អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
(លូកា ១១,១៤-២៣ )រិះគិតព្រះបន្ទូលដោយ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស័រ
អត្ថបទដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់ ហើយភ្លាមៗនោះពួកខាងគណៈផារ៉ាស៊ីជំទាស់ គេថាព្រះយេស៊ូដេញខ្មោចដោយសារព្រះអង្គបានទទួលអំណាចពីស្តេចខ្មោច តាមពិតគ្មានហេតុគ្មានផលទេ គឺដោយពួកគេមិនព្រមទទួលព្រះយេស៊ូតែប៉ុណ្ណឹង។ ខ្ញុំឆ្ងល់រឿងមួយពេលព្រះយេស៊ូមានព្រះបន្ទូលថា ព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកដល់ហើយគង់នៅជាមួយអ្នករាល់គ្នា ព្រះរាជ្យរបស់ព្រះជាម្ចាស់គឺព្រះយេស៊ូនឹងហើយ ព្រះយេស៊ូគឺជាព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រះយេស៊ូគឺជាសេចក្តីស្រឡាញ់ ជាធម៌មេត្តាករុណា ជាយុត្តិធម៌របស់ព្រះជាម្ចាស់ ដែលសព្វថ្ងៃព្រះអង្គនៅជាមួយយើង។
តើយើងចង់ទទួលព្រះរាជ្យនេះ? តើយើងចង់ឱ្យសង្គមរបស់យើងពេញដោយសេចក្តីស្រឡាញ់ ធម៌មេត្តាករុណា និងយុត្តិធម៌? បើយើងចង់បាន ហេតុនេះ សុំឱ្យព្រះយេស៊ូ កសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍របស់ព្រះអង្គ តាមរយៈកិច្ចការល្អទាំងប៉ុន្មានដែលយើងប្រព្រឹត្ត គឺយើងជួយឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់គង់នៅជាមួយយើង។
ចំណុចទីពីរគឺព្រះយេស៊ូមានព្រះបន្ទូលអំពីម្នាក់ដែលខ្លាំងពូកែអាចយកអាវុធចូលទៅក្នុងចិត្តរបស់យើងនោះគឺមារ ឲ្យតែបងប្អូនភ្លេចខ្លួនមារនឹងចូលនៅក្នុងខ្លួនយើង ដើម្បីឱ្យយើងចាញ់ការល្បួង ត្បិតវាចង់បំផ្លាញយើង។
ដូច្នេះនៅរដូវត្រណមនេះ យើងត្រូវតែប្រុងស្មារតីជានិច្ចគឺមើលចិត្តគំនិតរបស់យើងកុំឱ្យប្រពឹត្តអំពើបាប កុំឱ្យយើងចាញ់ការល្បួង រាល់ពេលដែលយើងចាញ់ការល្បួង យើងធ្វើតាមមារ ជីវិតរបស់យើងវិនាសអន្តរាយ។ សូមឱ្យយើងប្រុងស្មារតី ហើយចាប់អារម្មណ៍ពីទីសម្គាល់នៃវត្តមានរបស់ព្រះយេស៊ូនៅក្នុងជីវិតរបស់យើង៕ អាម៉ែន!
វាយអត្ថបទដោយ សេង លក្ខិណា