អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ២៣,១៣-២២អត្ថាធិប្បាយដោយលោកបូជាចារ្យសែ សាត
ក្នុងព្រះបន្ទូលថ្ងៃនេះ ព្រះយេស៊ូបានស្ដីបន្ទោសដល់ពួកធម្មាចារ្យនិងពួកផារ៉ាស៊ីថាជាមនុស្សមានពុតហើយអ្នកទាំងនោះនឹងត្រូវវេទនា។
ទីមួយ គឺគេត្រូវវេទនាដោយសារគេបានបិទទ្វារនៃស្ថានបរមសុខទាំងខ្លួនឯងមិនព្រមចូលផងនឹងមិនឱ្យអ្នកដទៃចូលផងដែរ។ តើការបិទទ្វារនៃស្ថានបរមសុខនេះ ព្រះរាជ្យនៃស្ថានបរមសុខនេះមានន័យដូចម្ដេច? នេះយើងស្វែងរកព្រះរាជ្យនៃស្ថានបរមសុខនេះដែលសង្កត់ធ្ងន់ទៅលើព្រះហឬទ័យរបស់ព្រះជាម្ចាស់។ ហើយសំណួរយើងអាចសួរថា តើអ្វីជាព្រះហឬទ័យរបស់ព្រះជាម្ចាស់ដោយយើងសង្កត់ធ្ងន់ព្រះហឬទ័យរបស់ព្រះជាម្ចាស់គឺលក្ខណៈដែលនាំឱ្យជីវិតរបស់យើងទទួលសេចក្ដីស្រលាញ់ សុភមង្គលយ៉ាងពិតប្រាកដ ដូចជាទទួលស្ថានបរមសុខស្មើនឹងព្រះរាជ្យរបស់ព្រះអង្គក្នុងជីវិតរបស់ខ្លួន។ ចុះបើគេបិទទ្វារបែបនេះមិនឱ្យខ្លួនឯងចូល មិនឱ្យអ្នកដទៃចូលផង តើមនុស្សទទួលអ្វី ហើយបើយើងនិយាយមកវិញគឺគ្រប់ទង្វើដែលនាំឱ្យអប្បមង្គល គ្រប់ទង្វើដែលនាំផ្លូវទៅបំផ្លាញជីវិត មិនធ្វើឱ្យជីវិតប្រសើរឡើងគឺស្មើនឹងធ្វើឱ្យជីវិតកាន់តែវេទនានឹងអាក្រក់ទៅៗ។ លក្ខណៈទាំងនេះហើយដែលព្រះយេស៊ូបានស្ដីឱ្យពួកធម្មាចារ្យនិងពួកខាងគណៈផារ៉ាស៊ី គេមានពុតដូចជាគេអាចនិយាយអ្វីល្អប៉ុន្តែគេមានចិត្តពុតត្បុតនៅខាងក្នុងបង្កត់ដោយគំនិតអាក្រក់ដែលមានពិសពុលនៅខាងក្នុង។
នឹងចំណុចទីពីរនោះគឺព្រះយេស៊ូបានហៅពួកទាំងនេះថា ជាពួកដឹកនាំកង្វាក់ ដោយដឹងថាមនុស្សខ្វាក់មើលអ្វីមិនឃើញទេ មើលផ្លូវទៅកាន់កន្លែងណាមួយក៍មិនឃើញដែរ គេកង្វាក់ដោយសារគេមិនយល់អ្វីដែលសំខាន់បំផុតទេ។ នៅក្នុងនេះព្រះយេស៊ូបានរំលឹកអំពីសម្បថ តាមពិតយើងដឹងថា យើងមិនអាចស្បថដោយយកព្រះនាមព្រះម្ចាស់ទៅស្បថបានទេ ប៉ុន្តែរបៀបដែលគេស្បថនេះបង្កប់ដោយចិត្តលោទលន់ដែលពួកផារ៉ាស៊ីណែនាំឱ្យគេស្បថដូចជាមិនយកព្រះវិហារជាសាក្សី បើយកព្រះវិហារជាសាក្សីដូចជាអត់មានន័យឬយកអសនៈជាសាក្សីអត់មានន័យប៉ុន្តែបើយកមាសក្នុងព្រះវិហារទើបមានន័យនឹងយកតង្វាយនៅលើតុសក្ការៈទើបមានន័យ។ ព្រះយេស៊ូបញ្ជាក់ថាអត់ទេ ផ្ទុយទៅវិញគឺបើយកព្រះវិហារមានទាំងព្រះវិហារ មានទាំងមាស មានទាំងព្រះជាម្ចាស់ ហើយយកអាសនៈមិនថាតង្វាយដែលនៅលើអាសនៈក៍នឹងទៅជាពិសិដ្ឋអីអញ្ចឹងទៅ។ លក្ខណៈទាំងនេះយើងអាចប្រៀបធៀបទៅនឹងគ្រប់ទង្វើរបស់យើង ប៉ុន្តែខ្ញុំចង់ទង្វើនឹងសេចក្ដីស្រលាញ់នឹងចិត្តស្មោះត្រង់ ភាពស្មោះត្រង់។ គ្រប់ទង្វើរបស់យើង ទង្វើល្អនឹងវាស់ដោយចិត្តស្មោះត្រង់នឹងសេចក្ដីស្រលាញ់នៅខាងក្នុងទង្វើនោះ ហើយនេះដែលធ្វើឱ្យយើងម្នាក់ៗរកឃើញថា តើទង្វើសំខាន់ឬអ្វីនៅខាងក្នុងទង្វើនោះសំខាន់ អញ្ចឹងជួយយើងរិះគិតពិចារណាអំពីរបៀបរស់នៅរបស់យើង ហើយរបៀបរស់នៅគឺកាយវាចាចិត្ត របៀបដែលធ្វើនឹងរបៀបដែលយើងគិត ដែលយើងនិយាយនេះវាជះឥទ្ធិពលដល់អ្នកដែលនៅជុំវិញយើងជាពិសេសគឺអ្នកតូចតាច។ ព្រះបន្ទូលនេះជួយយើងរិះគិតគឺទីមួយខ្ញុំរំលឹកអំពីឪពុកម្ដាយឬអាណាព្យាបាលនៅតាមផ្ទះ ត្រូវដឹងថាគ្រប់ទង្វើរបស់យើងអាចផ្ដល់ជាគម្រូមិនល្អនឹងគម្រូល្អដល់កូនៗឬដល់អ្នកដែលនៅក្រោមបង្គាប់យើង។ ទីពីរដល់អ្នកដែលមានតួនាទីណែនាំគ្រប់គ្រងដែលក្នុងនេះមានទាំងលោកបូជាចារ្យ បងប្រុសបងស្រី ឬកន្លែងផ្សេងៗដែលយើងមានតួនាទីជាអ្នកគ្រប់គ្រង ជាអ្នកណែនាំ គ្រប់ទង្វើរបស់យើងទាំងកាយវាចាចិត្តនឹងជះឥទ្ធិពលដល់អ្នកខាងក្រោមអាចនាំឱ្យគេទៅជាមនុស្សល្អផង ឱ្យគេទៅជាមនុស្សអាក្រក់ផងដែរ នឹងមួយទៀតក៍ជះឥទ្ធិពលដល់អ្នកបង្រៀន អ្នកណែនាំ សាស្រ្តាចារ្យ ដែលមានតួនាទីណែនាំអប់រំ នេះសំខាន់ណាស់គឺគ្រប់ទង្វើរបស់យើងក៍ជះឥទ្ធិពល កុំឱ្យដូចគ្នុងព្រះបន្ទូលនេះ កុំឱ្យយើងជាអ្នកមានចិត្តពុតហើយយើងតែងតែលឺពាក្យ ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក កន្លែងនេះគឺជាពាក្យដែលខ្មែរតែងតែអប់រំកូនចៅប៉ុន្តែយើងត្រូវដឹងថាពិតមែន ពុតគ្រូនោះក៍ជះឥទ្ធិពលដល់កូនសិស្សដែរដូច្នេះនាំឱ្យយើងប្រយ័ត្នក្នុងឋានៈជាគ្រូ ត្រូវបង្ហាញទាំងទ្រឹស្ដី បង្ហាញទាំងការអនុវត្តជាអ្វីតែមួយយ៉ាងត្រឹមត្រូវផង។ អញ្ចឹងសូមព្រះជាម្ចាស់ប្រទានកម្លាំងដល់យើងម្នាក់ៗឱ្យដឹងថា យើងរស់នៅត្រូវផ្ដល់កម្រូនៃទង្វើល្អដល់អ្នកខាងក្រោមយើង គឺដល់សមាជិកក្រុមគ្រួសារជាពិសេសឪពុកម្ដាយឬអាណាព្យាបាលត្រូវរស់នៅជាគម្រូបែបណា ក្នុងឋានៈខ្លួនជាគ្រីស្តបរិស័ទ ជាឱកាសដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិដ្ឋានទៀងទាត់ទៅចូលរួមអភិបូជាយ៉ាងទៀងទាត់នឹងទទួលអគ្គសញ្ញាលើកលែងទោសរំដោះបាបឱ្យទៀងទាត់ផងដែរ។ ទាំងនេះគឺជាគម្រូដែលធ្វើឱ្យកូនៗ សមាជិកក្នុងក្រុមគ្រួសារទទួលគម្រូល្អនោះនាំឱ្យចូលទៅក្នុងព្រះរាជរបស់ព្រះជាម្ចាស់ គឺចូលទៅក្នុងសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដហើយត្រូវដឹងថាព្រះជាម្ចាស់ស្រលាញ់គេ នឹងដឹកនាំជីវិតគេទៅកាន់សុភមង្គល នឹងជីវិតដ៍ពិតប្រាកដ។ អញ្ចឹងសូមព្រះជាម្ចាស់ជួយយើងទាំងអាណាព្យាបាល ទាំងឋានៈជាអ្នកដឹកនាំនឹងទាំងគ្រូបង្រៀន សាស្ត្រាចារ្យដែលមានបេសកម្មពិសេសដែលជួយឱ្យអ្នកខាងក្រោមយកជាគម្រូតាម។ សូមព្រះជាម្ចាស់ដឹកនាំទង្វើរបស់យើង គ្រប់សកម្មភាពរបស់យើងឱ្យនាំទៅរកការរីកចម្រើនប្រសើរជាងនាំទៅរកការបំផ្លាញ។
ដូចសន្តអូគូស្តាំងបានលើកឃ្លារបស់គាត់មួយថា ឱ្យតែមានចិត្តស្រលាញ់អ្វីៗក៍អ្នកធ្វើបានតាមចិត្ត អញ្ចឹងសូមឱ្យគ្របើកិច្ចការរបស់យើងគឺជាកិច្ចការដែលចេញពីប្រភពនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ជាកិច្ចការល្អដែលព្រះអង្គបង្គាប់ឱ្យយើងធ្វើ៕