ហេតុអ្វីព្រះយេស៊ូចាប់អារម្មណ៍អ្នកតូចតាច ជាពិសេសអ្នកក្រីក្រទុគ៌ត?

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស័រ សព្វថ្ងៃលោកកំពុង បំពេញបេសកម្មបម្រើព្រះសហគមន៍ប្រទេសកម្ពុជា។

បូ. អេមេល្សដាល ហ្វ្រង់ស័រ៖ ដំបូងយើងគួរកត់សម្គាល់ថា ព្រះយេស៊ូផ្ទាល់ ជាកូនអ្នកក្រីក្រ ជាកូនជាងឈើម្នាក់ មិនមែនជាកូនអ្នកមានទ្រព្យសម្បត្តិអ្វីដូចគេនោះទេ។ ឪពុកគាត់ ឈ្មោះ យ៉ូសែប ជាជាងឈើ និងម្តាយឈ្មោះម៉ារីជាស្ត្រីមេផ្ទះ រស់នៅភូមិណាសារ៉ែតជាភូមិសាមញ្ញមួយក្នុងសម័យនោះ។ យើងក៏ដឹងថាព្រះយេស៊ូបានប្រសូត្រនិង​ផ្ទុំ​នៅក្នុងស្នូកសត្វដ៏ក្រីក្រ ដែលមើលទៅកំណត់ជាពន់ពេក។ បើយើងរំឭកឡើងវិញពីរបៀបរស់នៅរបស់ព្រះយេស៊ូសាមញ្ញធម្មតាដូចកូនក្មេងដទៃទៀតក្នុងភូមិស្រុក។ ក្នុងជីវិតរបស់ព្រះយេស៊ូផ្ទាល់ យើងបានដឹងថា ព្រះអង្គបានប្រោសអ្នកជំងឺច្រើនឲ្យបានជាសះស្បើយ និងបានចាប់អារម្មណ៍ខ្លាំងអំពីអ្នកតូចតាចក្រីក្រទុរគត។ ចំណុចនេះ ប្រហែលព្រះយេស៊ូចង់បង្ហាញថាព្រះជាម្ចាស់ស្រលាញ់ អស់អ្នកដែលត្រូវគេសង្កត់ជិះជាន់ពីសំណាក់អ្នកដទៃនៅជុំវិញ។

ក្នុងន័យថា ព្រះជាម្ចាស់បានខិតខំស្វែងរកយុត្តិធម៌ឲ្យគេ។ ពេលគេគ្មានអ្វីសោះ ធ្លាក់ខ្លួនក្រ ធ្លាក់ខ្លួនឈឺ គេមានខ្នងបង្អែកដ៏ធំគឺព្រះជាម្ចាស់។ រីឯអ្នកមាន គេមានទ្រព្យសម្បត្តិច្រើន ប្រហែលជាល្មមហើយ។ ប៉ុន្តែបើសិនជាយើងដាក់សំណួរថា អ្នកមានមិនត្រូវការជួយ ឬការយកចិត្តទុក្ខដាក់ពីព្រះជាម្ចាស់ឬទេ? ហើយព្រះយេស៊ូផ្ទាល់ប្រកាសដំណឹងល្អសម្រាប់អ្នកមានដែរឬទេ?​ ឬព្រះយេស៊ូស្រលាញ់តែអ្នកក្រមិនសូវស្រលាញ់អ្នកមាន? ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន ព្រោះថា ព្រះយេស៊ូ ព្រះអង្គស្រលាញ់មនុស្សទាំងអស់ស្មើៗគ្នា។ ចំណុចនេះ ប្រហែលព្រះយេស៊ូចង់បង្ហាញឲ្យយើងប្រយ័ត្នពីរឿងទ្រព្យសម្បត្តិ ពេលយើងមានលុយ ពេលយើងមានទ្រព្យសម្បត្តិច្រើន ប្រហែលរវល់តែរឿងទ្រព្យសម្បត្តិ ឬរវល់តែរឿងលុយ។ ទ្រព្យសម្បត្តិ ឬលុយ! និងធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់បន្តិចម្តងៗ ព្រោះតែអារម្មណ៍មនុស្សយើងជាប់ជំពាក់នឹងរឿងនេះខ្លាំង។ ហេតុនេះហើយព្រះយេស៊ូដាស់តឿនយើង ឬធ្វើទីសម្គាល់ឲ្យយើងភ្ញាក់ខ្លួន។

ចំណែកអ្នកក្រីក្រវិញ សុខចិត្តយកព្រះជាម្ចាស់ជាទីពឹង ដូច្នេះពេលយើងនិយាយពីអ្នកក្រីក្រ​ ឬអ្នកមាន នៅក្នុងព្រះគម្ពីរបានចែងថា អ្នកក្រ គឺអស់អ្នកដែលបានសម្រេចចិត្ត ឬក៏ស្ម័គ្រចិត្តយកព្រះជាម្ចាស់ធ្វើជាទីពឹង  តែក៏មានអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួន ក៏បានយកព្រះជាម្ចាស់ជាទីពឹងផងដែរ។ ដោយស្មគ្រ័ចិត្តចែកទ្រព្យធនដែលខ្លួនមានទៅអ្នកផ្សេងទៀតនៅជុំវិញខ្លួន ដោយគេមិនបានវង្វេង ឬរវីរវល់តែរឿងលោកកីយ៍នេះទេ។

ដូច្នេះយើងត្រូវតែប្រយ័ត្ននៅពេលដែលប្រើប្រាស់ពាក្យអ្នកក្រីក្រ មានន័យថា អ្នកក្រីក្រ នេះគឺសំដៅទៅលើបុគ្គល ឬក៏មនុស្សមួយចំនួនដែលបានដាក់ចិត្តដាក់កាយជឿលើព្រះជាម្ចាស់ ក្នុងពេលដែលខ្លួនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយបានចែករំលែកទៅអ្នកដទៃ និងបានទុកចិត្តលើព្រះជាម្ចាស់ ផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ អ្នកមាន មានន័យថាយើងចង់សំដៅទៅលើអ្នកដែលមិនពឹងផ្អែកលើព្រះជាម្ចាស់ ដោយគេពឹងផ្អែកលើកម្លាំងកាយ កម្លាំងចិត្ត និងពឹងលើទ្រព្យសម្បត្តិដែលខ្លួនមាន។ ដូច្នេះហើយមានអ្នកក្រខាងលោកកីយ៍គេក៏បានពឹងផ្អែកលើព្រះជាម្ចាស់ផងដែរ ដោយគេស្មានថាគេអាចពឹងលើខ្លួនឯងបានហើយ។ ដូច្នេះយើងត្រូវ​ប្រុងប្រយ័ត្នពេលប្រើពាក្យថា ព្រះយេស៊ូស្រលាញ់អ្នកក្រ តែតាមពិតទៅព្រះអង្គស្រលាញ់មនុស្សទាំងអស់ដូចគ្នា។

ព្រះអង្គចាប់អារម្មណ៍ពីអ្នកក្រីក្រខ្លាំង ហើយទ្រង់ក៏បានធ្វើជាទីសម្គាល់រំឭកយើងឲ្យប្រយ័ត្នអំពីរឿងទ្រព្យសម្បត្តិ ព្រោះថាទ្រព្យសម្បត្តិនេះហើយ ធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ហេតុនេះហើយចូរយើងចាំថា ព្រះយេស៊ូស្រលាញ់អស់អ្នកដែលសុខចិត្តពឹងផ្អែកលើទ្រង់ដែលចេះចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនទៅអ្នកដទៃ ទោះជាអ្នកទាំងអស់នោះ ជាអ្នកមានឬអ្នកក្រីក្រក្តី៕

រៀបចំដោយ ឆាក លាំង

Daily Program

Livesteam thumbnail