អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣ តាមលូកា ៩,៧-៩អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ មានព្រះបាទហេរ៉ូដជាស្តេចរបស់ជនជាតិអ៊ីស្រាអែលនៅសម័យព្រះយេស៊ូ។ ស្តេចហេរ៉ូដលឺគេនិយាយអំពី ព្រះយេស៊ូធ្វើការអស្ចារ្យ ប្រោសអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ មនុស្សខ្វាក់ឱ្យមើលឃើញ អ្នកថ្លង់ឱ្យស្តាប់លឺ ដូច្នេះស្តេចហេរ៉ូដគាត់ឆ្ងល់ ហើយនិងចង់ជួបព្រះយេស៊ូ ហើយគេធ្លាប់ប្រាប់គាត់ថា ព្រះយេស៊ូជាព្យាការីណាម្នាក់ៗដែលបានរស់ឡើងវិញ ដូចជាព្យាការីយ៉ូហានបាទីស្ត ឬព្យាការីផ្សេងទៀត។ ប៉ុន្តែស្តេចនៅតែមិនព្រមស្តាប់ មិនព្រមជឿ។ ព្រះអង្គជួបព្រះយេស៊ូដោយផ្ទាល់ខ្លួន ចង់ឃើញព្រះយេស៊ូដោយភ្នែករបស់ព្រះអង្គផ្ទាល់។ តាមពិតអ្នកណាចង់ជួបព្រះយេស៊ូ ឬអ្នកណាចង់ស្គាល់ព្រះយេស៊ូ ព្រះអង្គនឹងសម្តែងឱ្យគេឃើញ ឱ្យគេស្គាល់ពិតប្រាកដមែន។
ស្តេចហេរ៉ូដបានជួបព្រះយេស៊ូនៅពេលព្រះយេស៊ូត្រូវគេចាប់នៅថ្ងៃសុក្រពិសិដ្ឋ គេនាំព្រះយេស៊ូទៅគាល់ស្តេចហេរ៉ូដ ពេលនោះស្តេចហេរ៉ូបានមើលឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក ប៉ុន្តែគាត់មិនអស់ចិត្ត ពីព្រោះព្រះយេស៊ូនៅពេលនោះជាមនុស្សខ្សោយដែលនៅក្នុងដៃរបស់ពួកទាហាន ហើយមានរបួសមានឈាមខ្លះ។ ព្រះយេស៊ូមិនព្រមប្រព្រឹត្តការអស្ចារ្យចំពោះស្តេចហេរ៉ូដ ។
ព្រះយេស៊ូបានយាងមកនៅលើផែនដីនេះ មិនមែនឲ្យគេសរសើរ ឬធ្វើការអស្ចារ្យទេ។ ព្រះយេស៊ូយាងមកដើម្បីសម្តែងអំពីព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ដែលជាព្រះមួយអង្គបន្ទាបខ្លួន រហូតដល់សោយទិវង្គត។ ដូច្នេះស្តេចហេរ៉ូដនៅពេលជួបព្រះយេស៊ូ ស្តេចនឹកអន់ចិត្ត ហើយមិនព្រមជឿ។ ស្តេចហេរ៉ូដដូចជាមនុស្សយើងដែលកំពុងតែស្វែងរកព្រះជាម្ចាស់ រកអត្ថន័យនៃជីវិត ស្វែងរកគោលដៅពិតប្រាកដរបស់សេចក្តីពិតនៃជីវិត ស្វែងរកព្រះដែលជាប្រភពគោលដៅនៃជីវិត។ គំនិតរបស់មនុស្សផ្ទាល់ មិនត្រូវនឹងគំនិតរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់ហួសពីគំនិតរបស់យើង ហើយព្រះអង្គយាងមកចង់ជួបមនុស្ស តែវាហាក់ដូចជាមិន ឬជួបហើយ មិនត្រូវគ្នា។ មនុស្សយើងពេលខ្លះ ហាក់ដូចជាមានគំនិតផ្ទាល់ខ្លួន។ តាមពិតយើងមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង ប៉ុន្តែយើងមិនទទួលទេ ពីព្រោះព្រះជាម្ចាស់មិនត្រូវនឹងគំនិតរបស់យើង មិនត្រូវនឹងទស្សនៈរបស់យើង ដូច្នេះ ដូចស្តេចហេរ៉ូដបានជួបព្រះយេស៊ូ ប៉ុន្តែអត់ស្គាល់ព្រះអង្គ។ ប្រហែលនៅពេលនេះ យើងត្រូវតែបន្ទាបខ្លួន និងបើកចិត្តឱ្យទូលាយឱ្យយើងស្របតាមគំនិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់យាងមកសម្តែងព្រះអង្គ ហើយព្រះអង្គយាងមកនៅក្នុងព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូដែលបន្ទាបខ្លួនដូចជាមនុស្សខ្សោយ ដែលត្រូវគេឆ្កាង ពីព្រោះព្រះយេស៊ូសម្តែងថា ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់សុទ្ធសាធ ហើយនឹងអ្នកណាមានចិត្តស្រឡាញ់ អ្នកនោះបន្ទាបខ្លួន អ្នកនោះសុខចិត្តស្លាប់ប្រសើរជាងគ្រប់គ្រងអ្នកដទៃ ប្រសើរជាងប្រើអំពើហិង្សា។ ព្រះយេស៊ូមិនធ្វើធីចឹងទេ! ព្រះយេស៊ូសម្តែងព្រះជាម្ចាស់យ៉ាងពិតប្រាកដ ជាសេចក្តីពិត ព្រះអង្គសម្តែងថាព្រះជាម្ជាស់បន្ទាបខ្លួនរហូតដល់សោយទិវង្គតនៅលើឈើឆ្កាង។
ដូច្នេះ ជីវិតរបស់យើងត្រូវតែប្រយ័ត្នកុំឱ្យយើងហាក់ដូចជាមិនដែលបានជួបព្រះជាម្ចាស់ ដោយសារតែយើងនៅជាប់នឹងគំនិតរបស់យើង។ ដូច្នេះសុំឱ្យយើងផ្លាស់ប្តូរគំនិត ផ្លាស់ប្តូររបៀបរស់នៅ ដើម្បីជួបព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដើម្បីស្គាល់ព្រះអង្គ។ អ្នកណាបានជួបព្រះជាម្ចាស់អ្នកនោះបានទទួលភាពជោគជ័យនៅក្នុងជីវិត។ស្តេចហេរ៉ូដគាត់បានជួបព្រះយេស៊ូជាព្រះជាម្ចាស់ ប៉ុន្តែមិនបានស្គាល់ព្រះអង្គទេ គឺព្រះយេស៊ូដែលមានរស់ឡើងវិញ។អាម៉ែន ៕