ប្រធានបទ៖ តួនាទីព្រះយេស៊ូគ្រីស្តក្នុងការប្រកាសព្រះវិញ្ញាណព្រះជាម្ចាស់ដល់មនុស្សគ្រប់គ្នា!

បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
បូ. រឿង ឆ័តសិរី៖ បងប្អូនជាទីស្រឡាញ់ ព្រះវិញ្ញាណដ៏សុទ្ធបានស្ថិតជាប់មនុស្សលោកតាំងពីថ្ងៃចាប់កំណើមកម្ល៉េះ! មិនត្រឹមតែប៉ុណ្ណោះជីវិតយើងបានធ្វើកិច្ចការផ្សេងៗតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ជារាងរាល់ថ្ងៃ។ ជីវិតមនុស្សម្នាក់ៗអាចរស់នៅបាន ក៏ដោយសារការណែនាំរបស់ព្រះវិញ្ញាណដ៏សុទ្ធ ជាពិសេសដល់អស់គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាលាបថ្ងាស់។
ព្រោះថាគាត់មានលក្ខណៈជាគ្រីស្តបរិស័ទពេញវ័យដោយសារយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈអគ្គសញ្ញាលាបថ្ងាស។ ត្រង់នេះបញ្ជាក់ថាយើងគ្រប់គ្នាមានវត្តមានព្រះវិញ្ញាណដ៏វិសុទ្ធ ដូច្នេះអ្វីដែលជាផលផ្លែដែលព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់ឲ្យយើង យើងហៅព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ! ព្រោះថាសមត្ថិភាព ឬក៏អ្វីៗទាំងអស់ដែលមាននៅក្នុងខ្លួនយើងគឺខុសៗគ្នា ដែលយើងហៅថាជាព្រះអំណោយទាន! ឬហៅម្យ៉ាងទៀងថាព្រះពរដែលមកពីព្រះជាម្ចាស់! គឺមិនដូចគ្នាទេ តែក៏មិនខុសគ្នាទាំងស្រុងដែរ។
សម្រាប់រឿងអំណោយទាននេះ គឺយើងអាចចែករំលែកទៅកាន់មនុស្សលោកគ្រប់ទីកន្លែងទាំងអស់ ដោយមិនប្រកាន់ជាតិសាសន៍ អ្នកមានអ្នកក្រ ឬក៏សាសនាណាឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺបងប្អូនដែលមានសមតិ្ថភាពទទួលបានព្រះអំណោយទានហើយ គឺត្រូវតែចែករំលែកទៅបងប្អូនដែលមិនបានស្គាល់ ត្បិតថាព្រះវិញ្ញាណនោះក៏ជួយឲ្យអ្នកដទៃ និងជួយសម្រួលឲ្យសង្គម ឬព្រះសហគមន៍រីកចំរើនទៅមុខ។
ហេតុនេះផ្លូវវិញ្ញាណក្នុងព្រះសហគមន៍គឺមានព្រះអំណោយទានច្រើន ជាពិសេសបានកត់ត្រាក្នុងគម្ពីរកូរិនថូសជំពូក១២ បាននិយាយយ៉ាងច្បាស់អំពីរឿងព្រះអំណោយទានពីព្រះវិញ្ញាណ ដែលធ្វើឲ្យមានសមតិ្ថភាពផ្សេងៗ ដូចជារាងកាយមួយរបស់ព្រះជាម្ចាស់មានអាវៈយីវៈខុសៗគ្នា ប៉ុន្តែយើងទាំងអស់គ្នាគឺជារូបកាយតែមួយរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត។
បងប្អូនជាទីស្រឡាញ់! ការចែករំលែកព្រះវិញ្ញាណ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសអ្វីដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលយើងមាន ហើយព្យាយាមចែករំលែកទៅគេបាន ហើយយើងក៏អាចអញ្ជើញព្រះវិញ្ញាណជូនឲ្យបងប្អូន នៅពេលយើងលើកទឹកចិត្តគ្នា ក្នុងពេលយើងអធិដ្ឋានរួមគ្នាដើម្បីសុំព្រះវិញ្ញាណយាងមកក្នុងអង្គប្រជុំរបស់យើង ឬក៏ការជួបជុំណាមួយដែលបានរៀបចំតាមទីកន្លែងផ្សេងៗ។ ក្នុងពេលនោះដែរ ក៏ជាពេលដែលព្រះវិញ្ញាណមានស្រាប់ហើយនៅក្នុងខ្លួនយើងម្នាក់ៗ បញ្ចេញរស្មី បញ្ចេញសកម្មភាពដើម្បីឲ្យយើងទាំងអស់គ្នាដែលបានជួបជុំគ្នានោះកាន់តែមានអត្ថន័យ។
ដូច្នេះសូមឲ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺដល់បងប្អូនទាំងអស់គ្នា ក្នុងការចែករំលែកព្រះវិញ្ញាណទាំងនេះ តាមរយៈការទូលអង្វរ តាមរយៈការអធិដ្ឋាន ដែលយើងអាចសុំឲ្យព្រះជាម្ចាស់យាងមកជួយបំភ្លឺដល់អ្នកដទៃឲ្យមានសេចក្តីសង្ឃឹមក្នុងជីវិតរបស់គេម្នាក់ៗ៕ អាមែន
ដោយ ឆាក លាំង
Daily Program
