ប្រធានបទ៖ អធិដ្ឋានដើម្បីឲ្យពិភពលោកទទូលបានសន្តិភាពឡើងវិញ!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍ភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ ជាការពិតណាស់ការអធិដ្ឋានគឺជួយឲ្យពិភពលោកទាំងមូលមានសន្តិភាព ទោះជាមិនមែនសន្តិភាពមួយរយភាគក៏ពិតមែន តែមានតំបន់ជាម្រើននៅក្នុងពិភពលោកទទួលបានសន្តិភាពមកវិញដោយការអធិដ្ឋានរបស់បងប្អូនយើង។ ប្រមុខកំពូលៗរបស់ថ្នាក់ដឹកនាំព្រះសហគមន៍ សម្តេចប៉ាប ឡេអូទី១៤បានមានព្រះបន្ទូលរំលឹក និងសំណូមពរដល់ថ្នាក់ដឹករបស់ប្រទេសទាំងអស់លើពិភពថា សង្គ្រាមមិនមានអ្នកឈ្នះនោះទេ មានតែខាតបង់តែប៉ុណ្ណោះ! ការអធិដ្ឋានមានប្រសិទ្ធភាព ព្រោះថាព្រះជាម្ចាស់តែងតែឆ្លើយតបនិងការអធិដ្ឋានរបស់មនុស្សគ្រប់គ្នា ប៉ុន្តែការអធិដ្ឋានទាំងនេះមានប្រសិទ្ទភាពល្កឹះណាយើងបានចូលរួមទាំងអស់គ្នា ហើយពេញចិត្តធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់។
តំបន់ដែលមានសង្គ្រាមតែងផ្តល់ផលលំបាកដល់ប្រជាជនជាពិសេសក្មេងៗ និងមនុស្សចាស់ជរាព្រមទាំងមនុស្សទូទៅ តែពេលខ្លះយើងភ្លេចខ្លួន ព្រោះតែកាយវិការ និងពាក្យសម្តីនាំឲ្យកើតមានសង្គ្រាម ដោយសារតែការនិយាយ ឬក៏ចែករំលែកលើបណ្តាញសង្គមមនុស្សស្អប់គ្នា និងមិនឲ្យតំលៃគ្នាទៅវិញទៅមក។ តែព្រះយេស៊ូបានណែនាំឲ្យយើងខិតខំធ្វើតាមពាក្យអធិដ្ឋានរបស់ខ្លួន បើមិនដូច្នេះទេ ការអធិដ្ឋានរបស់បងប្អូនដើម្បីសន្តិភាពមិនទទួលបានផលផ្លែឡើយ។
បងប្អូនបានដឹងថាព្រះជាមា្ចស់មិនចេះបង្ខំទេ ទ្រង់ស្រឡាញ់មនុស្សលោកណាស់ ព្រះជាម្ចាស់តែងផ្តល់សេរីភាពឲ្យមនុស្ស។ ពិតណាស់ការអធិដ្ឋានធ្វើឡើងដើម្បីសន្តិភាព ទោះមិនបានមួយរយភាគរយក៏ពិតមែន តែយើងនៅតែមានសង្ឃឹមថារាល់ការអធិដ្ឋានរបស់យើងនិងជួយឲ្យសង្គ្រាមនៅលើពិភពលោកថមថយ ហើយមនុស្សនិងមិនទទួលរងសម្ពាធដោយសារសង្គ្រាមទៀតដែរ។
ទីមួយយើងត្រូវអរគុណថ្នាក់ដឹកនាំរបស់ប្រទេសកំពូលៗនៅលើពិភពលោក ដែលឈរលើជំហរសន្ទានដើម្បីសន្តិភាព មួយវិញទៀតយើងត្រូវតែអរគុណព្រះជាម្ចាស់ដែលជាប្រភពចម្បងបំភ្លឺឲ្យមនុស្សលោកស្វែងរកសន្តិភាព។ ទោះជាការអធិដ្ឋានមិនទទួលបានផលផ្លែភ្លាមៗ តែយើងមិនត្រូវបាក់ទឹកចិត្ត គឺត្រូវតែបន្តធ្វើវាជាប្រចាំ ដោយមានសង្ឃឹមលើព្រះជាម្ចាស់ជានិច្ច ថាថ្ងៃណាមួយការអធិដ្ឋានរបស់យើងនិងទទួលផលផ្លែយ៉ាងពិតប្រាកដ។ ហេតុច្នេះបងប្អូនត្រូវតែទូលអង្វរព្រះជាម្ចាស់ឲ្យអស់ពីកំលាំងកាយចិត្ត ខិតខំអធិដ្ឋានសុំសន្តិភាពនៅជុំវិញពិភពលោក និងឲ្យមនុស្សរួចផុតពីការគម្រាមគ្រប់ទម្រង់ទាំងអស់ ដែលកើតចេញពីសង្គ្រាម។
យើងរំលឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានកត់ត្រាក្នុងព្រះគម្ពីរ ទ្រង់បានមានព្រះបន្ទូលសន្យាថា និងប្រទានសន្តិភាពដល់មនុស្សនៅគ្រប់ទីកន្លែងនៃផែនដីទាំងអស់។ ហើយមនុស្សទាំងអស់គឺជាបងប្អូននិងគ្នា មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងមានតែស្នាមញញឹម មានតែសេចក្តីសុខ រស់នៅក្នុងអង្គព្រះគ្រីស្ត ដែលជាព្រះតែមួយអង្គរបស់យើងទាំងអស់គ្នា៕ អាមែន
ដោយ ឆាក លាំង
Daily Program
