អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ តាមលូកា ១៨,៣៥-៤៣ អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​សែ សាត

នៅក្នុងអត្ថបទដំណឹងល្អ ព្រះយេស៊ូបានធ្វើដំណើរទៅដល់ក្រុងយេរីខូហើយមានបុរស ម្នាក់ជាមនុស្សខ្វាក់​ឈ្មោះបាទីមេអង្គុយសុំទាននៅតាមផ្លូវ។លោក​បាទីមេផ្ទាល់ជាតួអង្គសំខាន់ចង់ដឹងហេតុការណ៍ដែលកំពុងកើតឡើង​គាត់​ក៏បានសួរគេ គេក៏បានប្រាប់រឿងរ៉ាវដល់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត​បាន​យាងកាត់តាមនោះ ពេលដែលគាត់លឺថាព្រះយេស៊ូយាងកាត់តាមនោះ គាត់បានស្រែកទូលអង្វរទៅព្រះយេស៊ូភ្លាម «ឱ!ព្រះរាជវង្សព្រះបាទដាវីឌអើយ សូម​អាណិត​មេត្តាទូលបង្គំផង។» នៅពេលដែលគាត់បានស្រែកទូលអង្វរនោះ អ្នកដែលដើរ​នៅខាងមុខបានឃាត់គាត់ឱ្យនៅស្ងៀម ប៉ុន្តែឧបសគ្គនេះមិនបានរារាំងគាត់នោះទេ គាត់រឹតតែស្រែកខ្លាំងឡើងៗ។ ការស្រែកទូលអង្វររបស់គាត់នេះ ធ្វើឱ្យព្រះយេស៊ូឈប់ហើយ​បញ្ជា​គេ​ឱ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះគាត់ចូលមកជិតហើយព្រះយេស៊ូក៏​មាន​ព្រះបន្ទូលទៅគាត់ តើអ្នកចង់ឱ្យខ្ញុំធ្វើអី? លោកបាទីមេក៏ទូលទៅព្រះអង្គ «បពិត្រ​ព្រះអម្ចាស់ សូមប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ បន្ទាប់មកព្រះយេស៊ូក៏មាន​ព្រះ​បន្ទូល​ទៅគាត់ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឱ្យភ្នែករបស់អ្នកបានភ្លឺ​ឡើង​វិញ​ចុះ» ហើយរំពេចនោះភ្នែករបស់គាត់ក៏បានភ្លឺឡើងវិញភ្លាម ហើយធ្វើឱ្យមនុស្ស​ម្នា​រួម​ទាំងគាត់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។

តាមរយៈព្រះបន្ទូលដំណឹង​ល្អនៅថ្ងៃនេះគឺគំរូរបស់លោកបាទីមេជាគំរូនៃជីវិតរបស់យើងម្នាក់ៗ ដែលដំណាក់​ទីមួយគាត់ចង់ដឹងថាមានអ្វីកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្រចាំថ្ងៃ ព្រឹត្តិការណ៍ដែល​កើត​ឡើង​នោះមានមនុស្សអ៊ូរអរ ចង់ដឹង ហើយនៅពេលដែលគេប្រាប់ គាត់មានជំនឿ​ ទូលអង្វរទៅព្រះយេស៊ូភ្លាម។ ឧបសគ្គដែលអ្នកផ្សេងមិនឱ្យតម្លៃគាត់ ហើយបានសុំឱ្យគាត់នៅស្ងៀម បានសុំឱ្យគាត់បោះបង់ការអធិដ្ឋាន​ចោល​ទៅ ប៉ុន្តែលោកបាទីមេ មិនបានបោះបង់ទេ គាត់បានស្រែកខ្លាំងឡើងៗដែលធ្វើ​ឱ្យ​ព្រះយេស៊ូលឺ ហើយក៏ឈប់ និងសុំឱ្យគេនាំគាត់មកជិតព្រះអង្គ ក្រោយមកគាត់ក៏​បាន​ភ្លឺហើយព្រះយេស៊ូបំពេញកិច្ចការតាមជំនឿរបស់គាត់។​

រឿងនេះ​រំលឹកយើងម្នាក់ៗតាមរយៈ​លោកបាទីមេ​ ឲ្យ​ទូលអង្វរព្រះជាម្ចាស់ដោយបន្ទាបខ្លួនក្នុងឋានៈ​ជាអ្នកក្រីក្រ​ម្នាក់ អ្នកសុំទាន​ដោយមិនពឹងផ្អែកលើអ្វីផ្សេងក្រៅពីជួបព្រះអង្គ គឺមានតែជំនឿតែ​ប៉ុណ្ណោះគាត់យកមកជួបព្រះអង្គដោយទួលអង្វរ។ យើងម្នាក់ៗជាគ្រីស្តបរិស័ទទាំង​រូប​ខ្ញុំ​ផ្ទាល់ជាលោកបូជាចារ្យ យើងមានឧបសគ្គក្នុងការស្វែងរកព្រះជាម្ចាស់ ព្រឹត្តិការណ៍​ផ្សេងៗដែលរាំងស្ទះជីវិតខាងផ្លូវវិញ្ញាណរបស់យើងម្នាក់ៗ។ ចំណុចនេះដែរ នាំឱ្យការ​​អធិដ្ឋាន​របស់យើងខ្សោយ នាំឱ្យយើងមិនចង់ទៅជួបព្រះជាម្ចាស់ ពេលអភិបូជាដូចជាមិន​សូវ​មាន​កម្លាំង។ រួមជាមួយគ្នានោះទៀត នាំឱ្យយើងខ្វះទៅទទួលអគ្គសញ្ញាលើកលែង​ទោសរំដោះបាប យើងខ្មាស់។ អាម៉ាស់នេះប្រៀបដូចជាឧបសគ្គរាំងស្ទះនាំឱ្យយើងនៅ​ស្ងៀមមិនបាច់ទៅជួបព្រះអង្គនោះទេ មិនបាច់ទូលអង្វរព្រះអង្គទេ មិនបាច់ទទួល​ការសង្គ្រោះពីព្រះអង្គទេ។ កន្លែងនេះ តើយើងយកគំរូតាមលោកបាទីមេ​ដោយ​របៀប​ណា? ​នៅពេលជួបឧបសគ្គបែបនេះបាទីមេកាន់តែស្រែកខ្លាំងឡើងៗ។ កន្លែងនេះ​យើងម្នាក់ជាគ្រីស្តបរិស័ទដូចគ្នាដែរ ​អភិបូជាថ្ងៃអាទិត្យយើងជឿថាមានវត្តមានរបស់​ព្រះជាម្ចាស់ដែលជួយដោះស្រាយនិង​ពុះពារឧបសគ្គនានា ការរាំងស្ទះនានាក្នុង​ជីវិត​ប្រចាំថ្ងៃ ជាពិសេសជីវិតខាងផ្លូវវិញ្ញាណ។ ពេលខ្លះយើងមានឧបសគ្គកាន់តែខ្លាំង យើង​ខ្លាច ជួបលោកបូជាចារ្យទទួលអគ្គសញ្ញាលើកលែងទោស​រំដោះ​បាប ពេលខ្លះអត់មានជំនឿខ្លះ ខ្វះជំនឿខ្លះ។ កន្លែងនេះយើងរិះគិតឡើងវិញ ខ្វះជំនឿគឺអត់ជឿ អត់ស្រាយបាបជាមួយលោកបូជាចារ្យ គិតពិចារណាឡើងវិញអំពីជំនឿ និងសេចក្ដី​ស្រលាញ់រប​ស់ព្រះជាម្ចាស់ចំពោះខ្លួន ហើយទទួលអគ្គសញ្ញា និងទទួលព្រះអង្គយ៉ាង​សមរម្យដើម្បីទទួលការសង្គ្រោះយ៉ាងពិតប្រាកដពេញលេញ។ ណាមួយក៏ត្រៀមទទួល​នៅសប្ដាហ៍ក្រោយ យើងចូលរដូវរង់ចាំជារបៀបដែលយើងត្រៀមខ្លួន។

ដូច្នេះសូម​ព្រះជាម្ចាស់​ប្រទានព្រះពរដល់យើងម្នាក់ៗ ហើយបងប្អូនត្រូវយកចិត្តទុកដាក់ កុំខ្លាច​ទៅ​ជួបព្រះជាម្ចាស់ក្នុងការអធិដ្ឋាន ជាពិសេសអភិបូជាប្រចាំថ្ងៃ យើងអធិដ្ឋានទូលអង្វរព្រះអង្គឱ្យសកម្មភាពនៃជំនឿ សកម្មភាពនៃជីវិតរបស់​គ្រីស្តបរិស័ទ​យើង​នេះ​សកម្មឡើង និងកុំឱ្យយើងខ្លាចក្នុងការទទួលអគ្គសញ្ញា​លើក​លែង​ទោស​រំដោះបាបផងដែរ។ កុំឱ្យមានឧបសគ្គនេះ ឧបសគ្គនោះ នាំឱ្យយើង​ខ្លាច ប៉ុន្តែឱ្យយើងក្លាហានដើម្បីទទួលការព្យាបាលដោយសារជំនឿ ដោយដឹងថា​ព្រះជាម្ចាស់ស្រលាញ់យើង និងចង់ឱ្យជីវិតរបស់យើងបង្កើតបានផលផ្លែ​កសាង​ព្រះរាជ្យ​របស់ព្រះជាម្ចាស់ គឺនាំឱ្យមនុស្សឯទៀតៗស្គាល់ និងទទួលស្គាល់ព្រះអង្គជា​ព្រះ​របស់ខ្លួន ដូចយើងម្នាក់បានទទួលផងដែរ។ ដូច្នេះសូមព្រះអង្គប្រទានពរដល់យើង ហើយសូមឱ្យជំនឿរបស់យើងបង្កើតបានផលពូជសម្រាប់ជីវិតអស់កល្បជានិច្ចសម្រាប់មនុស្សឯទៀតៗផង។ អាម៉ែន៕

Daily Program

Livesteam thumbnail