អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០២ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០២ ខែតុលាឆ្នាំ២០២៣ តាមលោកម៉ាថាយ ១៨,១-៥.១០អត្ថាធិប្បាយដោយលោកបូជាចារ្យសែ សាត
នៅក្នុងព្រះបន្ទូលដំណឹងល្អថ្ងៃនេះ ព្រះបន្ទូលបានរំលឹកយើងទៅនឹងចំណុចពីរ គឺទីមួយឱ្យយើងចេះបន្ទាបខ្លួន និងទី២ឱ្យយើងមានកែវភ្នែកដូចព្រះនេត្ររបស់ព្រះជាម្ចាស់។
ចំណុចទី១ មូលហេតុអ្វីបានជាឱ្យយើងចេះបន្ទាបខ្លួន។ ដោយសារនៅពេលដែលព្រះអង្គបានប្រកាសថាព្រះអង្គនឹងសោយទិវង្គត ដែលគេនឹងបញ្ជូលបុត្រមនុស្សទៅក្នុងកណ្តាប់ដៃមនុស្សលោក តែបីថ្ងៃក្រោយមកព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញដោយទទួលសិរីរុងរឿង។ ពេលសាវ័កស្តាប់ព្រះបន្ទូលនេះហើយអត់យល់ ដោយសារព្រះវិញ្ញាណមិនទាន់បំភ្លឺ ក្រោយមកក្រុមសាវ័កក៏ប្រកែកគ្នា មានការជជែកវែកញែកក្នុងចំណោមក្រុមសាវ័ក តើនរណាធំជាងគេ។ យើងឃើញគរុកោសល្យរបស់ព្រះយេស៊ូមុននឹងអប់រំក្រុមសាវ័កព្រះអង្គយកក្មេងតូចម្នាក់មកនៅក្បែរព្រះអង្គ ឱ្យឈរនៅក្បែរព្រះអង្គ ក្រោយមកព្រះអង្គមានព្រះបន្ទូលអប់រំសាវ័កអំពីរបៀបដែលគេម្នាក់ៗទទួលក្មេងនេះ។ តាមព្រះបន្ទូលរបស់ព្រះអង្គ« អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំក៏ដូចជាទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ» នេះជារបៀបទទួលស្វាគមន៍អ្នកតូចតាចណាម្នាក់។
កូនក្មេងសំដៅលើមនុស្សទន់ខ្សោយ មិនមានសមត្ថភាពអាចរកស៊ីចិញ្ចឹមខ្លួនឯងបានទេ។ កូនក្មេងសំដៅលើអ្នកដែលពឹងលើឪពុកម្តាយ គាត់ជាម្នាក់ដែលចេះស្តាប់ឪពុកម្តាយ ហើយជីវិតរបស់គាត់ដូចជានៅក្នុងកណ្តាប់ដៃរបស់ឪពុកម្តាយ នៅក្នុងការគ្រប់គ្រងរបស់ឪពុកម្តាយតែប៉ុណ្ណឹង។ បើអាណាព្យាបាល ឬឪពុកម្តាយមិនផ្គត់ផ្គង់ឱ្យ គាត់មិនអាចចិញ្ចឹមជីវិតខ្លួនឯងបានទេ តែអ្នកនោះនឹងទៅជាអ្នកដែរធំវិញ ទៅជាអ្នកដែលឱ្យយើងម្នាក់ៗទទួលស្វាគមន៍វិញ។ ព្រះអង្គមានព្រះបន្ទូលទៀតថា អ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកដែលធំជាងគេ ខុសពីរបៀបដែលសាវ័កគិត។ ជាធម្មតា អ្នកធំ ត្រូវបានអ្នកដទៃយកចិត្តទុកដាក់បម្រើ ប៉ុន្តែព្រះយេស៊ូមានបន្ទូលថា អ្នកដែលបំរើគេ យកចិត្តទុកដាក់បម្រើគេទើបទៅជាអ្នកធំបាន។ យើងម្នាក់ៗយកចិត្តទុកដាក់ ជាមួយអ្នកធំ អ្នកដែលមានកិត្តិយស អ្នកដែលមានចំណេះដឹងទ្រព្យសម្បត្តិសម្បូរហូរហៀរ។ តែកន្លែងនេះ គឺព្រះអង្គឱ្យយើងយកចិត្តទុកអ្នកធំដែលជាអ្នកតូចតាចជាងគេបំផុតនេះជារបៀបដែលយើងម្នាក់ត្រុវបន្ទន់អាកប្បកិរិយា និងរបៀបរស់នៅរបស់យើងតាមព្រះបន្ទូលថ្ងៃនេះ កុំឱ្យយើងបះបង់ចោលអ្នកដែលទន់ទាបនៅក្នុងចំណោមយើង កន្លែងការងារ ឬនៅក្នុងក្រុមគ្រួសារ ឬកន្លែងណាក៏បានអ្នកដែលតូចតាចជាងគេគឺជាអ្នកដែលយើងត្រូវយកចិត្តទុកដាក់ និងទទួលស្វារគមន៍។រីឯចំណុចទី២នៅក្នុងព្រះបន្ទូលដំណឹងល្អថ្ងៃនេះគឺលោកយ៉ូហានដែលចេះសង្គេតមើលពីកិច្ចការអ្នកដទៃ ដែលធ្វើគឺគាត់បានឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះយេស៊ូ ហើយគាត់ឃាត់ មូលហេតុដែលគាត់ឃាត់គឺដោយសារអត់ដើរតាមព្រះយេស៊ូទេ ។ក្រោយពីមហាសន្និបាតវ៉ាទីកង់ទី២ព្រះសហគមន៍បានរកឃើញគ្រប់សាសនាសម្តែងពន្លឺនៃសេចក្តីពិត សេចក្តីពិតកន្លែងនេះគឺគ្រប់សាសនាគឺមានសេចក្តីល្អរបស់ព្រះជាម្ចាស់ដែលជាពន្លឺឱ្យយើងចេះមើលសេចក្តីល្អទាំងនោះ ហើយរួមកិច្ចការជាមួយគ្នា ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូនៅថ្ងៃនេះគឺអ្នកដែលមិនប្រឆាំងនឹងយើងគឺជាគ្នាយើង មានន័យថាកុំឱ្យយើងម្នាក់លើកតម្កើងខ្លួនតែមានតែគ្រីស្តបរិស័ទដែលល្អបំផុត ឬសាសនាណាមួយដែលល្អបំផុត ឬខ្លួនឯងដែលល្អបំផុតអត់ទេ មានន័យថាយើងម្នាក់ៗអាចបំពេញកិច្ចការល្អដោយសហការជាមួយគ្នាបានក្នុនាមព្រះយេស៊ូ ដោយសារក្នុងព្រះបន្ទូលថ្ងៃនេះគឺក្នុងនាមព្រះជាម្ចាស់។ចឹងចំណុចទី២នេះឱ្យគ្រប់កិច្ចការដែលយើងធ្វើជាកិច្ចការដែលយើងធ្វើដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ លើកតម្កើងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។ដូច្នេះសូមព្រះជាម្ចាស់ប្រទានព្រះពរឱ្យយើងម្នាក់ៗដែលចំណុចទីមួយយើងចេះយកចិត្តទុកដាក់ជាមួយគ្នាទៅវិញទៅមក ចេះបំរើគ្នាទៅវិញទៅមកមិនមែនចង់ធ្វើធំ ហើយពូកែជាងគេ ហើយឱ្យចេះបន្ទាបខ្លួនឱ្យទៅជាអ្នកតូចតាន ហើយទទួលស្វារគមន៍គ្នាទៅវិញទៅមកប្រកបដោយសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ។ទី២ឱ្យយើងមានព្រះនេត្រដូចព្រះជាម្ចាស់ទទួលការបំភ្លឺពីព្រះវិញ្ញាណឱ្យយើងមើលឃើញកិច្ចការល្អនៅក្នុងមនុស្សឯទៀតៗដែលមិនមែនជាគ្រីស្តបរិស័ទ ឬមិនកាន់សាសនាណាទេតែគេធ្វើកិច្ចការនៅក្នុងនាមព្រះជាម្ចាស់ដែរ ដែលមាននៅក្នុងដួងចិត្តរបស់គេម្នាក់ៗ។ចឹងសូមព្រះអង្គប្រទានព្រះពរឱ្យយើងម្នាក់ៗឱ្យយើងចេះធ្វើដំណើររួមជាមួយមនុស្សទៀតៗក្នុងការកសាងពិភពលោក និងការកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់៕