អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៦,១៣-២០អត្ថាធិប្បាយដោយលោកបូជាចារ្យ ប្រាក់ ប៊ុនហុង
នៅថ្ងៃនេះព្រះយេស៊ូបានសួរបណ្ដាជនទាំងឡាយថា បុត្រមនុស្សជានរណា ក្រោយមកព្រះអង្គបានសួរទៅក្រុមសាវ័កទាំង១២នាក់ថា៖ ចុះអ្នករាល់គ្នាវិញគិតថាបុត្រមនុស្សជានរណា?
ជាដំបូងព្រះយេស៊ូបានសួរយោបល់មហាជន អំពីឋានៈរបស់ព្រះអង្គ។ មហាជនរាប់ព្រះអង្គទុកជាព្យាការីមួយរូបដូចព្យាការីឯទៀត ពីដើមព្យាការីមកក្នុងនាមព្រះជាម្ចាស់ ដោយសារពីមុនមានព្យាការីដែលព្រះអង្គចាត់ឱ្យមកដើម្បីដាស់តឿន ដើម្បីលើកទឹកចិត្តដល់ប្រជាជនអ៊ីស្រាអែល។ ព្រះយេស៊ូបានសួរទៅសាវ័កទាំង១២ ប៉ុន្តែអ្នកណាឆ្លើយ? គឺលោកសិលាជាអ្នកឆ្លើយ។ លោកសិលា បានឆ្លើយថា លោកជាព្រះគ្រីស្ត គឺលោកពិតជាស្ដេចដែលយាងមកធ្វើឱ្យព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់កាលពីដើមកើតជារូបរាងហើយ។ ព្រះអង្គយាងមករំដោះជនជាតិយូដា តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ និងតាមការរង់ចាំរបស់ប្រជាជនអ៊ីស្រាអែល។
លោកសិលាបានបន្តថា លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ លោកសិលាបានប្រកាសជំនឿយ៉ាងឱឡារិក ជំនឿដែលយើងបានសូត្រជាប្រចាំរៀងរាល់ថ្ងៃអាទិត្យក្នុងអភិបូជា ហើយជាជំនឿរបស់ព្រះសហគមន៍។ តែក្រោយពេលដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ជំនឿនេះបានបន្តមកដល់យើងសព្វថ្ងៃ។
ព្រះយេស៊ូបានឆ្លើយតបទៅលោកសិលាថា ព្រះបិតារបស់ខ្ញុំបានសម្ដែងឱ្យអ្នករាល់គ្នាដឹង។ ត្រង់ចំណុចនេះ ព្រះយេស៊ូចង់ប្រាប់់ថា មនុស្សយើងពុំអាចស្គាល់ឋានៈដ៏អាថ៍កំបាំងរបស់ព្រះយេស៊ូច្បាស់ទេ ត្រូវតែព្រះជាម្ចាស់បំភ្លឺប្រាជ្ញារបស់លោកសិលាឱ្យគាត់ដឹង ហើយយើងក៏ដូចគ្នា ព្រះជាម្ចាស់បំភ្លឺប្រាជ្ញារបស់យើងឱ្យស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូបានប្រាប់លោកសិលាថា អ្នកឈ្មោះសិលា ព្រះយេស៊ូបានប្ដូរឈ្មោះស៊ីម៉ូនដាក់សិលា ដើម្បីបង្ហាញថា លោកត្រូវធ្វើជាគ្រឹះសម្រាប់ឱ្យព្រះយេស៊ូសង់ព្រះសហគមន៍ពីលើ។ ព្រះយេស៊ូប្រាប់ថា ខ្ញុំនឹងប្រគល់កូនសោរគឺព្រះយេស៊ូផ្ដល់អំណាចឱ្យលោកសិលាក្នុងការណែនាំព្រះសហគមន៍។
ព្រះរាជ្យនៃស្ថានបរមសុខគឺពិភពលោកថ្មី ដែលព្រះជាម្ចាស់កំពុងកសាងនៅក្នុងលោកនេះ ហើយនិងលោកខាងមុខ។ ព្រះសហគមន៍ជាសញ្ញាសម្គាល់អំពីព្រះរាជ្យនោះ គឺព្រះរាជ្យនៃស្ថានបរមសុខ ហើយតាមរយៈព្រះសហគមន៍ ណែនាំឱ្យយើងស្គាល់ខ្លះៗអំពីព្រះរាជ្យនៃស្ថានបរមសុខ។ យើងបានឮពាក្យ «ចងនឹងស្រាយ» គឺបង្ហាញផ្លូវឱ្យមនុស្សបម្រើព្រះជាម្ចាស់។ លោកសិលាប្រៀនប្រដៅមនុស្សក្នុងនាមព្រះជាម្ចាស់។
យើងឃើញព្រះយេស៊ូហាមប្រាមមិនឱ្យសាវ័កប្រាប់នរណាដឹងទេ គឺមនុស្សមិនអាចយល់ពីឋានៈរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះបានច្បាស់ មុនពេលព្រះអង្គសោយទិវង្គតនិងមានព្រះជន្មរស់ឡើងវិញ។ ពេលនោះមានន័យថា មនុស្សត្រូវតែយល់ច្រឡំ ដោយយល់តាមរបៀបលោកកិយថា ព្រះយេស៊ូជាស្ដេចដែលប្រើអំណាច ដែលរំដោះប្រជាជនដោយប្រើអាវុធ។ ព្រះយេស៊ូមិនបង្រៀនឱ្យសាវ័កដឹងអំពីឋានៈរបស់ព្រះអង្គ ដូចយើងធ្លាប់បង្រៀនទេ។ គឺទ្រង់សួរគេវិញថា តើគេមានបទពិសោធយ៉ាងណាពេលគេនៅជាមួយព្រះយេស៊ូរយៈពេលជាយូរ ប៉ុន្តែគេមានបទពិសោធយ៉ាងម៉េច។ ជំនឿរបស់យើងសម្អាងទៅលើជំនឿរបស់ក្រុមគ្រីស្តទូត និងជំនឿរបស់ព្រះសហគមន៍ជាគ្រឹះ ដោយយើងរួមជាមួយលោកសិលាដើម្បីប្រកាសថា ព្រះយេស៊ូពិតជាព្រះគ្រីស្ តគឺពិតជាអ្នកដែលបំពេញសេចក្ដីសង្ឃឹមរបស់យើង ហើយយើងក៏ប្រកាសថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះអង្គប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះបិតា អាចមានទំនាក់ទំនងជាមួយព្រះបិតាបាន។ លោកសិលាជាគ្រឹះរបស់ព្រះសហគមន៍ លោកមានអំណាចណែនាំព្រះសហគមន៍ និងថែរក្សាព្រះសហគមន៍ឱ្យចូលរួមគ្នាជាធ្លុងតែមួយ ជំនឿតែមួយ និងមានចិត្តស្រលាញ់តែមួយ។
សព្វថ្ងៃលោកអភិបាលក្រុងរ៉ូម ព្រះសហគមន៍ក្រុងរ៉ូម ឬសម្ដេចប៉ាប ឱ្យបន្តមុខងារពីលោកសិលា។ តាមពិតព្រះវិញ្ញាណដ៍វិសុទ្ធរបស់ព្រះជាម្ចាស់ របស់ព្រះយេស៊ូជាអ្នកណែនាំលោកអភិបាល ជាអ្នកណែនាំព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬសម្ដេចប៉ាប គ្រាន់តែបំពេញមុខងារប្រមែប្រមូលព្រះសហគមន៍ក្នុងនាមព្រះជាម្ចាស់ប៉ុណ្ណោះ។ ហើយឱ្យយើងរិះគិតអំពីអស់បងប្អូនដែលបំពេញមុខងារគ្រប់គ្រង ឬកាន់អំណាច ត្រូវតែនឹកថា ខ្លួនបានទទួលតំណែងពីព្រះជាម្ចាស់ ខ្លួនគ្រប់គ្រងគេជាឋានៈអ្នកបម្រើដ៏ស្មោះត្រង់ អ្នកកាន់អំណាចឬអ្នកកាន់មុខងារណាមួយ ទោះបីនៅក្នុងគ្រួសារ ក្នុងព្រះសហគមន៍ នៅក្នុងជួររដ្ឋាភិបាលត្រូវតែរកប្រយោជន៍រួម មិនត្រូវរកប្រយោជន៍ផ្ទាល់ខ្លួនសោះឡើយ ហើយទូលអង្វរព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍របស់យើង សង្គមរបស់យើង ឱ្យមេដឹកនាំរបស់យើងទាំងព្រះសហគមន៍ និងមេដឹកនាំផ្សេងៗឱ្យគេបម្រើដោយចិត្តស្មោះត្រង់ដោយរកផលប្រយោជន៍រួម៕