អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣ តាមលូកា ១០,១៣-១៦អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ផាន បូរី

នៅក្នុងអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះ បានលឺថាព្រះយេស៊ូបានស្តីបន្ទោសឱ្យពួកគណៈផារ៉ាស៊ី ពួកសាដូស៊ី  ពួកធម្មវិន័យ និងអ្នកចេះដឹងជាច្រើនទៀត ដោយព្រះអង្គមានព្រះបន្ទូលថា អ្នកក្រុងខូរ៉ាស៊ីនអើយ អ្នកត្រូវវេទនាជាពុំខាន។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យដែលអ្នករាល់គ្នាបានឃើញនៅទីនេះ សមតែអ្នកក្រុងនោះកែប្រែចិត្តគំនិតជាមិនខាន។  ហេតុនេះអ្វីដែលព្រះយេស៊ូចង់ឱ្យគេធ្វើនោះគឺកែប្រែចិត្តគំនិតពីទំលាប់មិនល្អ ក្លាយទៅជាមនុស្សដែលមានទំលាប់ល្អ ពីមនុស្សដែលរស់នៅអត់មានសីលធម៌ កែប្រែទៅជាមនុស្សដែលមានសីលធម៌ កែប្រែពីមនុស្សដែលមានចិត្តកោងកាចសាហាវព្រៃផ្ស មកនៅជាមនុស្សស្លូតបូត កែប្រែពីរបៀបដែលមនុស្សចូលចិត្តអំពើហិង្សា សង្គ្រាម កាប់ចាក់គ្នាមកក្លាយទៅជាជនដែលចេះកសាងសន្តិភាព និងរកសេចក្តីសុខសនិ្តភាពឱ្យគ្នាទៅវិញទៅមក។

ហេតុនេះអ្វីដែលព្រះយេស៊ូចង់ធ្វើនោះគឺឱ្យអ្នកណែនាំចេះកែប្រែចិត្តគំនិត ដោយសារពួកគេបានឃើញការអស្ចារ្យដែលព្រះយេស៊ូបានធ្វើ គឺព្រះអង្គប្រោសអ្នកជំងឺឱ្យបានជា  ព្រះអង្គនៅជាមួយអ្នកបាប ព្រះអង្គកែប្រែអ្នកបាបឱ្យទៅជាមនុស្សល្អ ព្រះអង្គនៅជាមួយអ្នកទារពន្ធ ព្រះយេស៊ូប្រោសមនុស្សខ្វាក់មនុស្សខ្វិន។ហេតុនេះគេឃើញការអស្ចារ្យដែលព្រះយេស៊ូបានធ្វើ ក៏ប៉ុន្តែគេនៅតែមិនព្រមកេប្រែចិត្តគំនិត ផ្ទុយទៅវិញអ្វីដែលព្រះយេស៊ូមានព្រះបន្ទូល គេសម្លាប់ព្រះអង្គថែមទៀតផង។ ហេតុនេះបងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន យើងជាគ្រីស្តបរិស័ទ សុំឱ្យយើងចេះយកព្រះបន្ទូលរបស់ព្រះយេស៊ូទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។

តើព្រះបន្ទូលរបស់ព្រះអង្គចង់ឱ្យយើងធ្វើអ្វី? ប្រសិនបើព្រះយេស៊ូប្រាប់ឱ្យយើងកែប្រែចិត្តគំនិតពីទំលាប់មិនល្អរបស់យើង យើងត្រូវការកែប្រែចិត្តគំនិត ពីទំលាប់មិនល្អឱ្យមកក្លាយទៅជាទំលាប់ល្អវិញ ប្រសិនបើយើងមានចិត្តឆេវឆាវឱ្យយើងក្លាយទោជាមនុស្សដែលមានចិត្តស្លូតបូតចេះខន្តី ចេះទប់ចិត្តទប់អារម្មណ៍ដើម្បីស្រឡាញ់អ្នកដទៃ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ជាព្រះរបស់យើង។ គ្រីស្តបរិស័ទជាទីគោរពរាប់អាន បងប្អូនជាទីស្រឡាញ់ ចូរឱ្យយើងយកព្រះបន្ទូលរបស់ព្រះអង្គទៅថ្លឹងថ្លែងពិចារណាអំពីកិច្ចការប្រចាំថ្ងៃរបស់យើង តើកិច្ចការណាខ្លះដែលយើងធ្វើ កិច្ចការណាខ្លះដែលយើងគួរជៀសវាង?

 

យុវជន យុវនារីជាទីគោរពរាប់អាន ព្រះយេស៊ូមានព្រះបន្ទូលទៅបងប្អូននៅថ្ងៃនេះ មិនរើសអើងសាសនាទេ ប្រសិនបើយើងក្លាយទៅជាយុវជនកោងកាចដែលមិនចេះស្តាប់ឪពុកម្តាយ ប្រើប្រាស់គ្រឿងញៀន លួចប្លន់គេ ព្រះយេស៊ូចង់ឱ្យកែប្រែចិត្តគំនិតទំលាប់មិនល្អទាំងនេះ ឱ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមឱ្យក្លាយទៅជាអ្នកជឿមិនថាសាសនាណាទេ។ ហេតុនេះព្រះយេស៊ូចង់ឱ្យយើងក្លាយទៅជាជនដ៏វិសុទ្ធ ចង់ឱ្យមនុស្សទាំងអស់រស់នៅជាមួយគ្នាមិនប្រកាន់គ្នា និងចេះលើកលែងទោសឱ្យគ្នា។ ជាពិសេសទៅទៀតនោះ ប្រសិនបើយើងដឹងថា យើងបានប្រព្រឹត្តអំពើខុសឆ្លង សូមឱ្យយើងចេះកែប្រែចិត្តគំនិត ហើយប្រសិនបើមានរឿងអតីតកាលខ្លះ សូមឱ្យយើងចេះរំលត់ ចេះបំភ្លេច ហើយចាប់យកអ្វីដែលថ្មីដែលល្អប្រសើរជាងមុន។ អ្វីដែលព្រះយេស៊ូចង់ឱ្យយើងធ្វើជាងនោះទៅទៀតនោះគឺឱ្យយើងចេះលះបង់ ដើម្បីប្រយោជន៍រួម សង្គម ព្រះសហគមន៍ និងក្រុមគ្រួសាររបស់យើងម្នាក់ៗគឺកែប្រែចិត្តគំនិត។ ព្រះយេស៊ូចង់ឱ្យយើងកែប្រែចិត្តគំនិត ដើម្បីឱ្យយើងក្លាយទៅជាមនុស្សល្អ។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នណាស្តាប់អ្នករាល់គ្នាក៏ដូចជាស្តាប់សំឡេងខ្ញុំដែរ អ្នកដែលមិនព្រមទទួលអ្នករាល់គ្នា ក៏ដូចជាមិនព្រមទទួលខ្ញុំដែរ។

ហេតុនេះបេសកកម្មរបស់យើងជាគ្រីស្តបរិស័ទ ជាលោកឪពុក ជាបងស្រី គឺមានតួនាទីចេញទៅប្រកាសដំណឹងល្អរកយុតិ្តធម៌សង្គម និងចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក។ សូម​ព្រះជាម្ចាស់ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទានឱ្យប្រជាជនខ្មែរទាំងអស់ទទួលព្រះពរ  និងបានសេចក្តីសុខសាន្តជានិច្ចជានិរន្ត។ អាម៉ែន៕

Daily Program

Livesteam thumbnail