មនុស្សស្លាប់ទៅហើយ អាចចាប់ជាតិជាមនុស្សវិញដែរឬទេ? មូលហេតុអ្វី? មានអ្វីមកបញ្ជាក់?
មនុស្សស្លាប់ទៅហើយ អាចចាប់ជាតិជាមនុស្សវិញដែរឬទេ? មូលហេតុអ្វី? មានអ្វីមកបញ្ជាក់?បកស្រាយដោយលោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ ពីព្រះហគមន៍កាតូលិកភូមិភាគកំពង់ចាម។
លោកបូជាចារ្យអេមេល្សដាល ហ្វ្រងស់ស្វ័រ៖ អ្នកខ្លះគេជឿថាពេលមនុស្សបានស្លាប់ទៅហើយ បានចាប់ជាតិជាមនុស្សវិញ ជាទេវតា មនុស្ស ឬជាសត្វ...តាមអំពើដែលមនុស្សម្នាក់ៗបានប្រព្រឹត្តកាលនៅមានជីវិត។ មានន័យថាតាមកម្ម ឬទង្វើ។ ឧទាហរណ៍៖ បើយើងបានប្រព្រឹត្តអំពើអាក្រក់ យើងកើតជាសត្វ....។ល។ តែបើយើងបានប្រព្រឹត្តអំពើល្អ នោះយើងបានកើតជាទេវតា ត្រូវតាមយុត្តិធម៌ម្យ៉ាង។
តែអ្នកខ្លះ ឬតាមគ្រីស្តសាសនាយើងជឿថា អត់មានចាប់ជាតិទេ គឺព្រះយេស៊ូយាងមកសម្តែងអំពីអត្ថន័យ អំពីគោលដៅនៃជីវិតរបស់មនុស្ស គឺព្រះយេស៊ូបានសោយទិវង្គតនៅលើឈើឆ្កាងពិតប្រាកដមែន តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺជាព្រះជន្មគង់នៅអស់កល្បជានិច្ច។ ព្រះអង្គបានឆ្លងសេចក្តីស្លាប់ទៅរួមរស់ជាមួយព្រះជាម្ចាស់ ជាប្រភព និងគោលដៅនៃអ្វីៗទាំងអស់។ គឺព្រះយេស៊ូសម្តែងថា ព្រះជាម្ចាស់បង្កើតមនុស្ស ជាប្រភពនៃជីវិត ហើយព្រះអង្គសព្វព្រះហទ័យឲ្យមនុស្សរួមរស់ជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ គឺព្រះយេស៊ូបានឆ្លងសេចក្តីស្លាប់ អត់មានចាប់ជាតិទេ។
ប៉ុន្តែអ្នកខ្លះគេនិយាយត្រូវ ថាមនុស្សបានចាប់ជាតិពិតមែន ព្រោះគេបានចងចាំជាតិមុន និងបង្ហាញភស្តុតាងផ្សេងទៀតផង។ តែសម្រាប់គ្រីស្តបរិស័ទយើង ជឿពិតប្រាកដថាព្រះយេស៊ូជាសេចក្តីពិត ព្រោះពេលព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានបង្ហាញ ព្រះអង្គឲ្យក្រុមគ្រីស្តទូត ឬក្រុមសាវ័កបានឃើញទ្រង់ផ្ទាល់នឹងភ្នែក ឲ្យគេប៉ះផ្ទាល់នឹងដៃរបស់គេ ថែមទាំងបាននិយាយសន្ទនាជាមួយព្រះយេស៊ូ អស់រយៈពេល ៤០ថ្ងៃ។ ៤០ថ្ងៃមានន័យថាអស់រយៈពេលយូរ ព្រោះថាក្រុមសាវ័កពិបាកជឿ ព្រោះថាមិនដែលមាននរណាម្នាក់បានឆ្លងសេចក្តីស្លាប់ ហើយនិងរស់ឡើងវិញ។ ដូច្នេះអស់ក្រុមសាវ័ករបស់ព្រះយេស៊ូពិបាកជឿមែន។ ប៉ុន្តែនេះជាមូលហេតុដែលយើងអាចជឿបាន មានទីសម្គាល់ដ៏ធំ គឺសាវ័កទាំងប៉ុន្មានរបស់ព្រះយេស៊ូសុខចិត្តស្លាប់ដោយសារជំនឿនេះ។ ដោយសារគេបានឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ មានព្រះជន្មគង់នៅ និងបានប្រកាសផ្សាយដំណឹងល្អនេះ គឺព្រះជាម្ចាស់មានព្រះហឫទ័យឲ្យមនុស្សមានជីវិតរួមជាមួយព្រះអង្គ មានជីវិតតែមួយ អត់មានចាប់ជាតិអ្វីទេ។ ដូច្នេះហើយនេះជាដំណឹងល្អមែនទែន ព្រោះយើងមានជីវិតតែមួយ ហើយព្រះអង្គបានត្រាស់ហៅយើងឲ្យរួមរស់ជាមួយព្រះអង្គ ហើយនិងសាវ័កដំបូងស្ទើរតែទាំងអស់សុខចិត្តស្លាប់ និងបានរងទុក្ខវេទនាយ៉ាងខ្លាំងជាទីបំផុត ដោយខ្លះត្រូវគេឆ្កាង ខ្លះត្រូវគេធ្វើទារុណកម្ម ខ្លះត្រូវគេដុតទាំងរស់ ប៉ុន្តែស្ទើរតែទាំងអស់មិនបានព្រមចុះចាញ់នោះទេ។ គេជឿជាក់ថាព្រះយេស៊ូមានព្រះជន្មគង់នៅ ហើយក្រុមសាវ័កជឿថាបើគេរួមស្លាប់ជាមួយព្រះយេស៊ូ ប្រាកដណាស់នឹងបានរួមរស់ជាមួយព្រះអង្គយ៉ាងពិតប្រាកដមែន។
ឥឡូវនេះដើម្បីជឿថា អត់មានការចាប់ជាតិ ហើយនិងមានការរស់ឡើងវិញ គឺមានតែការស្វែងរកដោយខ្លួនឯង។ ព្រះសហគមន៍កាតូលិកបានអះអាងថា អ្នកណាមានចិត្តទូលាយ និងស្វែងរកព្រះជាម្ចាស់ ស្វែងរកសេចក្តីពិតឲ្យអស់ពីកំលាំងកាយចិត្ត។ ប៉ុន្តែបើមានចិត្តស្មោះត្រង់ ស្វែងរកដោយចិត្តស្មោះត្រង់ សេចក្តីពិត ចង់ដឹងចង់ស្គាល់ ចង់យល់ ពេលនោះព្រះជាម្ចាស់នឹងយាងមកសម្តែងព្រះអង្គឲ្យយើងស្គាល់ គឺមានន័យថាព្រះជាម្ចាស់និងជួយណែនាំយើង ឲ្យស្គាល់សេចក្តីពិតប្រាកដមែន។
ដូចឆ្នេះខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន អធិដ្ឋាន អានព្រះបន្ទូល ចូលរួមក្នុងសកម្មភាពព្រះសហគមន៍។ បើមិនដូច្នេះទេយើងមិនអាចជឿថានឹងមានការរស់ឡើងវិញ។ មិនអាចរកឃើញដោយខ្លួនឯងនោះទេ យើងត្រូវតែខិតខំអធិដ្ឋាន ខិតខំអានព្រះបន្ទូល ខិតខំចូលរួមសកម្មភាពរបស់ព្រះសហគមន៍ និងខិតខំស្វែងរក រួមជាមួយបងធម៌ជាគ្រីស្តបរិស័ទ ស្វែងរករួមជាមួយលោកពុកម្នាក់ បងស្រីម្នាក់ដែលយើងស្រលាញ់ នោះថ្ងៃណាមួយយើងនឹងឃើញ ហើយយល់ថាមែន ពិតប្រាកដមែន ព្រះយេស៊ូមានព្រះជន្មគង់នៅ ព្រះយេស៊ូបានឈ្នះសេចក្តីស្លាប់ និងគង់នៅជាមួយខ្ញុំពិតប្រាកដមែន។ ខ្ញុំស្តាប់ព្រះបន្ទូលរបស់ព្រះអង្គឥឡូវនេះហើយ ព្រះអង្គមានព្រះជន្មគង់នៅ មិនមែនជាអ្នកស្លាប់កាលពីជាង២ពាន់ឆ្នាំមុននោះឡើយ។
ពិតណាស់ បើព្រះយេស៊ូរស់ឡើងវិញប្រាកដណាស់ ខ្ញុំនិងមានជីវិតរស់ឡើងវិញពិតមែន។ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស ពោរពេញដោយធម៌មេត្តាករុណា សេចក្តីស្រលាញ់ ហើយទ្រង់បានប្រទានឲ្យយើងមានជីវិតរួមជាមួយទ្រង់។ ក៏ប៉ុន្តែពិតមែន គ្មានការបង្ហាញខាងវិទ្យាសាស្រ្ត ប៉ុន្តែជារឿងជំនឿ និងបទពិសោធន៍ក្នុងជីវិតរបស់យើងម្នាក់ៗ។ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនដកពិសោធន៍ ពីវត្តមានរបស់ព្រះយេស៊ូ ដូចសន្តប៉ូលជាទូតរបស់ព្រះយេស៊ូមា្នក់បានសរសេថា បើសិនជាព្រះយេស៊ូមិនបានឈ្នះសេចក្តីស្លាប់ អត់មានព្រះជន្មរស់ឡើងវិញ ជំនឿរបស់យើងអត់បានការទេ យើងអាចបោះបង់ចោល។ ដូចឆ្នេះការរស់ឡើងវិញរបស់ព្រះយេស៊ូ មានគ្រឹះជាមូលដ្ឋាននៃជំនឿ ដែលរឿងសំខាន់ជាងគេ។
ហេតុនេះហើយសូមបងប្អូនស្វែងរក ថាតើព្រះយេស៊ូរស់ឡើងវិញពិតប្រាកដមែន? សូមអធិដ្ឋាន សូមអានព្រះបន្ទូល និងទូលអង្វរព្រះជាម្ចាស់អស់រយៈពេលយូរក៏ដោយ តែថ្ងៃណាមួយព្រះជាម្ចាស់ និងសម្តែងព្រះអង្គឲ្យយើងបានស្គាល់ ដូចពីមុន ដែលទ្រង់បានសម្តែងព្រះអង្គឲ្យក្រុមសាវ័កបានឃើញ ឲ្យសាវ័កជឿ និងឲ្យពួកគេមានជីវិតរួមជាមួយព្រះជាម្ចាស់ពោរពេញដោយអំណរសប្បាយ។..អាមែន៕