អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដោយលោកអភិបាល សិលា សួន ហង្សលីថ្ងៃសៅរិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃសៅរ៍ អាទិត្យទី២៣ ក្នុងរដូវធម្មតាលូកា ៦,៤៣-៤៩
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំសូមចែករំលែកព្រះបន្ទូលដំណឹងល្អដែលយើងស្តាប់នៅថ្ងៃសៅរ៍ អាទិត្យទី២៣ រដូវធម្មតា ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលដំណឹងល្អដែលព្រះយេស៊ូមានព្រះបន្ទូលថា ដើមឈើល្អតែងតែផ្តល់ឱ្យផ្លែល្អ ដើមឈើអាក្រក់ឱ្យផ្លែអាក្រក់។ ហើយមួយទៀតព្រះយេស៊ូមានព្រះបន្ទូលថា បើសិនជាអ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយអនុវត្តតាមអ្នកនោះប្រៀបបាននឹងអ្នកដែលសង់ផ្ទះហើយចាក់គ្រឹះនៅលើផ្ទាំងថ្ម ទោះបីជួបខ្យល់ព្យុះមិនរលំ រីឯអ្នកដែលស្ដាប់ព្រះបន្ទូលហើយមិនអនុវត្តតាមប្រៀបបាននឹងអ្នកសង់ផ្ទះហើយអត់បានចាក់គ្រឹះ នៅពេលដែលមានភ្លៀង មានខ្យល់ព្យុះផ្ទះនោះនឹងរលំ។ ព្រះបន្ទូលនៅថ្ងៃនេះ ខ្ញុំចាប់អារម្មណ៍ទីមួយឲ្យយើងសួរខ្លួនយើងមើលថា តើយើងម្នាក់ៗហាក់បីដូចជាដើមឈើប្រភេទណា។ យើងទាំងអស់គ្នាធ្លាប់ស្គាល់ហើយ ដើមស្វាយមិនអាចឲ្យផ្លែចេកបានទេ ដើមស្វាយត្រូវតែផ្ដល់ផ្លែស្វាយ។ ព្រះយេស៊ូបានលើកឧទាហរណ៍ សាមញ្ញៗក្នុងរបៀបដែលយើងរស់នៅក្នុងលោកនេះ តើយើងជាដើមឈើល្អរឺដើមឈើអាក្រក់ ប្រសិនបើយើងដើមឈើល្អមែន យើងនឹងផ្តល់ផ្លែល្អ បង្កើតផលល្អ។ ផលល្អដែលព្រះយេស៊ូចង់មានព្រះបន្ទូលក្នុងអត្ថបទនេះគឺជាផលដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ យើងបានស្គាល់ហើយ មានដូចជា សេចក្តីស្រឡាញ់ ចិត្តសប្បុរសចំពោះបងប្អូនឯទៀតៗ រឺក៏យើងជួយអ្នកដទៃដោយមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន និងមានអំពើជាច្រើនទៀតដែលយើងយល់ថាយើងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ជាពិសេសគឺ ការអធិដ្ឋាន និងទំនាក់ទំនងជាមួយព្រះអង្គ ព្រមទាំងទំនាក់ទំនងជាបងប្អូនឯទៀតៗបានយ៉ាងល្អប្រសើរ ដែលយើងអាចនិយាយបានថាជាលផដែលមកពីដើមឈើល្អ។ យើងអាចសួរដែរថាយើងធ្លាប់ បង្កើតផលអាក្រក់ ឧទាហរណ៍ ឈ្នានីសអ្នកដទៃ និយាយអាក្រក់អំពីគេ រឺក៏ពាក្យសំដូរបស់យើងពិសពុល ជនកាលយើងបាននិយាយមិនល្អពីអ្នកដទៃ ប្រាប់អ្នកផ្សេងទៀត។ ជួនកាលឪពុកម្តាយចិញ្ចឹមកូន តែគិតពីឱ្យកូនធ្វើការជាប្រយោជន៍របស់ខ្លួន ជួនកាលខ្លួនផឹកស្រាលឱ្យកូនរកលុយយកមកឱ្យក៏មានដែរ។ ដូចនេះហើយយើងអាចរិះកិតមើលថា យើងជាដើម្បីឈើប្រភេទណា ឱ្យផ្លែល្អ រឺអាក្រក់ តើយើងធ្វើជាគំរូល្អ រឺធ្វើជាគំរូអាក្រក់ ហើយព្រះបន្ទូលរបស់ព្រះយេស៊ូនៅថ្ងៃបានជួយរំលឹកយើង នឹងប្រសិនបើយើងបង្កើតផលល្អមែននោះយើងហាក់បីដូចជាមនុស្សម្នាក់ដែលស្តាប់ព្រះបន្ទូលរបស់ព្រះអង្គហើយអនុវត្តតាម ហើយបើដូច្នេះមែនគឺជីវីតរបស់យើងរឹងមាំ ដូចជាអ្នកដែលសង់ផ្ទះនៅលើផ្ទាំងថ្ម ទោះបីជួបឧបសគ្គផ្សេងៗ ជំនឿមិនអន់ខ្សោយហើយជីវិតរបស់យើងនឹងបន្តដំណើរទៅមុខរហូតដល់គោលដៅដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើង។
បងប្អូនជាទីស្រឡាញ់ ចូលយើងអធិដ្ឋានចំពោះគ្នាទៅវិញទៅមក សូមព្រះអង្គប្រទានពរឱ្យគ្រីស្តបរិស័ទយើងទាំងអស់ អាចក្លាយជាដើមឈើល្អ អាចក្លាយជាអ្នកសង់ផ្ទះនៅលើផ្ទាំងថ្ម គឺដើម្បីឱ្យជីវិតយើងរឹងមាំដើម្បីអាចធ្វើដំណើរឆ្លងកាត់ឧបសគ្គនានា ទៅដល់ព្រះរាជ្យរបស់ព្រះអង្គ។ អាមែន!