អត្ថាធិប្បាយគម្ពីរថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៤ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះ យើងបានស្តាប់ព្រះបន្ទូលពីម៉ាថាយ ៩,៣២-៣៨។ ម៉ាថាយជាព្រះបន្ទូលដែលបង្ហាញពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយយើងឃើញលក្ខណៈរបស់ព្រះយេស៊ូដែលជាមនុស្សដែលមករស់នៅជាមួយយើង។ ស្ថានភាពនៃការរស់នៅរបស់ព្រះអង្គនាំឱ្យយើងឃើញការអស្ចារ្យច្រើនដែលព្រះអង្គបានធ្វើ ហើយថ្ងៃនេះព្រះអង្គបានដេញខ្មោច និងក៏បានជួយព្យាបាលអ្នកជំងឺយ៉ាងច្រើននៅក្នុងព្រះគម្ពីរដែលយើងបានស្តាប់ថ្ងៃនេះ។
យើងឃើញថា ដំណឹងល្អរបស់ព្រះជាម្ចាស់នៅលើទឹកដីក្នុងពិភពលោក។ យើងដឹងថាការងាររបស់ព្រះជាម្ចាស់សង្គ្រោះពិតជានៅមានច្រើន ហើយយើងកំពុងតែត្រូវការអ្នកជួយ ឬក៏អ្នកសហការជាមួយព្រះយេស៊ូដែរ។
ព្រះសហគមន៍របស់យើង ទោះបីជាយើងមានគ្នាតិច តែយើងទទួលការគាំទ្រពីក្រុមសាសនទូតយ៉ាងច្រើនមកប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជារបស់យើង ដូចបងប្អូនស្គាល់គង្វាល ឬបងប្រុសបងស្រីដែលមកពីប្រទេសផ្សេងៗ ដើម្បីមកជួយបំពេញកិច្ចការនៅទីនេះ។ ព្រះបន្ទូលដែលនិយាយថា ស្រូវមានច្រើនណាស់ ឱ្យយើងទូលអង្វរម្ចាស់ស្រែ ដើម្បីចាត់អ្នកច្រូតមកជួយគ្នា។ បងប្អូនដឹងហើយថា នៅក្នុងប្រទេសកម្ពុជារបស់យើង យើងកំពុងតែខ្វះខាតអ្នកច្រូត ស្រូវកាលណាវាទុំហើយ បើច្រូតមិនទាន់ទេ វានឹងធ្លាក់ ហើយក្រោយមកខូចខាត យើងមិនអាចប្រមូលផលអ្វីបានទៀតទេ។ ដូច្នេះព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជាយើង យើងឃើញថា មានកិច្ចការប្រកាសដំណឹងល្អច្រើន ហើយមានបងប្អូនមួយចំនួនដែលកំពុងតែឈ្វេងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាគាត់ឈ្វេងយល់ ប៉ុន្តែអត់មានអ្នកណាទៅជួយណែនាំ ឬប្រាប់ឱ្យគាត់ស្គាល់ជំនឿ ពិតមែនពួកគាត់នឹងទៅកន្លែងផ្សេង ដូចស្រូវដែលទុំពេក។
បាទបងប្អូន សុំឱ្យបងប្អូនម្នាក់ៗធ្វើជាអ្នកច្រូតរបស់ព្រះជាម្ចាស់ដែរ គឺទីមួយយើងទាំងអស់គ្នាជាអ្នកផ្សព្វផ្សាយដំណឹងល្អ និងទីពីរយើងត្រូវជួយជំរុញឱ្យមានអ្នកច្រូត ឬជាអ្នកជួយព្រះសហគមន៍ឱ្យកាន់តែច្រើន។ សព្វថ្ងៃនេះព្រះសហគមន៍របស់យើងក៏កំពុងមានអ្នកស័្មគ្រចិត្តឈ្វេងយល់ ដើម្បីបម្រើព្រះជាម្ចាស់ជានិស្សិតទេវវិទ្យា ជាឆ្នាំត្រៀមដែលយើងកំពុងតែមានប្រាំមួយនាក់ ហើយតាមព្រះសហគមន៍នីមួយៗក៏កំពុងតែស្វែងរកយុវជនយុវនារី ដើម្បីបន្តរិះគិតការត្រាស់ហៅរបស់ខ្លួន។ សូមបងប្អូនសួរខ្លួនឯងថា តើខ្លួនយើងអាចសាកសមជាអ្នកច្រូតរបស់ព្រះជាម្ចាស់ឬទេ? ឬក៏អ្នកបម្រើរបស់ព្រះសហគមន៍ឬទេ? បាទ បងប្អូន! សុំឱ្យយើងជួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងព្រះសហគមន៍ផ្សារតូច យើងមានមណ្ឌលយ៉ូហានបាទីស្តដែលហាក់ដូចជាកន្លែងបណ្តុះពន្លក ដើម្បីឱ្យគាត់មានការរិះគិតអំពីការត្រាស់ហៅ និងអនាគតយើងអាចបញ្ជូនពួកគាត់ខ្លះ ដែលចង់បន្តការបម្រើរបស់ព្រះជាម្ចាស់ជាឆ្នាំត្រៀម និងចូលទេវវិទ្យាល័យ និងអាចក្លាយទៅជាបូជាចារ្យនៅថ្ងៃក្រោយ។
បាទដូច្នេះសុំស្វាគមន៍បងប្អូនសម្រាប់គាំទ្រយុវជន និងការផ្តល់ថវិកាដើម្បីចិញ្ចឹម ការជួយសម្ភារៈ ឬរឿងជំនួយផ្សេងៗក៏យើងសុខចិត្តទទួលដែរ។ តាមព្រះវិហារនីមួយៗ បើបងប្អូនឃើញយុវជនយុវនារីណាអាចធ្វើជាអ្នកបម្រើរបស់ព្រះជាម្ចាស់បាន សូមបងប្អូនជួយគាំទ្រពួកគាត់ផង។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕
Daily Program
