តើមានសកម្មភាពណាខ្លះដែលជួយឲ្យយើងបានយល់អំពីជំនឿ?

បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល(ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ «ដោយសារជំនឿ ខ្ញុំបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់» សំណួរបានចោទសួរថា៖ តើមានអ្វីដែលជួយឲ្យយើងយល់ពីជំនឿ? ជំនឿគឺជាអំណោយទានដែលមកពីព្រះជាម្ចាស់! ព្រះជាម្ចាស់បានប្រទានជំនឿនេះមកកាន់មនុស្សលោកដើម្បីឲ្យគេមានសេចក្តីសង្ឃឹម និងរស់នៅប្រកដដោយសេចក្តីសុខសាន្តក្នុងជីវិត ឬក៏អស់អ្នកដែលព្រះអង្គបានសព្វព្រះហឫទ័យ ដើម្បីឲ្យយើងជាមនុស្សលោកបានស្គាល់ និងស្រឡាញ់ព្រះអង្គ។
ជំនឿគឺជាការបំភ្លឺប្រាជ្ញា ជាការបំភ្លឺចិត្តគំនិតរបស់យើងដែលបានមកពីព្រះជាម្ចាស់ ដើម្បីឲ្យខ្ញុំបានស្គាល់សេចក្តីពិត និងបានយល់យ៉ាងច្បាស់អំពីអត្ថន័យនៃជីវិតរបស់ខ្លួនផ្ទាល់ ជាតំលៃដ៏អស្ចារ្យនៃជីវិតដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានមក។ ខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ អ្វីដែលទ្រង់សម្តែងឲ្យខ្ញុំស្គាល់អំពីព្រះអង្គ អំពីមនុស្សលោក អំពីអត្ថន័យនៃជីវិត នឹងជំរុញឲ្យខ្ញុំជឿទុកចិត្ត! ព្រះជាម្ចាស់ជាសេចក្តីពិតមិនអាចកុហក់បានឡើយ។ ហេតុនេះពេលខ្ញុំមានជំនឿពិតប្រាកដ ខ្ញុំជឿទុកចិត្តលើព្រះអង្គ ខ្ញុំផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ខ្ញុំជឿថាព្រះជាម្ចាស់គង់នៅជាមួយខ្ញុំគ្រប់ពេលវេលា។
ជំនឿបានជំរុញឲ្យខ្ញុំស្រឡាញ់ខ្លួនឯង ស្រឡាញ់ព្រះជាម្ចាស់ ស្រឡាញ់អ្នកដទៃ ហើយបេសកម្មរបស់ខ្ញុំគឺចែករំលែកជំនឿដល់មនុស្សគ្រប់គ្នាដែលស្រែកឃ្លានជំនឿ ចង់ដឹងចង់ស្គាល់ព្រះយេស៊ូ។ ជីវិតរបស់គ្រីស្តបរិស័ទគឺប្រតិបត្តិតាមជំនឿរបស់ខ្លួន ដោយខិតខំប្រតិបត្តិកិច្ចការដែលគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពោរពេញដោយកាយព្រះវិញ្ញាណជួយបំភ្លឺ និងអប់រំណែនាំជានិច្ច។ ដើម្បីព្រះជាម្ចាស់ និងខ្លួនឯងផងខ្ញុំត្រូវតែអធិដ្ឋាន ក៏ដូចការចូលរួមថ្វាយអភិបូជា ដែលជាពិធីអស្ចារ្យក្នុងប្រពៃណីរបស់ព្រះសហគមន៍កាតូលិករបស់យើង។
បងប្អូនជាទីស្រឡាញ់រាប់អាន! ជំនឿបានធ្វើឲ្យយើងគ្រប់គ្នាបានស្គាល់ព្រះជាម្ចាស់ ជួយឲ្យខ្ញុំបានយល់អំពីអត្ថន័យនៃជីវិត ខ្ញុំស្គាល់ពីតំលៃរបស់មនុស្សទូរទៅនៅក្នុងពិភពលោក។ ជាការពិតណាស់! ដោយសារជំនឿខ្ញុំជឿទុកចិត្តលើព្រះអង្គ ខ្ញុំក៏បានផ្ញើអ្វីៗទាំងអស់ទៅលើព្រះអង្គ ទាំងអំណរសប្បាយ ទុក្ខព្រួយជាដើម។ល។ កាន់តែពិសេសនោះគឺជំនឿបានជំរុញឲ្យខ្ញុំប្រព្រឹត្តកិច្ចការដែលពោរពេញដោយសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែលជាប្រភពដើមនៃជំនឿរបស់យើងគ្រប់គ្នា និងចំពោះអ្នកដទៃ។ អាមែន
ដោយ ឆាក លាំង
Daily Program
