អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤

(សន្តលូកា ២១,៣៣-៤៣.៤៥-៤៦) រិះគិតព្រះបន្ទូលដោយលោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះបងប្អូនឮថា ​មានម្ចាស់ចម្ការទំពាំងបាយជូរម្នាក់​គាត់មានចម្ការដ៏ធំ គាត់បានធ្វើរបងពាត់ជុំវិញចម្ការ និង​បានប្រគល់ចម្ការ​នេះឱ្យពួកកសិករ​មើល​ថែទាំ។ ពេលទំពាំងបាយជូរទុំ​ ម្ចាស់ចម្ការបានចាត់អ្នក​បម្រើផ្សេងទៀតឱ្យមក​មើល​ចម្ការ​នោះ តើវាដំណើរការយ៉ាងម៉េចហើយ? ពេលអ្នកបម្រើថ្មីនោះទៅដល់​ចម្ការទំពាំង​បាយ​ជួរ​ដែល​ទុំ បែរជាពួកកសិករសម្លាប់អ្នកបម្រើទាំងនោះ ដោយសម្លាប់ម្នាក់ទុកម្នាក់ ដំណឹងនេះបានឮដល់​ម្ចាស់​ចម្ការ​ គាត់ក៏ផ្ញើកូនរបស់គាត់មកថែមទៀត។

ត្រង់នេះ តើគេសម្លាប់កូនរបស់គាត់ទៀត​ឬយ៉ាងណា? ខ្ញុំមានបីចំណុច​ដើម្បីចែក​ជា​មួយ​បងប្អូន ចំណុចទីមួយគឺតួនាទីរបស់ម្ចាស់ចម្ការ ម្ចាស់ចម្ការគឺជានរណា? ម្ចាស់​ចម្ការ​គឺជា​ព្រះជា​ម្ចាស់ផ្ទាល់ ចម្ការទំពាំងបាយជូរគឺជាប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុនេះ​យើង​​ឃើញថាព្រះជាម្ចាស់បានបង្កើតប្រជាជនដ៏វិសុទ្ធនេះ ព្រះអង្គមើលថែគេ ធ្វើ​របង​ព័ទ្ធ​ជុំវិញ​​គេឱ្យគេមានទិសដៅល្អ ឱ្យគេរស់នៅល្អ ឱ្យគេមានវិន័យល្អ។

ប៉ុន្តែនៅក្នុង​អត្ថ​បទព្រះគម្ពីរថ្ងៃនេះ​ ម្ចាស់ចម្ការបានចាត់​អ្នកបម្រើផ្សេង​ទៀតមក​មើល ឬឱ្យមក​ទទួល​ផលនៅក្នុងចម្ការទំពាំងបាយជូរនោះ ជាមួយកសិករដែលនៅទីនោះ។ ត្រង់​នេះ​ព្រះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យចេះចែករំលែក ធើ្វទាននិងមើលឃើញ​ពីការខ្វះ​ខាត​របស់បង​ប្អូនឯទៀត​ និងបង្ហាញមេត្តាករុណាដល់ពួកគេ ឱ្យគេខិតខំប្រព្រឹត្តអំពើ​ល្អធ្វើសេចក្តី​ល្អ​ចំពោះ​គ្នា​ទៅវិញទៅមក។

ចំណុចទីពីរ ទឹកចិត្តរបស់កសិករ តើពួកកសិករទាំងនេះមាន​ទឹកចិត្ត​ស្មោះត្រង់ជា​មួយម្ចាស់ចម្ការដែរ​ឬទេ? ប្រសិនបើបងប្អូនអាន បងប្អូនឃើញថា ពួកកសិករនេះមិនមាន​ចិត្ត​ស្មោះ​ត្រង់ជាមួយនឹងម្ចាស់ចម្ការទេ ពួកគេដូចជាចចកដែលស៊ីសាច់ហុតឈាម។ ពេល​មា​ន​អ្នកថ្មីមកដល់គេនាំគ្នារកមធ្យាបាយដើម្បីសម្លាប់អ្នកទាំងនោះ  ពេល​ម្ចាស់​ចម្ការ​គាត់​ដឹងអំពី​ទង្វើព្រៃផ្សៃរបស់កសិករ យើងអាចសួរថា តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្តេច ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ?

តាមសម្ព័ន្ធមេត្រីចាស់ ព្រះជាម្ចាស់បានចាត់ព្យាការីផ្សេងៗឱ្យមក ប៉ុន្តែពេល​មកគេ​ធ្វើបាប គេសម្លាប់ ហេតុនេះយើងឃើញថា (ពួកគេ)សាហាវ គេអត់ព្រមស្តាប់រាជ​ទូតរបស់​ព្រះ​ជា​ម្ចាស់​ទេ គឺដោយសារពួកកសិករនេះមានចិត្តលោភលន់ចង់បានហួសហេតុ ចង់​មាន​កិក្តិយស ចង់មានអំណាចនាំឱ្យគេមិនខ្វាយខ្វល់អំពីជីវិតរបស់អ្នកដទៃទេ។

ចំណុចទីបីព្រះជាម្ចាស់បានចាត់កូនប្រុសរបស់គាត់ឱ្យមក ហេតុនេះ​ពេលកូន​ប្រុស​របស់​​គាត់​មក តើគេសម្លាប់ដែរឬអត់? កូនប្រុសនេះគឺជាព្រះយេស៊ូ​ផ្ទាល់ដែល​ត្រូវ​យាងមក​ដើម្បី​ស្រុះស្រួល​នៅក្នុងចម្ការរបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែគេបានសម្លាប់កូនប្រុសនេះតែម្តង។​ ជនជាតិ​យូដាគឺ​កាន់តែអាក្រក់ឡើងៗ។

ហេតុនេះអំពើដែលគេបានប្រព្រឹត្តមានន័យថា គេបានកាត់ផ្តាច់ទំនាក់ទំនងរវាង​ព្រះជាម្ចាស់ និងជនជាតិអ៊ី​អែល គេគិតថាព្រះយេស៊ូមិនសំខាន់ទេ គឺពួកគេសំខាន់ជាង បានជាគេរកគ្រប់មធ្យោបាយដើម្បីកម្ចាត់ព្រះយេស៊ូ។  ដោយសារព្រះយេស៊ូមាន​ព្រះបន្ទូល​អំពី​សេចក្តីពិតនៅក្នុងសង្គមដែលគេរស់នៅ ចូល​ទៅក្នុងជីវិតរបស់គេ ដឹង​រឿង​របស់​គេនាំឱ្យគេ​សម្លាប់ព្រះយេស៊ូ។

បងប្អូនជាទីស្រឡាញ់ តើព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសតាមរបៀបណា? មនុស្សដែល រស់នៅលើផែនដីនេះមានរយៈពេលខ្លីណាស់។ ប្រសិនបើយើងរស់នៅក្នុងរយៈពេលខ្លី​យើង​ត្រូវ​តែធ្វើសេចក្តីល្អ សេចក្តីមេត្តាករុណា គោរពសិទ្ធិគ្នា រស់នៅឱ្យបានត្រឹម​ត្រូវឱ្យមានយុត្តិធម៌​ក្នុងសង្គម ឱ្យមានតុល្យភាពរវាងអ្នកមានអំណាច និងអ្នកអត់មានអំណាច។ល។ ហេតុ​នេះប្រសិនបើយើងរស់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ យើងត្រូវតែប្រព្រឹត្តអំពើល្អ វៀរ​ចាក​ការប្រព្រឹត្តអំពើអាក្រក់ ត្រូវចេះស្រឡាញ់អ្នកដទៃ ចេះយកអាសារអ្នក​ដទៃ​ដូច​សុភាសិត​មួយបានពោលថា «រស់ឱ្យមានន័យ ក្ស័យឱ្យមានប្រវត្តិ»។

ហេតុនេះយើងទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រោសប្រទាន​ឱ្យយើងចេះ​កែប្រែ​ចិត្ត​គំនិត ហើយខិតខំប្រព្រឹត្តអំពើល្អសម្រាប់សង្គម និងសម្រាប់ព្រះសហគមន៍ និង​កន្លែង​ដែលយើងរស់នៅ។ អាម៉ែន៕

 

វាយអត្ថបទ​ដោយ សេង លក្ខិណា

Daily Program

Livesteam thumbnail