អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អអថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៣ តាមលូកា ៦,១-៥អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងស្តាប់អត្ថបទគម្ពីរថ្លែងអំពី ថ្ងៃសប្ប័ទក្រុមសាវ័កធ្វើដំណើរជាមួយព្រះយេស៊ូ ហើយគេឃ្លាន និងបានបូតស្រូវដើម្បីយកមកបរិភោគ បន្ទាប់មកគណៈផារ៉ាស៊ីបានសួរ ហេតុអ្វីសាវ័ករបស់ព្រះយេស៊ូធ្វើការនៅថ្ងៃសប្ប័ទ ក្រោយមកព្រះយេស៊ូបានពន្យល់គេអំពីគម្ពីរដែលធ្លាប់មានចែងអំពីស្តេចដាវីត អំពីបូជាចារ្យដែលធ្លាប់ធ្វើខុសវិន័យថ្ងៃសប្ប័ទ ប៉ុន្តែនៅក្នុងកាលៈទេសៈនោះគេអត់មានទោសទេ ដូច្នេះហើយព្រះយេស៊ូមានព្រះបន្ទូលថា បើអ្នករាល់គ្នាយល់ អ្នករាល់និងមិនប្រកាន់អ្នកទាំងនេះដែលមានគ្មានទោសកំហុសឡើយ ព្រះអង្គមានព្រះបន្ទូលទៀតថា បុត្រមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ។
បងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលនៅថ្ងៃនេះ ណែនាំឱ្យយើងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះយេស៊ូគឺ «បុត្រមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ» ហើយបុត្រមនុស្សនេះគឺព្រះយេស៊ូផ្ទាល់។ មួយវិញទៀតយើងត្រូវយល់អំពីថ្ងៃសប្ប័ទ តាមពិតតាមវិន័យរបស់សាសនាយូដាគឺហាមមិនឱ្យធ្វើការ ជាថ្ងៃដែលគេឈប់សម្រាកថ្វាយទៅព្រះជាម្ចាស់ ជាថ្ងៃដែលគេគោរពកោតសរសើរព្រះជាម្ចាស់ ដើម្បីអរព្រះគុណព្រះអង្គ និងដើម្បីមានទំនាក់ទំនងយ៉ាងពិសេសជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែប្រសិនបើសាវ័កគេធ្វើការនៅថ្ងៃសប្ប័ទមែន ពិតមែនគេមានកំហុស ហើយព្រះយេស៊ូបានឧទាហរណ៍ឱ្យគេយល់ថា គេអត់មានកំហុសដោយសារ ៖
ទី១ ពេលស្តេចដាវីតចូលយកនំបុ័ងដែរគេ ដាក់ថ្វាយព្រះជាម្ចាស់ បានយកមកសោយហើយចែកឱ្យបរិពាបរិភោគ ហើយគេអត់មានកំហុស ហើយបូជាចារ្យធ្លាប់បំពេញមុខងារនៅថ្ងៃសប្ប័ទ គេធ្លាប់បំពានលើវិន័យដែរតែអត់មានកំហុសទេ ដូចច្នេះមានកាលៈទេសៈខ្លះដែលមានការលើកលែងក្នុងវិន័យរបស់ព្រះជាម្ចាស់ ហើយសារព្រះជាម្ចាស់ត្រូវការសេចក្តីមេត្តាករុណា មិនមែនសំខាន់លើអំពើផ្សេងៗ រឺការថ្វាយតង្វាយជាដើម។ វិន័យសំខាន់ ណែនាំឱ្យមនុស្សយើងបានសេចក្តីសុខ និងមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់ និងជាមួយបងប្អូនឯទៀតៗ ព្រមទាំងជួយលើកតម្លៃនៃជីវិតមនុស្ស។ ដូចនេះព្រះយេស៊ូដូចជាព្យាយាមការអះអាងផ្សេងៗដើម្បីពន្យល់ថា តាមពិតពួកគេទាំងនោះមិនមានកំហុសទេ។
ទី២ ព្រះយេស៊ូបានពន្យល់គេអំពីសេចក្តីទាំងនេះដើម្បីប្រាប់គេថា តាមពិតព្រះអង្គផ្ទាល់ គឺជាម្ចាស់លើថ្ងៃសប្ប័ទ ដោយសារអ្វី? ដោយសារតាមពិតថ្ងៃសប្ប័ទផ្តល់ឱ្យប្រជាជនបានសម្រាក និងមានអំណរសប្បាយជាពិសេសមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយយើងដឹងថាព្រះយេស៊ូជាព្រះជាម្ចាស់ ជាព្រះបុត្រាររបស់ព្រះជាម្ចាស់ដែលគង់នៅជាមួយគេ ព្រះអង្គបាននាំទំនាក់ទំនងយ៉ាងពិសេសជាមួយប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះជាម្ចាស់បាននាំឱ្យគេមានអំណរសប្បាយ។ ពេលព្រះអង្គមានវត្តមាននៅទីនោះ ពិតប្រកដហើយគឺមានវត្តមានរបស់ព្រះជាម្ចាស់ ដូចនេះហើយបើគេឃ្លានត្រូវការអ្វីបរិភោគ ជាជាងឱ្យគេដាច់ពោះស្លាប់ គេត្រូវការអ្វីបរិភោគក៏គាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាពេលវេលាដើម្បីលើកតម្កើងតម្លៃរបស់មនុស្សដែរ ដូចនេះហើយព្រះយេស៊ូពន្យល់គេថាព្រះអង្គជាម្ចាស់លើថ្ងៃសប្ប័ទ។
ទី៣ ក្នុងអត្ថបទគម្ពីរនេះណែនាំឱ្យយើងរិះគិតពិចារណាថា តើនៅក្នុងលោកនេះយើងរស់នៅតាមវិន័យយ៉ាងដូចម្តេច? តើយើងអនុវត្តវិន័យដើម្បីចាប់កំហុសគេ ដើម្បីដាក់ទោសអ្នកដទៃរឺយ៉ាងណា រឺក៏យើងប្រើវិន័យដើម្បីសម្រួលឱ្យការរស់នៅរបស់យើងដើម្បីបានភាពល្អប្រសើរ។ ក្នុងនាមជាអ្នកណែនាំព្រះសហគមន៍ រឺក្នុងនាមជាអ្នកណែនាំក្រុមណាមួយ រឺក៏នៅក្នុងក្រុមគ្រួសារមួយ តើអាណាព្យាបាលយើងត្រូវប្រើវិន័យយ៉ាងដូចម្តេចដែរ? ថ្ងៃនេះព្រះយេស៊ូជួយរំលឹកយើងថា គ្រប់វិន័យទាំងអស់ គឺយើងប្រើដើម្បីជាប្រយោជន៍ដល់មនុស្ស មិនមែនដើម្បីធ្វើបាបមនុស្សទេ។
សូមព្រះជាម្ចាស់ ជួយបំភ្លឺនិងណែនាំយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ ឱ្យយើងទាំងអស់គ្នាអាចរស់នៅគាប់ព្រះហឫទ័យរបស់ព្រះអង្គ និងរស់នៅតាមវិន័យរបស់ព្រះអង្គជាប្រយោជន៍ដល់មនុស្សឯទៀតៗយ៉ាងល្អប្រសើរ។ អាម៉ែន!