អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣ តាមសន្តម៉ាថាយ ១០,១៧-២២ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូន នៅថ្ងៃនេះព្រះបន្ទូលស្តីពីម៉ាថាយ ១០,១៧-២២ ជាបុណ្យសន្តស្ទេផា​ន។ លោក​ជាសន្តមួយ​ដែលអាចនិយាយបានថាជាមរណសាក្សី​ដំបូងនៃព្រះសហគមន៍តែម្តង ដោយសារគាត់ត្រូវរងទុក្ខ រងគ្រោះ ការបៀតបៀនរហូតដល់ស្លាប់។ ខណៈនោះដែរសន្តប៉ូល មិនទាន់កែប្រែចិត្តគំនិតនៅឡើយ ហើយក៏ជាសាក្សីនៃការសម្លាប់របស់លោកស្ទេផានដែរ។

ព្រះបន្ទូលថ្ងៃនេះ នៅចុងព្រះបន្ទូលបានប្រាប់ថា អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ការសង្គ្រោះរបស់ព្រះជាម្ចាស់មិនមែនបានដោយងាយស្រួលទេ បងប្អូនមានជំនឿហាក់ដូចស្រួល ដោយសារយើងអាចទទួលការជ្រមុជទឹកតាំងពីក្មេងមក តែបងប្អូនជាពិសេសមនុស្សពេញវ័យល្មម ទម្រាំបាន​ក្លាយជា​គ្រីស្តបរិស័ទ គាត់ត្រូវរៀន ត្រូវឈ្វេងយល់ជាការអត់ធ្មត់ស៊ូទ្រាំរហូតដល់គោលដៅដែរ។ ប៉ុន្តែចុងបញ្ចប់មានន័យថា គឺចុងបញ្ចប់នៃជីវិតរបស់យើង អ្នកណារក្សាទុកជំនឿរបស់ខ្លួន​ ទោះបីមានព្រឹត្តិការណ៍ មានការបៀតបៀន មានរឿងច្រើនដែលធ្វើឱ្យយើងបាត់បង់ជំនឿ តែបងប្អូនត្រូវតែតស៊ូ។ បងប្អូនខ្លះមានផ្ទះនៅឆ្ងាយពីព្រះវិហារ ផ្ទះខ្លះអត់មានកន្លែងសូត្រធម៌ អត់មានគ្រីស្តបរិស័ទ បងប្អូនត្រូវតែតស៊ូ ជួបជុំគ្នាអធិដ្ឋានតាម​ជីវិត​បែបគ្រីស្តបរិស័ទ​ដែល​ត្រូវ​ជុំ​គ្នា។ ទោះបីអត់មានព្រះវិហារ តែការជួបជុំគ្នារបស់យើងគឺជាការស៊ូទ្រាំរបស់យើងដែរ ហើយការខិតខំរបស់យើងជួនកាលមានការពិបាកដែរ ជួនកាលយើងមានបញ្ហាធ្វើដំណើរ បញ្ហាសុខភាព បញ្ហាធាតុអាកាស ប៉ុន្តែបងប្អូនណារក្សាខិតខំព្យាយាមរក្សាជំនឿ បង្ហាញជំនឿរបស់យើង ខ្ញុំ​ជឿថា អាចបានទទួលរង្វាន់ពីព្រះជាម្ចាស់ ហើយយើងនឹងទទួលការសង្គ្រោះពីព្រះជាម្ចាស់។

បាទសុំឱ្យជីវិតរបស់សន្តស្ទេផាននៅថ្ងៃនេះ ជួយរំលឹកឱ្យយើងផងដែរ លោកត្រូវបៀតបៀនមិនមែនអ្នកណាឆ្ងាយទេ គឺជនរួមជាតិគឺជនជាតិយូដាតែម្តង ដែលមិនទទួលស្គាល់ព្រះយេស៊ូគ្រីស្ត ហើយគិតថាចលនាថ្មីនេះពិបាក ព្យាយាមតាមសម្លាប់គ្រីស្តបរិស័ទ តែជីវិតរបស់លោកស្ទេផានក្លាយទៅជាអំណោយទានសម្រាប់ព្រះសហគមន៍របស់យើង ធ្វើឱ្យព្រះសហគមន៍មានភាពរឹងមាំក្លាហាន និងបង្ហាញសក្ខីភាពរបស់ខ្លួនទៅអ្នកដទៃទៀត។

សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូនមានកម្លាំង មានចិត្តគំនិតរបៀបលោក​ស្ទេផាននេះ ដើម្បីឱ្យយើងទោះនៅទីណាជិត ឬឆ្ងាយពីព្រះសហគមន៍ ហ៊ានប្រកាសជំនឿរបស់យើង ទោះបីការពិបាក​មានច្រើន តែព្រះជាម្ចាស់នឹងសង្គ្រោះយើងយ៉ាងពិតប្រាកដ​តាមព្រះបន្ទូលថ្ងៃនេះផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail