ប្រធានបទ៖ អស់អ្នកជឿលើព្រះយេស៊ូគ្រីស្តត្រូវចែករំលែកទ្រព្យសម្បត្តិទៅអ្នកដទៃ!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍កាតូលិកភ្នំពេញ)
បូ៖ ហ្វ្រង់ស្វ័រ៖ បើសិនព្រះជាម្ចាស់សុំឲ្យយើងធ្វើ ពិតណាស់យើងត្រូវតែខិតខំធ្វើឲ្យបានល្អ នឹងអស់ពីសមត្ថភាព! ពេលទ្រង់សុំឲ្យយើងធ្វើអ្វីមួយច្បាស់ណាស់ថាកិច្ចការនោះនឹងមានប្រយោជន៍សម្រាប់មនុស្សទាំងអស់គ្នា ដូចរឿងចែកទ្រព្យសម្បត្តិដូច្នោះដេរ។ ចំណុចនេះងាយយល់ណាស់ សម្រាប់យើងជាអ្នកជឿត្រូវតែខិតខំធ្វើ ដោយចែកទ្រព្យសម្បត្តិ ចែកពេលវេលា ចែកអំពើល្អ ចែកក្តីស្រឡាញ់ ចែកទេពកោសល្យដល់អស់បងប្អូនដែលនៅជុំវិញខ្លួន ធ្វើដូច្នេះយើងនិងទទួលបានសុភមង្គល។
ពិតណាស់! យើងត្រូវតែព្យាយាមអនុវត្តន៍ ព្រោះអ្វីៗដែលព្រះជាម្ចាស់ស្នើរសុំ យើងកុំប្រកែក ចូរខិតខំធ្វើទៅ តែប្រកាន់ភ្ជាប់គោលការណ៍ដែលគាប់និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច។ យើងដឹងថាប្រាក់កាសទ្រព្យសម្បត្តិពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែយើងត្រូវតែចែករំលែកដើម្បីឲ្យជិវិតយើងបានអំណរសប្បាយក្នុងការរស់នៅប្រចាំថ្ងៃ។ បងប្អូនជាទីស្រលាញ់! ពេលណាយើងចែកទ្រព្យសម្បត្តិ ឬសម្ភារៈទៅអ្នកដទៃ យើងឃើញគេមានអំណរសប្បាយ! ដែលនេះគឺជាដំណឹងល្អដែលព្រះសហគមន៍បង្រៀនយើងឲ្យធ្វើកិច្ចការទាំងនេះ ផ្ទុយទៅវិញបើយើងរស់នៅមិនដែលខ្វាយខ្វល់ពីអ្នកដទៃ មិនខ្វល់ថាគេត្រូវការអ្វី ច្បាស់ណាស់យើងមិនទាន់បានយល់អំពីអត្ថន័យនៃជីវិតនោះទេ។
សេចក្តីនេះសំខាន់ណាស់ អត្ថន័យនៃជីវិតសុំឲ្យយើងបូជា ឬចេះផ្តល់នូវអ្វីៗទាំងអស់ដែលខ្លួនមាន បន្តិចៗម្តងតាមអ្វីដែលយើងអាចធ្វើបាន ព្រោះបើយើងបានធ្វើបែបនេះ គឺយើងមានលក្ខណៈដូចព្រះជាម្ចាស់។ យើងជាបុត្រធីតារបស់ទ្រង់ ព្រះអង្គបានប្រោសប្រទានព្រះបុត្រាតែមួយឲ្យយើងទាំងអស់គ្នា ព្រះបិតាបានប្រោសប្រទានអ្វីៗសពសារពើឲ្យមកនៅក្រោមការគ្រប់គ្រង់របស់មនុស្សលោក ហើយនេះជាសុភមង្គលរបស់ព្រះជាម្ចាស់ ដែលទ្រង់ចង់បាន។
ព្រះជាម្ចាស់មានសុភមង្គល ដោយសារទ្រង់បានប្រទានអ្វីៗទាំងអស់ឲ្យមនុស្សលោកមើលថែគ្រប់គ្រង មិនទុកសម្រាប់ព្រះអង្គនោះទេ។ ប្រសិនបើយើងអាចធ្វើបានតាមការណែនាំរបស់ទ្រង់ បន្តិចម្តងៗយើងនឹងបានរួមរស់ជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ យើងនឹងមានសុភមង្គល នឹងទទួលបានព្រះជន្មដែលមកពីទ្រង់ផ្ទាល់។
ដូច្នេះនេះជាអត្ថន័យនៃជីវិត ដែលត្រូវតែបំភ្លេចខ្លួនឯងបន្តិចម្តងៗ និងបើកចិត្តសម្លឹងមើកពីសេចក្តីត្រូវការរបស់អ្នកដទៃ។ សូមបងប្អូនមានចិត្តទូលាយចំពោះអ្នកដទៃ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់! ទ្រង់មានព្រះជន្មដ៏រុងរឿងនៅលើភពផែនដីនេះ។ អាមែន
ដោយ ឆាក លាំង
Daily Program
