អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ តាមយ៉ូហាន ១,៤៧-៥១អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ យើងបានឃើញមានតួអង្គពីរដែលមានសារៈសំខាន់ ដែលនាំឱ្យបងប្អូនរិះគិតពិចារណាជាពិសេសបងប្អូនគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកហើយ។ នៅក្នុងអត្ថបទនេះ យើងឃើញមានតួអង្គចម្បងគេគឺព្រះយេស៊ូ និងតួអង្គមួយទៀតគឺលោកណាថាណាអែល។ នៅពេលដែលព្រះយេស៊ូបានជួបលោកណាថាណាអែលព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា អ្នកនេះគឺជាជនជាតិអ៊ីស្រាអែលពិតប្រាកដមែន ត្បិតគាត់គ្មានពុតត្បុតអ្វីសោះ។ហេតុនេះព្រះយេស៊ូបានទតឃើញលោកណាថាណាអែលមិនមែនតែរូបកាយសំបកនៅខាងក្រៅ ក៏ប៉ុន្តែព្រះយេស៊ូបានទតឃើញចិត្តរបស់លោកណាថាណាអែលនៅខាងក្នុងជីវិតរបស់លោក។ ហេតុនេះហើយបានជាលោកណាថាណាអែលគាត់ឆ្ងល់ លោកគ្រូស្គាល់ខ្ញុំពីអង្កាល់? ហើយព្រះយេស៊ូបានឆ្លើយទៅលោកវិញថា ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមស្វាយមុនលោកភីលីបានហៅអ្នកទៅទៀត ។បងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន និងអ្នកជឿជាទីនឹករលឹក ព្រះជាម្ចាស់បានស្គាល់បងប្អូន ព្រះអង្គបានត្រាស់ហៅបងប្អូនឱ្យបងប្អូនចេះថ្វាយខ្លួនទៅព្រះជាម្ចាស់ កុំឱ្យបងប្អូនគិតថាប្រហែលព្រះជាម្ចាស់អត់ស្គាល់ខ្ញុំទេ ប្រហែលព្រះជាម្ចាស់អត់ត្រាស់ហៅខ្ញុំទេ ប្រហែលព្រះជាម្ចាស់បោះបង់ខ្ញុំចោលអត់ទេ ព្រះជាម្ចាស់នូវតែគង់នៅជាមួយយើងគ្រប់ពេលដែលយើងធ្វើកិច្ចការណាមួយព្រះអង្គតែងតែបំភ្លឺចិត្តគំនិតរបស់យើង ព្រះអង្គនៅតែត្រាស់ហៅយើងឱ្យយើងក្លាយទៅជាគ្រីស្តទូតរបស់ព្រះអង្គ ឱ្យយើងក្លាយទៅជាគ្រីស្តបរិស័ទដ៏ល្អ។ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យយើងក្លាយទៅជាគង្វាយនៅក្នុងចម្ការរបស់ព្រះអង្គ ឱ្យយើងក្លាយទៅជាកម្មករដែលធ្វើការនៅក្នុងចម្ការរបស់ព្រះអង្គ ឱ្យយើងក្លាយទៅជាអ្នកនេសាទនៅក្នុងទឹក នៅក្នុងអួនរបស់ព្រះជាម្ចាស់ឱ្យយើងក្លាយទៅជាអ្នកនេសាទ ដើម្បីប្រមូលត្រី ប្រមូលផល ប្រមូលស្រូវ ប្រមូលបន្លែដើម្បីផ្គត់ផ្គង់។ ហេតុនេះបងប្អូនជាទីនឹករលឹក សូមឱ្យបងប្អូនចេះឆ្លើយតបទៅព្រះជាម្ចាស់ ព្រះអង្គបានជ្រើរើសបងប្អូនហើយ ក៏ប៉ុន្តែបងប្អូនត្រូវចេះឆ្លើយតបទៅព្រះជាម្ចាស់ថាបាទ/ចាស់ ខ្ញុំសុខចិត្តធ្វើដំណើររួមព្រះអង្គ ហើយព្រះជាម្ចាស់បានស្គាល់បងប្អូនដូចព្រះយេស៊ូបានស្គាល់លោកណាថាណាអែលនៅក្រោមដើមស្វាយដែលព្រះយេស៊ូបានត្រាស់ហៅគាត់ឱ្យគាត់ធ្វើដំណើររួមជាមួយព្រះអង្គ។ហេតុនេះយើងឃើញថានៅក្នុងអត្ថបទព្រះអង្គដំណឹងល្អនៅក្នុងថ្ងៃនេះ យើងកុំគិតថាព្រះជាម្ចាស់អត់ត្រាស់ហៅយើង យើងកុំគិតថាព្រះជាម្ចាស់អត់ស្គាល់យើងតាមពិតព្រះជាម្ចាស់បានស្គាល់យើងយ៉ាងជ្រៅ ហើយព្រះយេស៊ូមិនត្រឹមតែស្គាល់យើងតែសំបកនៅខាងក្រៅមានមុខស្អាត មានកាយសម្បទាមាំមួនល្អ មិនតែប៉ុណ្ណោះព្រះជាម្ចាស់បានស្គាល់ជម្រៅចិត្តរបស់យើង យើងស្លូតយើងកាច យើងឃោឃៅព្រះជាម្ចាស់បានស្គាល់យើង។និងចំណុចចុងក្រោយព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស ។បងប្អូនជាទីស្រឡាញ់ ផ្ទៃមេឃបើកចំហចង់មានន័យថា សម័ទ្ធមេត្រីថ្មីគឺចាប់ផ្តើមហើយ ឱ្យមនុស្សបន្តមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់ កាលពីមុនផ្ទៃមេឃបិទដោយសារអំពើបាបរបស់មនុស្ស ដោយសារអំពើបាបដើមរបស់យើង ឥឡូវព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យយើងក្លាយទៅជាគ្រីស្តទូត ឱ្យយើងជាស្ពានមេត្រីរវាងមនុស្ស និងព្រះជាម្ចាស់ សូមឱ្យយើងចេះថ្វាយខ្លួនទៅព្រះជាម្ចាស់ដោយដាក់ចិត្តដាក់កាយ និងឆ្លើយតបទៅព្រះជាម្ចាស់ មានន័យថាផ្ទែមេឃបើកចំហឱ្យយើងមានទំនាក់ទំនងពិសេសជាមួយនឹងព្រះជាម្ចាស់ យ៉ាងណាមិញឱ្យយើងចេះបើកដួងចិត្ត បេះដូងរបស់យើង បើកត្រចៀករបស់យើង បើកភ្នែករបស់យើង បើកមាត់របស់យើង ដើម្បីឱ្យយើងចេះស្វាគមន៍ព្រះជាម្ចាស់យាងមកគង់នៅជាមួយយើង ឱ្យយើងចេះស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ឱ្យយើងចេះមើលពីតម្រូវការរបស់ព្រះសហគមន៍ តម្រូវការរបស់សង្គម និងកន្លែងដែលយើងរស់នៅផងដែរ ។ហេតនេះយើងសុំអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រទាន ឱ្យយើងមានបញ្ញាវាងវៃ ឱ្យយើងមានចំណេះដឹង និងសូមឱ្យយើងមានជំនឿឆ្លើយទៅព្រះជាម្ចាស់ដោយយើងស្ម័គ្រចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយព្រះអង្គស្គាល់យើង យើងបន្តមានទំនាក់ទំនងជាមួយព្រះគ្រីស្តដែលជាព្រះសង្រ្គោះនៃយើង។អាម៉ែន៕