មនុស្សលោកមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយព្រះម្ចាស់?

បកស្រាយ​ដោយ៖ លោកបូជាចារ្យ ម៉ាតាំង ជួរ ដាម៉ូ ពីក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ         

តាមពិតបើយើងសិក្សានៅក្នុងទេវវិទ្យាបានបញ្ជាក់ថា យើងដឹងថាព្រះជាម្ចាស់បានបង្ហាញព្រះអង្គឲ្យមនុស្សលោកយើងឃើញ និងបានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សលោកយើងយ៉ាងពិតប្រាកដ។ តើព្រះអង្គបង្ហាញវត្តមានរបស់ទ្រង់តាមរយៈអ្វីខ្លះ? បើយើងមើលនៅក្នុងព្រះគម្ពីរ ទីមួយ មើលនៅក្នុងព្រះគម្ពីរដើមកំណើតពិភពលោក នៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោកយើង ព្រះអង្គបានដាក់ឈ្មោះអ្វីៗទាំងអស់។ ដូច្នេះ នៅពេលដែលព្រះអង្គហៅឈ្មោះនោះ គឺព្រះអង្គមានវត្តមានពិតប្រាដកមែន ហេតុនេះហើយតាមរយៈវត្តមានរបស់ព្រះអង្គ នាំឲ្យអ្វីៗទាំងអស់មានជីវិត ដែលនេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីវត្តមានរបស់ព្រះយេស៊ូនៅលើភពផែនដីយើងនេះ។

យើងទាំងអស់គ្នាពិបាកក្នុងការនិយាយ ដោយសារតែអ្នកវិទ្យាសាស្រ្តមួយចំនួនព្យាយាម​ពន្យល់ហេតុផលបាតុភូត ក៏ដូចជាការកកើតនៅភពផែនដី ដើម្បីប្រើប្រាស់វិទ្យាសាស្រ្តពន្យល់ឲ្យមនុស្សលោកយល់ ប៉ុន្តែ! នៅពេលសួរថាហេតុអ្វីមានរបស់ទាំងអស់នេះនៅលើពិភពលោក? យើងពិបាកឆ្លើយ ព្រោះគ្មាននណាម្នាក់ប្រាកដបានថា វាកើតមកពីណានោះឡើយ។

សន្តថូម៉ាស បាននិយាយហេតុដើមដំបូងបង្អស់នៅក្នុងការកកើតអ្វីៗនៅលើភពផែនដីនេះថា ជាធម្មតាគ្រប់អ្វីៗទាំងអស់សុទ្ធតែមានដើម សុទ្ធតែមានហេតុ និងផលរបស់វា។ ប៉ុន្តែមានហេតុមួយគឺឥតមានផលទេ គឺវានៅអស់កល្បជានិច្ច ហើយគាត់ហៅហេតុនោះថាគឺជាវត្តមានរបស់ព្រះជាម្ចាស់។ ចំពោះគាត់ផ្ទាល់បានជឿថា ព្រះជាម្ចាស់អត់មានអ្វីបង្កើតព្រះអង្គទេ ផ្ទុយទៅវិញមានតែព្រះអង្គទេ បានបង្កើតគ្រប់ហេតុការណ៍ទាំងអស់ អ្វីៗនៅលើពិភពលោកនេះសុទ្ធតែជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ពេលព្រះអង្គមានវត្តមានផ្ទាល់នៅលើផែនដីនេះ ទ្រង់បានបង្កើតអ្វីៗទាំងអស់ឲ្យរស់រៀនមានជីវិត និងមានសកម្មភាពរស់រវើក។ ដូច្នេះ ដោយសារតែព្រះអង្គបានបង្កើតអ្វីៗទាំងអស់នេះហើយ ទើបយើងអាចនិយាយបានថា ព្រះជាម្ចាស់ជាអ្នកបង្កើតគ្រប់អ្វីៗទាំងអស់នៅលើភពផែនដីយើងនេះ។ ទ្រង់បានបង្ហាញពីទំនាក់ទំនងតាមរយៈធម្មជាតិដែលមាននៅក្នុងចក្រវាលយើងនេះ។ មួយវិញទៀតនៅពេលយើងជួបទុក្ខព្រួយ ឬក៏ទុក្ខកង្វល់ណាក៏ដោយ ពេលដែលយើងចេញទៅខាងក្រៅ បានឃើញទេសភាព ព្រៃភ្នំព្រឹក្សាផ្សេងៗ វាបានធ្វើឲ្យយើងធូរស្រាល មានអារម្មណ៍ល្អឡើងវិញ ដែលនេះហើយជាអំណោយទានដែលព្រះជាម្ចាស់បង្កើតធម្មជាតិឡើង ដើម្បីព្យាបាលដួងចិត្តមនុស្សលោក។ អ្វីទាំងនេះសបញ្ជាក់ឲ្យឃើញថាព្រះជាម្ចាស់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សលោក។ មួយដំណាក់កាលទៀត មនុស្សយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់តាមរយៈព្យាការី៖ បើយើងមើលព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ទាំងអស់ ដែលបាននិយាយច្រើនទាក់ទងជាមួយព្យាការី ថាក្រុមព្យាការីជាអ្នកនាំពាក្យពីព្រះជាម្ចាស់មកកាន់សមញ្ញជនធម្មតា។ ដូច្នេះតាមរយៈព្យាការីនេះហើយដែលតែងតែបង្រៀន តែងតែយកខ្លឹមសារទាក់ទងនឹងសីលធម៌ សុជីវធម៌ របៀបរស់នៅប្រចាំថ្ងៃ​ប្រដៅ​បណ្តាជន។

ឧទាហរណ៍៖ មានព្រះគម្ពីរមួយបាននិយាយថា ស្តេចដាវីឌ ចង់យកប្រពន្ធរបស់គេ ហើយចង់ស្លាប់ប្តីគេទៀត ក្រុមព្យាការីបានទៅរំឭក​ថា ទង្វើ​នេះមិនត្រឹមត្រូវទេ។ ដូចជារឿងព្យាការី យូណាស់ ដែលព្រះជាម្ចាស់បានចាត់លោកឲ្យទៅដើម្បីដាស់តឿនដល់អ្នកក្រុងនីគីវេឲ្យកែខ្លួន។ ពិតណាស់តាមរយៈព្យាការី ព្រះជាម្ចាស់បានបង្ហាញពីទំនាក់ទំនង និងបង្ហាញអំពីគោលបំណងរបស់ទ្រង់ គឺចង់ឲ្យយើងមានសីលធម៌ មានការគោរពស្រលាញ់គ្នាទៅវិញទៅមក ក្នុងជីវភាពរស់នៅសព្វថ្ងៃតាមរយៈព្យាការីផ្សេងៗ។

ប៉ុន្តែបើតាមសេចក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិករបស់យើង ព្រះជាម្ចាស់បង្ហាញខ្លួនព្រះអង្គ​ដែលជាវត្តមានចម្បង​ក្នុងប្រវត្តិសាស្រ្តជំនឿរបស់គ្រីស្តបរិស័ទយើង គឺតាមរយៈព្រះយេស៊ូ។ ព្រះអង្គយាងមកដោយផ្ទាល់ហើយទ្រង់ណែនាំ  និងបង្ហាញឲ្យមនុស្សលោកឃើញពីជីវិតរបស់ទ្រង់។ យើងក៏បានដឹងដែរនៅក្នុងព្រះគម្ពីរព្រះយេស៊ូបានប្រាប់ហើយ ព្រះអង្គ​មកពីព្រះបិតា ហើយទ្រង់ក៏ទៅព្រះបិតាវិញ និងខ្លឹមសារជាច្រើនទៀតបាននិយាយរៀប​រាប់​ពីព្រះយេស៊ូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ ជាព្រះបិតា ដែលនេះជាទំនាក់ទំនងមួយដែលពោរពេញដោយក្តីស្រលាញ់។

​ព្រះយេស៊ូយាងមកមិនត្រឹមតែបង្រៀន គឺព្រះអង្គបានតវ៉ា​ទាក់ទងនឹងរឿងរ៉ាវសង្គម រឿងអយុត្តិធម៌ ការគាបសង្កត់ និងព្យាយាមលើកសំឡេងអ្នកក្រីក្រឲ្យមានកម្លាំង មានថាមពល និងចាកចេញផុតពីការគាបសង្កត់ ការកេងប្រវ័ញ្ច រួចផុតពីទុក្ខវេទនា។ នេះហើយគឺជាវត្តមានរបស់ព្រះយេស៊ូរស់នៅក្នុងនាមជាមនុស្ស ព្រះអង្គបានបំពេញ និងបានភ្ជាប់សកម្មភាពនេះ ជាមួយនឹងការប្រកាសដំណឹងល្អពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផងដែរ៕

រៀបចំ​ដោយ ឆាក លាំង

Daily Program

Livesteam thumbnail