សំណួរ៖ ព្រះយេស៊ូសង្គ្រោះមនុស្សមិនរើសមុខឡើយ! ចូរយើងត្រូវត្រៀមលក្ខណៈជានិច្ច!

បកស្រាយដោយ ៖លោកសិលា សួន ហង្សលី (អភិបាលព្រះសហកមន៍ភូមិភាគកំពង់ចាម)
អភិ. ហង្សលី៖ គ្រប់ព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្តគឺផ្តោតសំខាន់ទៅលើអ្នកក្រីក្រតូចតាច ដែលត្រូវគេបោះបង់មិនអើពើ មិនរាប់រក ជាក្រុមមនុស្សដែលទ្រង់ត្រូវទៅជួយមុនគេដើម្បីឲ្យគេទទួលបានការសង្គ្រោះ។ យើងបានឃើញពីប្រវត្តិរបស់ព្រះយេស៊ូ តាមរយៈការកត់ត្រាក្នុងព្រះគម្ពីរដំណឹងល្អទាក់ទងនិងកិច្ចការដែលព្រះយេស៊ូបានធ្វើគឺការបម្រើមនុស្សលោក ព្រះអង្គត្រូវគេធ្វើបាបរងទុក្ខវេទនារហូតដល់បូជាព្រះជននៅលើឈឺឆ្កាងដើម្បីថ្វាយទៅព្រះបិតា និងដើម្បីរំដោះមនុស្សឲ្យរួចពីអំពើបាបផងដែរ។
បងប្អូនជាទីស្រឡាញ់ការចាប់កំណើតជាមនុស្សរបស់ព្រះយេស៊ូ ទ្រង់មានមុខងារដ៏សំខាន់គឺបំពេញកិច្ចការដូចមនុស្សធម្មតាដែលត្រូវឆ្លងកាត់រឿងលំបាកជាច្រើនរាប់មិនអស់។ ការបន្ទាបខ្លួនចាប់កំណើតជាមនុស្សតូចតាចនេះដែរ ព្រះយេស៊ូចង់បង្ហាញថាការសង្គ្រោះមិនមែនមានសម្រាប់តែអ្នកមានមុខមាត់ធំដុំក្នុងសង្គម ឬអ្នកមានទ្រព្យសម្បត្តិខ្លាំងនោះទេ គឺព្រះអង្គបានប្រទានឲ្យមនុស្សទាំងអស់ដោយស្មើរភាពគ្នា ជាពិសេសអ្នកដែលដាក់ខ្លួនជាអ្នកក្រីក្រ អ្នកត្រូវសង្គមបោះបង់ចោលជាដើម។
ត្រង់ចំណុចនេះបង្ហាញឲ្យយើងឃើញថា ព្រះយេស៊ូយាងមកក្នុងលោកនេះដើម្បីលើកស្ទួយដល់បងប្អូនដែលគេមិនរាប់រកឲ្យមានសម្លេងឡើងវិញនៅក្នងសង្គម ឲ្យគេទទួលបានតំលៃជាមនុស្ស ដែលជាស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះជាម្ចាស់។ ពេលណាយើងបានរៀបចំចិត្តគំនិតហើយ យើងបានខិតខំយកចិត្តទុកដាក់ក្នុងកម្មវិធីបុណ្យរបស់ព្រះសហគមន៍ មានដូចជាអគ្គសញ្ញាអរព្រះគុណ ឬក៏កម្មវិធីអភិបូជា ហើយបងប្អូនបានចូលរួមយ៉ាងសកម្មរៀងរាល់ថ្ងៃអាទិត្យ និងកម្មវិធីសំខាន់ផ្សេងៗទៀតដែលមានជាប្រចាំ។
ជាក់ស្តែងនៅក្នុងរដូវរងចាំ ព្រះគម្ពីរបានរៀបរាប់យ៉ាងច្រើនទាក់ទងនិងការយាងមកចាប់កំណើតជាមនុស្សសាមញ្ញរបស់ព្រះយេស៊ូ អំពីឋានៈ អំពីប្រវត្តិនៃការសង្គ្រោះរបស់គ្រីស្តយេស៊ូ ដែលមានព្រះបិតាជាព្រះជាម្ចាស់ប្រទានឲ្យ។ មួយវិញទៀត យើងម្នាក់ៗត្រូវរកពេលណាដែលសាកសមដើម្បីធ្វើកម្មវិធីសំណាក់ធម៌ ដើម្បីបានជួបសន្ទនាជាមួយព្រះយេស៊ូផ្ទាល់ ក៏ដូចជាទទួលបានថាមពលថ្មីដើម្បីប្រកាសដំណឹងល្អពីទ្រង់ទៅកាន់មនុស្សទូទៅ។
យ៉ាងណាមិញ ការរស់នៅក៏រឹតតែសំខាន់ផងដែរ ក្រោយពីបានស្នាក់នៅជាមួយព្រះជាម្ចាស់ យើងត្រូវខិតខំបង្ហាញសេចក្តីស្រឡាញ់ទៅកាន់បងប្អូនដោយមិនកាន់ជាតិសាសន៍ សាសនាណាឡើយ។ គោលដៅតែមួយរបស់យើងជាសាវករបស់ព្រះយេស៊ូគ្រីស្ត គឺត្រូវសម្តែងធម៌មេត្តាករុណាដល់បងប្អូនជានិច្ច ជាពិសេសអស់អ្នកដែលកំពុងតែជួបការលំបាកក្នុងជីវិត។ ហេតុនេះហើយបងប្អូនត្រូវតែរៀបចំខ្លួនទាំងចិត្តគំនិត ទាំងរូបកាយរបស់យើងដោយត្រូវរស់នៅឲ្យបានល្អ ម្យ៉ាងទៀតត្រូវតែរកពេលវាលាល្អទៅសុំជួបលោកបូជាចារ្យ ទទួលអគ្គសញ្ញាលើកលែងទោសដើម្បីជម្រះចិត្តគំនិតរបស់យើងឲ្យបានល្អស្អាត ហើយទទួលព្រះអង្គយេស៊ូគ្រីស្តមកក្នុងជីវិតរបស់យើងបន្តទៀត ៕ អាមែន
ដោយ ឆាក លាំង
Daily Program
