អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤
(ម៉ាថាយ ៥,២០-២៦)រិះគិតព្រះបន្ទូលដោយលោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានដាស់តឿនយើងជាគ្រីស្តបរិស័ទខ្លះៗ ឱ្យយើងកែប្រែចិត្តគំនិត និងខិតខំប្រព្រឹត្តអំពើល្អដូចព្រះយេស៊ូមានព្រះបន្ទូលថា «ចូរកែប្រែចិត្តគំនិតហើយជឿដំណឹងល្អចុះ»។ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា «ប្រសិនបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្តីសុចរិតរបស់ពួកខាងគណៈផារ៉ាស៊ីទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។»
អ្វីដែលព្រះយេស៊ូចង់មានព្រះបន្ទូលនៅក្នុងថ្ងៃនេះគឺព្រះយេស៊ូចង់ឱ្យយើងកែប្រែចិត្តគំនិតកុំធ្វើដូចគេ កុំធ្វើដូចពួកខាងគណៈផារ៉ាស៊ី គឺពួកខាងគណៈផារ៉ាស៊ីគេគិតតែខ្លួនឯង គិតអំពីផលប្រយោជន៍ខ្លួនឯង ឬអាត្មានិយម ឬគេពូកែនិយាយស្តីក៏ប៉ុន្តែគេមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ គេគិតតែអំពីវិន័យ គិតតែពីផលប្រយោជន៍ផ្សេងៗសម្រាប់ខ្លួនគេ ហើយគេរិះគន់អ្នកដទៃ មានន័យថាគេអត់បានស្រឡញ់ព្រះជាម្ចាស់ពិតប្រាកដទេ។ ហេតុនេះហើយទើបព្រះយេស៊ូជ្រើសរើសយើង ហើយយើងត្រូវតែសុចរិត យើងត្រូវតែជាមនុស្សល្អ ទោះបីរាល់ថ្ងៃរាល់ពេលយើងធ្វើខុស ក៏ប៉ុន្តែឱ្យយើងដឹងខ្លួនឯងថាខ្ញុំបានធ្វើខុស ហើយយល់់ព្រមកែប្រែចិត្តគំនិតមិនក្រអើតក្រទមដូចពួកគណៈផារ៉ាស៊ី។
មានតែពួកគេតែប៉ុណ្ណោះដែលជាអ្នកចេះដឹង អ្នកឯទៀតៗសុទ្ធតែជាល្ងង់ខ្លៅ។ ព្រះយេស៊ូអត់ចង់បានរបៀបនេះទេ គឺព្រះយេស៊ូចង់ឱ្យយើងម្នាក់ៗមានតម្លៃស្មើៗគ្នា។ យើងមិនអាចមើលងាយនរណាម្នាក់បានទេ ទោះបីគេអ្នកមាន ទោះបីគេអ្នកក្រ ទោះបីគេជាជនពិការ ទោះបីគេគ្មានអវៈយវៈគ្រប់គ្រាន់ ព្រះយេស៊ូឱ្យយើងម្នាក់ៗមានតម្លៃស្មើៗគ្នា។
ចំណុចទីពីរព្រះយេស៊ូមានព្រះបន្ទូលថា «អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវផ្តន្ទាទោស រីឯខ្ញុំវិញខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូនអ្នកនោះត្រូវគេផ្តន្ទាទោសដែរ»។ យើងមិនទាន់បានសម្លាប់គេទេ តែយើងបានពោលពាក្យខឹង ឬពោលពាក្យអត់ល្អ ឬមានគំនុំគុំកួនក៏យើងមានទោសដល់ជីវិតរបស់យើងដែរ។ បងប្អូនជាទីស្រឡាញ់ អ្វីដែលព្រះយេស៊ូប្រាប់យើង គឺព្រះអង្គចង់កែប្រែជីវិតរបស់យើង ឱ្យយើងក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមរបស់យើង នៅក្នុងក្រុមគ្រួសាររបស់យើង នៅក្នុងប្រទេសរបស់យើង យើងមិនទាន់សម្លាប់មនុស្សទេ តែប្រសិនបើយើងពោលពាក្យ ឬកាយវិការណាមួយអត់ល្អ ឬមានការប្រមាថ ពេលនោះហើយដែលយើងមានទោសធ្ងន់។ ហេតុនេះនៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះនៅក្នុងសង្គមរបស់យើង យើងមានទាំងអស់ ទាំងអ្នកក្រអឺតក្រទមគិតថាខ្លួនឯងពូកែ ខ្លួនឯងខ្លាំង ខ្លួនឯងជាអ្នកមាន ខ្លួនឯងជាអ្នកចេះដឹងមានសញ្ញាបត្រជាMaster មានសញ្ញាប័ត្រជាវិជ្ជបណ្ឌិត មើលងាយអ្នកតូចតាចអត់ត្រូវទេ ព្រះយេស៊ូអត់ចង់ឲ្យយើងជាមនុស្សបែបនោះឡើយ។
ម្យ៉ាងទៀតយើងឃើញថានៅក្នុងសង្គមរបស់យើងកាប់សម្លាប់គ្នា អំពើហិង្សាដូចនៅអ៊ីស្រាអែល ប៉ាឡេស្ទីន នៅរុស្ស៊ី នៅអ៊ុយក្រែន ឬនៅមីយ៉ាន់ម៉ា យើងមានបញ្ហានេះច្រើន ឬនៅក្នុងសង្គមយើង យើងមានដូចជាហិង្សាចំពោះគ្នានិងគ្នា ជួនកាលមិនបានប្រើហិង្សាដោយកម្លាំងកាយ តែយើងប្រើហិង្សាដោយការពោលពាក្យ ឬដោយវាចារ ហេតុនេះព្រះយេស៊ូឱ្យយើងប្រយ័ត្នប្រយែងរបៀបដែលយើងនិយាយ របៀបដែលយើងគិត។ ប្រសិនបើយើងជាអ្នករៀនសូត្រ ឱ្យយើងនិយាយនិងគិតប្រយ័ត្នប្រយែង និងឱ្យយើងប្រយ័ត្នប្រយែងក្នុងការធ្វើ។
ចំណុចចុងក្រោយប្រសិនបើយើងមានជម្លោះជាមួយគ្នា ប្រសិនបើយើងចង់ថ្វាយដង្វាយទៅព្រះជាម្ចាស់យើងត្រូវតែស្រុះស្រួលគ្នាជាមុនសិន ទើបយកដង្វាយរបស់យើងទៅថ្វាយព្រះជាម្ចាស់បាន ក៏ប៉ុន្តែយើងចង់ថ្វាយទៅព្រះជាម្ចាស់ដោយមានចិត្តឆេះឆួល មានភ្លើងនៅក្នុងចិត្តប្រកាន់គេ ខឹងគេ មិនចេះលើកលែងទោសឱ្យគេ តើយើងថ្វាយដង្វាយបានផលប្រយោជន៍អ្វី? ហេតុនេះព្រះយេស៊ូចង់ឱ្យយើងកែប្រែចិត្តគំនិត។
ប្រសិនបើចង់ឱ្យដង្វាយរបស់អ្នកបានបរិសុទ្ធចូរស្រុះស្រួលគ្នា ហើយពេលណាអ្នកស្រុះស្រួលគ្នាហើយចូរយកដង្វាយរបស់អ្នកទៅថ្វាយព្រះជាម្ចាស់បាន។ ហេតុនេះយើងទូលអង្វរព្រះជាម្ចាស់សុំព្រះអង្គមេត្តាប្រោសប្រទានឱ្យយើងជាគ្រីស្តបរិស័ទ ចេះយកអាសារគេ ចេះស្រឡាញ់គេ និងចេះលើកលែងទោសឱ្យគេ និងសុំឱ្យយើងយកព្រះបន្ទូលរបស់ព្រះយេស៊ូនៅក្នុងថ្ងៃនេះទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។ អាម៉ែន៕
វាយអត្ថបទដោយ សេង លក្ខិណា