មនុស្សទូទៅមានសិទ្ធិបដិសេធមិនទទួលដំណឹងល្អពីព្រះជាម្ចាស់ដែរឬទេ?

បកស្រាយ​ដោយ៖ លោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី​ ពីព្រះសហគមន៍កាតូលិកមណ្ឌល​គិរី​ ក្នុង​ភូមិភាគកំពង់ចាម

បូ. ផាន បូរី៖ បងប្អូនជាទីស្រលាញ់! សំណួរនេះ ពិតជាមានអត្ថន័យណាស់សម្រាប់លោកពុក បងប្រុស បងស្រី និងគ្រូអប់រំជំនឿនានា បើសិនជាយើងទៅប្រកាសដំណឹងល្អនៅតាមភូមិ ឬតាមផ្ទះរបស់គេ តើគេមានសិទ្ធិបដិសេធដែរទេ? ជាការពិតណាស់ ការបង្ហាញវត្តមានរបស់ព្រះជាម្ចាស់នៅលើពិភពលោកនេះ គឺមានទិសដៅសំខាន់ណាស់ ក្នុងការ​សង្គ្រោះមនុស្ស​លោកដ៏ជាទីស្រលាញ់របស់ព្រះអង្គ ទាំងព្រលឹង ទាំងរូបកាយឲ្យបានបរិសុទ្ធជ្រះស្អាត ដោយសារតែនៅផែនដីយើងនេះពោរពេញដោយអំពើបាប រួមមាន៖ អំពើហិង្សា កាប់សម្លាប់ គ្រឿងញៀន..។ល។ ហេតុនេះ ធ្វើឲ្យការរស់នៅរបស់មនុស្សគ្មានសេចក្តីសុខសាន្តនោះទេ។

ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូឲ្យមកដើម្បីឲ្យមនុស្សទាំងអស់នៅជាប់ជាមួយនឹងព្រះជាម្ចាស់ និងមានគំនិតល្អដូចព្រះជាម្ចាស់។ ដោយសារមនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់។ ដោយសារមារ ដឹកនាំមនុស្សឲ្យសាងអំពើបាបច្រើន នាំឲ្យពិភពលោកងងឹត និងមានសេចក្តីអាក្រក់ច្រើនកើតមានឡើងក្នុងសង្គមបច្ចុប្បន្ន។ ហេតុនេះមនុស្សទាំងអស់មានសិទ្ធិបដិសេធមិនទទួលដំណឹងល្អបាន ក៏ប៉ុន្តែបើសិនគេមានជំនឿ គេមិនបដិសេធទេ ហើយថែមទាំងស្វាគមន៍ និងយាងព្រះយេស៊ូឲ្យចូលទៅក្នុងផ្ទះរបស់គេផងដែរ! យើងឃើញថាមានមនុស្សមួយចំនួនក៏បានអញ្ជើញព្រះយេស៊ូចូលទៅក្នុងផ្ទះរបស់គេ ហើយក៏ចាប់ផ្តើមមានជំនឿ។ មានន័យថា ស្វាគមន៍មនុស្សទូទៅ ដូចស្វាគមន៍ព្រះយេស៊ូ! ដូចមានចែងនៅក្នុងព្រះគម្ពីរដំណឹងល្អរបស់សន្តម៉ាកូសជំពូក៦៖ ព្រះយេស៊ូបានត្រាស់ហៅសាវ័កពីរៗនាក់ឲ្យទៅប្រកាសជំនឿ។

ព្រះអង្គមានគម្រោងការណ៍ឲ្យមនុស្សលោកទាំងអស់ស្គាល់ និងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្នុងគម្ពីរម៉ាកូសដដែលនៅក្នុងជំពូក១១ បានរៀបរាប់ថា៖ «បើនៅកន្លែងណាគេមិនព្រមទទួល ឬមិនព្រមស្តាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយចូររលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ។» មានន័យថានៅសម័យរបស់ព្រះយេស៊ូ ឬសម័យក្រុមសាវ័ក មានអ្នកខ្លះទទួលដំណឹងល្អ មានអ្នកខ្លះទៀតបដិសេធនិងដំណឹងល្អ។ បើសិនគេព្រមទទួល យើងនៅជាមួយគេ យើងមានឱកាសចែករំលែកបទពិសោធ ចែករំលែកសេចក្តីស្រលាញ់ទៅពួកគេ។

ក៏ប៉ុន្តែ បើសិនគេមិនព្រមទទួលសូមចាកចេញពីផ្ទះ ឬពីភូមិរបស់គេទៅ កុំខ្វាយខ្វល់ច្រើន។ រួចបន្តដំណើរទៅប្រកាសដំណឹងល្អនៅកន្លែងផ្សេង នៅខេត្តផ្សេង ឬក៏ក្រុងផ្សេងជាដើម។​ ហេតុនេះហើយប្រជាជនមិនបដិសេធទាំងអស់ទេ មានអ្នកខ្លះក៏ទទួល មានអ្នកខ្លះក៏បដិសេធ។ យើងមិនអាចបង្ខំនរណាម្នាក់ឲ្យជឿបានទេ ព្រោះជំនឿទាក់ទងនឹងបុគ្គលផ្ទាល់ខ្លួន ជាមួយនឹងព្រះជាម្ចាស់។ មួយវិញទៀត គម្រោងការរបស់ព្រះជាម្ចាស់​សម្តែងឲ្យមនុសុ្សលោករស់នៅជាមួយគ្នាបានសេចក្តីសុខសាន្ត កសាងអនាគតជាមួយគ្នា កសាងពិភពលោកដែលជាស្នាព្រះហស្តរួមគ្នា កុំឲ្យកើតមានសង្គ្រាម កុំឲ្យមានអំពើហិង្សា កុំឲ្យមានគ្រឿងញៀន។ល។

ទោះបីជាយ៉ាងណាក៏ដោយ គ្រីស្តបរិស័ទត្រូវតែប្រកាសដំណឹងល្អ ទោះត្រូវគេមើល​ងាយ​ ជេរប្រមាថក៏ដោយ។ ព្រោះថាពេលបងប្អូនបានទទួលអគ្គសញ្ញាជ្រមុជទឹកបងប្អូនបានទទួលព្រះអំណោយទាន ហេតុនេះត្រូវចែកចាយអំណោយទាននេះឲ្យបានត្រឹមត្រូវ កុំយកអំណោយទាននេះមកទុកហើយមិនបានប្រើ។ ដូចសន្តប៉ូលបានមានព្រះបន្ទូលថា៖ «បើសិនខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឲ្យខ្ញុំស្លាប់ទៅចុះ។» នេះមានន័យថាឆន្ទៈរបស់សន្តប៉ូល បានលើកទឹកចិត្តយើង ឲ្យយើងខិតខំធ្វើតាម និងខិតខំប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យមនុស្សលោកបានស្គាល់ផងដែរ៕

រៀបចំ​ដោយ ឆាក លាំង

 

Daily Program

Livesteam thumbnail