អត្ថាធិប្បាយគម្ពីរថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤បកស្រាយ​ដោយ​លោកបូជាចារ្យ រឿង ឆ័ត្រសិរី

«យើង​រៀន​ដកស្រងែចេញពីខ្លួន​យើង​»

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងស្តាប់ព្រះបន្ទូល ម៉ាថាយ ១៣,៣៦-៤៣។ ព្រះយេស៊ូព្យាយាមពន្យល់អំពីរឿងប្រស្នាអំពីអ្នកសាបព្រោះនៅក្នុងស្រែដែលមានទាំងស្រូវសាលីល្អ និងស្រងែ។

បាទបងប្អូន នៅក្នុងជីវិតរបស់យើងដែល​យើង​កំពុង​មាន​សកម្មភាព​សព្វថ្ងៃនេះ កិច្ចការរបស់យើងប្រហែលមានជោគជ័យ ឬពេលខ្លះអាចមានការពិបាក។ ការ​សាបព្រោះ​នេះ ប្រៀប​ដូចជា​ការចិញ្ចឹមនិង​អប់រំកូន។ នៅពេលដែលគាត់ធំឡើង បើ​គាត់​រាប់​អាន​មិន​មិន​ល្អ គាត់​អាច​មានបញ្ហា​គ្រឿងញៀន ជួប​បញ្ហា​ក្នុង​​សង្គម។ អានឹងហើយគឺជាស្រងែ ដែលធ្វើឱ្យកូនរបស់យើងពេល​ធំ​ទៅហើយមានបញ្ហា ប៉ុន្តែព្រះជាម្ចាស់បានព្យាយាមឱ្យយើងដកស្រងែមុន ហើយក្រោយមកយើងអាចប្រមូលស្រូវនៅពេលក្រោយ។ នោះ​មាន​ន័យ​ដូចម្តេច? គឺ​សូមឱ្យយើងព្យាយាមតាមដាន​ដោយយកចិត្តទុកដាក់ ជាពិសេសខាងវិស័យអប់រំកូនចៅរបស់យើង បើមើល​ឃើញ​មាន​ស្រងែនៅក្នុងជីវិតរបស់គាត់ យើងព្យាយាមដកចេញ ប៉ុន្តែ​បើ​ ដកចេញនៅពេលដែលយើងឃើញថាលទ្ធផលហើយ​ គឺមិនល្អសម្រាប់គាត់ទេ។ ការ​តាម​ដាន​និង​យក​ចិត្ត​ទុកដាក់ គឺ​ត្រូវ​ស្តាប់​ហេតុផល​របស់​ពួកគាត់​ដែរ ព្រោះ​ជួនកាល​យើង​អាច​យល់​ច្រឡំ។ ប្រសិនបើយើងស្តាប់ហេតុផលគ្នាទៅវិញទៅមក ហើយយើងចាប់នៅគ្រឹះនៃបញ្ហា នោះ​ប្រហែល​ជា​យើងអាចជួយដកស្រងែនៅក្នុងជីវិតរបស់គាត់បាន។

ម្យ៉ាងទៀត​វិស័យ​ការងារ​របស់​យើង​ក៏ដូចគ្នា ពេលយើងទំនាក់ទំនង​ជាមួយគ្នា​ ពិតមែនយើងចង់ដកបញ្ហាលឿនៗ ជួនកាលយើងប្រើមធ្យោបាយដែលមិនទាន់វិភាគ ឬមើលឱ្យសព្វគ្រប់នៅឡើយទេ។ ដូច្នេះការនិយាយអ្វីភ្លាមៗ យើងត្រូវការប្រយ័ត្ន សូមពិចារណាចំណុចនេះ ​ដោយសារជួនកាលយើងចង់ដកអ្វីលឿនៗ ដូចជាព្រះបន្ទូលបានប្រាប់ថា បើយើងឃើញស្រងែចេញមកបន្តិចអ្នកចម្ការចង់ដកភ្លាមៗ តែម្ចាស់ថាកុំអាល ជួនកាលវាដោយដើមស្រូវចេញមកតាមដែរ។

បាទដូច្នេះដូចគ្នាដែរ យើងត្រូវការមើល​លទ្ធផល ឬក៏អ្វីដែលយើងមើលឃើញ​ឲ្យ​គ្រប់ជ្រុងជ្រោយ​ឱ្យច្បាស់លាស់សិន ស៊ឹមយើងវិនិច្ឆ័យតាមក្រោយ​នឹង​អាច​បានត្រឹមត្រូវ។ សូមឱ្យព្រះបន្ទូលនេះ ជួយឱ្យយើងរស់នៅក្នុងជីវិតនេះ ហើយជាពិសេស ដើម្បីឱ្យជីវិតរបស់យើងទៅដល់​ភាពច្បាស់លាស់​ត្រឹមត្រូវ ជាសេចក្តីពិតនៅក្នុងជីវិតរបស់យើង គឺព្រះអម្ចាស់យេស៊ូគ្រីស្ត។ សូមព្រះអង្គប្រទានពរឱ្យអស់បងប្អូន៕

 

Daily Program

Livesteam thumbnail