ហេតុអ្វីព្រះជាម្ចាស់មានចិត្តស្រឡាញ់ចំពោះមនុស្សល្អ និងមនុស្សអាក្រក់?

បកស្រាយដោយ៖ លោកបូជាចារ្យប៉ូល រឿង ឆ័ត្រសិរី(ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)
បូ. រឿង ឆ័ត្រសិរី៖ «ទីណាមានសេចក្តីស្រឡាញ់ ទីនោះមានវត្តមានរបស់ព្រះជាម្ចាស់» ព្រះជាម្ចាស់បានស្រឡាញ់មនុស្សគ្រប់រូប មិនថាអ្នកនោះល្អ ឬអាក្រក់នោះឡើយ។ បងប្អូនយើងអាចសង្កេតមើលព្រះបន្ទូលរបស់ទ្រង់ ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក៤៥ ដែលបាននិយាយរៀបរាប់ថា៖ «ព្រះជាម្ចាស់បានប្រទានភ្លៀងឲ្យទាំងមនុស្សសុច្ចៈរិត និងមនុស្សទុច្ចៈរិត។
ចំនុចនេះបង្ហាញថា សម្រាប់ព្រះជាម្ចាស់! មនុស្សទាំងអស់អាចទទួលព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញបានគ្រប់ពេលវេលាទាំងអស់ និងគ្រប់ទីកន្លែង។ មិនថាអ្នកមិនស្គាល់ព្រះជាម្ចាស់ ឬអស់អ្នកស្គាល់ហើយតែមិនមានជំនឿ ប៉ុន្តែគាត់បានធ្វើកិច្ចការល្អ ក៏ជាឱកាសមួយដែលគាត់អាចទទួលបានព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ផងដែរ។
ទីណាមានសេចក្តីស្រឡាញ់ ទីនោះមានព្រះវត្តមានរបស់ព្រះជាម្ចាស់! យើងគ្រប់គ្នាបានដឹងថា បើមនុស្សអាក្រក់ប្រព្រឹត្តអំពើអាក្រក់ ហើយគេកែប្រែចិត្តគំនិត ដូចចោរព្រៃពីរនាក់ដែលនៅក្បែរឈឺឆ្កាងព្រះយេស៊ូមានម្នាក់អត់ប្រែចិត្តគំនិត តែម្នាក់ទៀតបានប្រែចិត្តគំនិត។ ព្រះយេស៊ូបានសន្យាជាមួយគាត់ថា គាត់និងមានឱកាសទៅនៅជាមួយទ្រង់នៅឯស្ថានបរមសុខ។
ពិតមែន! យើងមិនបានដឹងថាមនុស្សម្នាក់រស់នៅក្នុងពិភពលោកនេះបានល្អ ឬអត់នោះទេ ប៉ុន្តែយើងម្នាក់ៗអាចទទួលបានលទ្ធផលល្អ ឬមិនល្អរបស់ខ្លួនយ៉ាងណា យើងក៏មិនអាចដឹងបានដែរ។ យើងគ្រប់គ្នាគ្រាន់តែដឹងថាព្រះជាម្ចាស់ស្រឡាញ់យើងគ្រប់គ្នា ហើយព្រះអង្គតែងតែមានព្រះទ័យមេត្តាករុណចំពោះយើងជានិច្ច។
បងប្អូន! ព្រះជាម្ចាស់បានស្រឡាញ់មនុស្សទាំងអស់ដោយមិនប្រកាន់ល្អ ឬអាក្រក់។ ក្រឡេកមកមើលពីខ្លួនយើងម្នាក់ៗវិញ យើងម្នាក់ៗក៏មិនអាចធើ្វរឿងល្អបានគ្រប់រឿងដែល ប៉ុន្តែយើងមានទាំងចំនុចល្អ និងអាក្រក់ ពេលខ្លះយើងក៏បានប្រព្រឹត្តខុសចំពោះព្រះជាម្ចាស់ ឬក៏អ្នកដទៃដែរ។ មានសំណួរថា ដោយសារយើងជាមនុស្សទន់ខ្សោយ ត្រូវតែប្រព្រឹត្តអំពើបាបដដែលៗឬយ៉ាងណា? បើយើងនៅឆ្ងាយពីព្រះជាម្ចាស់ តើព្រះអង្គនិងផ្តាច់យើងដែរឬទេ?
តួយ៉ាង មានគ្រួសារខ្លះគេកាត់កាលប្រពន្ធ ប្តី ឬកូន មិនទទួលស្គាល់គ្នាទៅវិញទៅមក មនុស្សយើងមានកំរិត ចិត្តរបស់យើងមិនអាចរាប់រងអ្វីគ្រប់រឿងបានទាំងអស់នោះទេ យើងម្នាក់ៗត្រូវការចិត្តមេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។ យើងបានទទួលព្រះបន្ទូល យើងបានទទួលដំណឹងល្អ ហេតុនេះហើយសូមឲ្យដំណឹងល្អនេះកែប្រែចិត្តគំនិតរបស់យើងម្នាក់ៗ ឲ្យមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់នៃយើង។
ការលើកលែងទោសខ្មាំងសត្រូវដែលព្រះយេស៊ូបានបង្រៀនយើងនៅក្នុងគម្ពីរម៉ាថាយជំពូកទី៥ ក៏ជារឿងមួយដែលធ្វើឲ្យយើងត្រូវតែពិចារណាថា បើសិនយើងចង់ធ្វើជាសាវករបស់ព្រះអង្គយ៉ាងពិតប្រាកដ ដោយជឿ និងដើរតាមទ្រង់ពិតមែន យើងត្រូវតែអនុវត្តន៍តាមអ្វីដែលព្រះអង្គបានបង្រៀនយើង។ ទ្រង់អប់រំណែនាំឲ្យយើងឲ្យចេះលើកលែងទោស ហើយមានចិត្តមេត្តាករុណាដូចព្រះបិតាចំពោះមនុស្សគ្រប់រូប។
ដូច្នេះនៅពេលយើងនៅមានជីវិត នៅក្នុងលោកនេះជាឱកាសល្អសម្រាប់យើង តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លួនយើងផ្ទាល់ដូចព្រះបិតា។ បើទ្រង់គ្រប់លក្ខណ៍យ៉ាងណា យើងក៏ត្រូវគ្រប់លក្ខណ៍យ៉ាងនោះដែរ។ ហេតុនេះសូមបងប្អូនរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងជាគ្រីស្តបរិស័ទ យើងជាអ្នកដើរតាមព្រះអង្គ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យដូចព្រះគ្រូរបស់យើង។
ពិតមែន! បើយើងបានខិតខំបំពេញតាមការបង្រៀនរបស់ទ្រង់ដោយយកចិត្តទុកដាក់ ព្រះអង្គនិងប្រទានពរឲ្យយើងជាក់ជាមិនខាន់ និងទទួលអ្នកដែលកែប្រែចិត្តគំនិត ទោះបីគាត់ជាមនុស្សអាក្រក់ ការកែប្រែចិត្តថគំនិតនេះហើយជាហេតុផលម៉្យាង នាំឲ្យព្រះជាម្ចាស់បន្ថយកំហុសរបស់គាត់។ អាមែន
ដោយ ឆាក លាំង
Daily Program
