អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ អត្ថាធិប្បាយដោយលោកបូជា រ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរព ព្រះសហគមន៍កាតូលិកនឹករំលឹកបុណ្យសន្តហ្វ្រង់ស៊ីស្កូ នៅក្រុងកាស៊ីស៊ី។ នៅអាយុ២០ឆ្នាំលោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅសម្តែងធម្មទេសនា។ សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ីកោតសរសើរ ព្រះជាអម្ចាស់ ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថា សត្វលោកទាំងនោះជាបងប្អូនរបស់គាត់។
ថ្ងៃនេះនៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តលូកា៩,៥៧-៦២ ព្រះយេស៊ូមានព្រះបន្ទូលអំពីលក្ខណៈសម្បត្តិរបស់អ្នកដែលចង់ដើរតាមព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ថា អាទិភាពរបស់អ្នកដែលចង់ដើរតាមព្រះយេស៊ូ គឺជាអ្នកដែលនូវជាប់ជាមួយព្រះអង្គ និងផ្សព្វផ្សាយព្រះបន្ទូលដំណឹងល្អរបស់ព្រះអង្គ។
ជួនកាលការទំនាក់ទំនងជាមួយក្រុមគ្រួសារ ឬការបន់ស្រន់នៅក្នុងក្រុមគ្រួសារមិនអនុញ្ញាតឱ្យគ្រីស្តបរិស័ទតាមព្រះយេស៊ូ និងប្រកាសដំណឹងល្អទេ ដូចយើងស្តាប់ក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ។ នៅក្នុងអត្ថបទដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលអំពីបុរសបីនាក់ដែលចង់ដើរតាមព្រះអង្គ។ បុរសទីមួយ ទូលព្រះអង្គថា ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ចើញទៅទីណាក៏ដោយ។ បុរសទីពីរ ទូលព្រះអង្គថា សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំព្រះបាទទៅបញ្ចុះសពឪពុកសិន។ បុរសទីបី ទូលព្រះអង្គថា លោកម្ចាស់ ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែសូមអនុញ្ញាតឱ្យខ្ញុំព្រះបាទទៅជម្រាបលាក្រុមគ្រួសារសិន។
បងប្អូនជាទីគោរព បុរសទាំងបីចង់ទៅតាមព្រះយេស៊ូមែន ប៉ុន្តែពួកគេមិនទាន់មានសេរីភាពទៅតាមព្រះអង្គទាំងស្រុងទេ ពួកគេសុំព្រះអង្គអនុញ្ញាតឱ្យគេទៅបំពេញតួនាទីរបស់ពួកគេសិន។ ពួកគេមានហេតុផលត្រឹមត្រូវជំទាស់ព្រះអង្គ ម្នាក់ចង់បញ្ចុះសពឪពុក ម្នាក់ទៀតសុំជម្រាបលាក្រុមគ្រួសារមុនទៅតាមព្រះអង្គ។ បងប្អូនគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទខ្លះយល់ច្រឡំថា ព្រះបន្ទូលព្រះយេស៊ូ ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ ពួកគេគិតថា សាសនាគ្រីស្តមិនអនុញ្ញាតឱ្យគ្រីស្តបរិស័ទសោកស្តាយ ឬយំសោកពេលមានបុណ្យសព និងមិនអនុញ្ញាតឱ្យចូលរួមបុណ្យសពទេ? រឿងនេះ មិនមែនទេ! សាសនាគ្រីស្តមិនហាមគ្រីស្តបរិស័ទយំសោក ឬចូលរួមបុណ្យសពទេ។ នៅក្នុងព្រះគម្ពីរព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរ កាលព្រះអង្គឃើញកូនប្រុសតែមួយរបស់ស្រ្តីមេម៉ាយម្នាក់ស្លាប់ ព្រះអង្គមិនប្រកាន់ ហើយចូលរួមបុណ្យសព ឬការទំនាក់ទំនងជាមួយក្រុមគ្រួសារទេ អ្វីដែលព្រះយេស៊ូរំលឹកគ្រីស្តបរិស័ទ គឺត្រូវតែលះបង់សុខមាលភាព និងគម្រោងការរបស់ខ្លួនផ្ទាល់សម្រាប់ព្រះយេស៊ូ និងសម្រាប់បងប្អូនឯទៀតៗ។ អ្នកដែលចង់ទៅតាមព្រះយេស៊ូត្រូវត្រៀមចិត្តគំនិតជួបប្រទះឧបសគ្គ ហានិភ័យ និងការបៀតបៀន ដោយសារការប្រកាសព្រះបន្ទូល។ ព្រះយេស៊ូមានព្រះបន្ទូលថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕