំងនៅវាលរហោស្ថាន។ ពេលណាយើងជួបប្រទះការល្បួងមារសាតាំង ពួកយើងត្រូវតែរកព្រះអង្គ ត្រូវតែសូមអង្វរព្រះអង្គ។ សូមព្រះជាអម្ចាស់ជួយការពារ និងប្រទានពរយើង៕