ប្រធានបទ៖ មនុស្សមានឋានៈជាបុត្រធីតាព្រះជាម្ចាស់ ហេតុអ្វីមនុស្សត្រូវតែស្គាល់ទ្រង់?

បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
បូ. ផាន បូរី៖ បងប្អូនអ្នកជឿលើព្រះយេស៊ូជាទីស្រឡាញ់រាប់អាន! បងប្អូនដឹងហើយថាជំនឿនៅក្នុងព្រះសហគមន៍កាតូលិក គ្រីស្តបរិស័ទត្រូវតែស្គាល់ព្រះជាម្ចាស់ជាព្រះបិតានៃយើងទាំងអស់គ្នា ព្រះអង្គជាស្នាព្រះហស្ថដ៏អស្ចារ្យនៃការបង្កើតមនុស្សលោក។ ពិតណាស់បើសិនបងប្អូនបានអានព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ កំណើតពិភពលោកជំពូក១ ខ២៧ បានរៀបរាប់ថា គឺព្រះជាម្ចាស់បានបង្កើតមនុស្សលោកដើម្បីធ្វើជាតំណាងរបស់ព្រះអង្គ ហើយទ្រង់បង្កើតមនុស្សលោកឲ្យមានលក្ខណៈដូចព្រះអង្គផងដែរ។
ហេតុនេះយើងត្រូវតែស្គាល់ព្រះអង្គ ព្រោះយើងជាស្នាព្រះហស្ថរបស់ព្រះជាម្ចាស់! សំណួរសួរថាហេតុអ្វីយើងត្រូវស្រឡាញ់ព្រះអង្គ? បងប្អូនយើងជាកម្មសិទ្ធរបស់ព្រះជាម្ចាស់ គ្រប់ដង្ហើមចេញចូលរបស់យើង ឬក៏គ្រប់យ៉ាងដែលយើងមានសព្វថ្ងៃនេះគឺទ្រង់ជាអ្នកប្រទានមកឲ្យយើង ហេតុនេះយើងម្នាក់ៗត្រូវតែដឹងគុណព្រះជាម្ចាស់។ បងប្អូនអើយ! ព្រះជាម្ចាស់បានប្រទានកិច្ចការតូចធំឲ្យបំពេញ ឲ្យយើងគ្រប់គ្រង់ ហើយទ្រង់តែងតែជួយបំភ្លឺលើកទឹកចិត្តយើងជានិច្ច។ ជាក់ស្តែងមនុស្សមានតួនាទីសំខាន់ណាស់លើភពផែនដីនេះ គឺត្រូវមើលថែការពារគ្រប់គ្រង់ បរិស្ថាន រុក្ខជាតិ សត្វ និងអ្វីៗជាច្រើនទៀត។
អ្វីៗទាំងអស់នេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះជាម្ចាស់បង្កើតឡើង ដើម្បីឲ្យជីវិតមនុស្សរស់នៅដោយអំណរសប្បាយ និងមើលថែគ្រប់គ្រង។ គ្រីស្តបរិស័ទទាំងអស់មានតួនាទីសំខាន់ណមួយទៀតគឺបង្ហាញផ្លូវ ឬជំរុញឲ្យមនុស្សនៅជុំវិញខ្លួនចូលរួមក្នុងការការពារស្នាព្រះហស្ថរបស់ព្រះជាម្ចាស់ឲ្យបានគង់វង្ស។ បើយើងមិនចូលរួមការពារស្នាព្រះហស្ថនេះទេ ធ្វើឲ្យព្រះជាម្ចាស់ទាស់ព្រះហឫទ័យ បង្កឲ្យមានគ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ជាដើម....ដែលនាំឲ្យជីវិតមនុស្សរស់នៅមិនបានសុខស្រួលនោះឡើយ។
កិច្ចការសំខាន់ជាងគេសម្រាប់ជីវិតមនុស្សលោក គឺត្រូវដឹងគុណព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ ត្រូវព្យាយាមរស់នៅឲ្យបានល្អ និងគាប់តាមព្រះហឫទ័យរបស់ទ្រង់។ មួយទៀតយើងត្រូវដឹងគុណបងប្អូនរបស់យើងគ្រប់គ្នា ជាពិសេសឪពុកម្តាយបងប្អូនសាច់ញ្ញាតិ មិត្តភ័ក្កជាពិសេសអស់អ្នកដែលបានជួយយើងក្នុងគ្រាដែលយើងកំពុងតែជួបទុក្ខលំបាក ទោះតិចក្តីច្រើនក្តី។ ការដឹងគុណនេះហើយជួយឲ្យមនុស្សម្នាក់ៗមានការរីកចម្រើនធំធាត់ជានិរន្ត៍ យើងម្នាក់ៗជាស្នាព្រះហស្ថរបស់ជាម្ចាស់ ព្រះអង្គបានផ្លុំដង្ហើមឲ្យយើងមានជីវិត ក្នុងខ្លួនរបស់យើងមានវត្តមានទ្រង់គង់នៅ សូមបងប្អូនខិតខំរស់នៅឲ្យបានល្អប្រសើរតាមដែលអាចធ្វើទៅបាន។
គ្រប់សកម្មភាព គ្រប់ទង្វើរផ្សេងៗ ដែលបងប្អូនបង្ហាញទៅកាន់មនុស្សនៅជុំវិញខ្លួនគឺជាសកម្មភាពរបស់ព្រះយេស៊ូជាអម្ចាស់ដែលបានធ្វើសម្រាប់មនុស្សគ្រប់គ្នាដោយក្តីស្រឡាញ់ ដោយក្តីមេត្តាករុណា និងអត់អោនជាទីបំផុត។ អាមែន
ដោយ ឆាក លាំង
Daily Program
