ប្រធានបទ៖ ការប្រព្រឹត្តកំហុសឆ្គងដដែលៗរបស់គ្រីស្តបរិស័ទផ្ទុយពីបំណងព្រះជាម្ចាស់ នឹងត្រូវទទួលទោស?

បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)

បូ. រឿង ឆ័ត្រសិរី៖  នេះជាសំណួរដែលយើងម្នាក់ៗត្រូវសួរខ្លួនឯង នឹងគ្រីស្តបរិស័ទដទៃទៀតថា បើគ្រីស្តបរិស័ទនៅតែប្រព្រឹត្តកំហុសដដែលផ្ទុយពីការអប់រំរបស់ព្រះយេស៊ូ ឬក៏ព្រះសហគមន៍ជាច្រើនលើកច្រើនសារ តើព្រះជាម្ចាស់និងបន្សុតបាបរបស់ពួកគេដោយរបៀបណា?

បងប្អូនជាទីស្រឡាញ់! យើងបានដឹងទាំងអស់គ្នាហើយថា យើងជាមនុស្សរស់នៅក្នុងលោកីយ៍នេះ គឺមានភាពទន់ខ្សោយ ឆាប់បាក់ទឹកចិត្ត ឆាប់ខ្លាច ងាយចាញ់ការលួងលោម នឹងការល្បួងផ្សេងៗពីសំណាក់មាសាតាំងអោយប្រព្រឹត្តអំពើបាប ពេលខ្លះដឹងខ្លួន ហើយពេលខ្លះទៀតក៏មិនដឹងខ្លួន ដូច្នេះការប្រណីសណ្តោសរបស់ព្រះជាម្ចាស់ យើងបានឃើញផ្ទាល់និងភ្នែកហើយ គឺ “អគ្គសញ្ញាលើកលែងទោស” ដែលព្រះសហគមន៍កាតូលិកតែងតែធ្វើឡើងរាល់ពេលវេលា ដើម្បីផ្តល់ឱកាសឲ្យគ្រីស្តបរិស័ទទទួលសារភាពកំហុសឆ្គងដែលខ្លួនបានធ្វើ និងបានបរិសុទ្ធឡើងវិញ។ បងប្អូនអគ្គសញ្ញាលើកលែងទោសជាអគ្គសញ្ញាមួយយ៉ាងសំខាន់ក្នុងចំណោមអគ្គសញ្ញាទាំង៧របស់ព្រះសហគមន៍ ដែលជួយឲ្យបងប្អូនដែលបានប្រព្រឹត្តអំពើបាបទៅបានបរិសុទ្ធវិញ។

តាមជំនឿរបស់គ្រីស្តបរិស័ទយើងជឿថាដើម្បីឲ្យយើងមានជីវិតថ្មីដ៏បរិសុទ្ធ គឺមានតែការទទួលអគ្គសញ្ញាស្រាយបាបតែមួយមុខប៉ុណ្ណោះ។ ចំណុចហើយដែលបង្ហាញឲ្យមនុស្សលោកបានឃើញពីការអស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ដោយទ្រង់បានបង្កើតមនុស្សលោក រួចផ្លុំដង្ហើមចេញចូល ផ្តល់អំណាចឲ្យមនុស្សគ្រប់គ្រងលើអ្វីដែលមានក្នុងលោក និងកាន់តែអស្ចារ្យទៀននោះគឺ ជួយជម្រះមនុស្សឲ្យរួចពីបាបរាប់រយជំពូកដែលគេបានប្រព្រឹត្ត ហើយពិធីស្រាយបាប ឬក៏ពិធីលើកលែងទោសនេះនៅតែបន្តធ្វើនៅតាមព្រះសហគមន៍រហូតមកដល់បច្ចុប្បន្ននេះ។

មួយវិញទៀតបងប្អូនត្រូវតែមានចិត្តចង់ជៀសវាងអំពើបាប ហើយរក្សាការត្រាស់ហៅរបស់ខ្លួនឲ្យទៅតាមភាពដ៏វិសុទ្ធរបស់ព្រះអង្គ។ កាលយើងព្យាយាមមិនប្រព្រឹត្តអំពើបាប ព្យាយាមកែប្រែចិត្តគំនិត ប្រាកដណាស់បងប្អូនក៏បានថយឆ្ងាយពីអំពើបាប ពិសេសពេលបងប្អូនចូលរួមក្នុងកម្មវិធីអធិដ្ឋាន ឬក៏កម្មវិធីអភិបូជា មុនដំបូងយើងមានធម៌សារភាព ដែលជួយជម្រះចិត្តគំនិតយើងឲ្យបានប្រសើរផងដែរ។ សូមឲ្យព្រះជាម្ចាស់ជួយឲ្យយើងបានត្រៀមខ្លួនស្តាប់ព្រះបន្ទូលរបស់ទ្រង់ និងទទួលព្រះកាយរបស់ទ្រង់យ៉ាងល្អ។ សញ្ញាមួយទៀត ពេលយើងចូលព្រះវិហារយើងមានទឹកព្រះពរ បងប្អូនអាចយកទឹកព្រះពរនោះធ្វើសញ្ញាឈើឆ្កាងលើដងខ្លួន វាក៏ជួយឲ្យយើងជម្រះវិញ្ញាណអាក្រក់ចេញ ហើយត្រៀមខ្លួនទទួលបុណ្យយ៉ាងល្អត្រឹមត្រូវផងដែរ។

ហេតុនេះសូមខិតខំរិះគិតបន្តទៀត និងអាចជួយឲ្យយើងអនុវត្តន័តាមកិច្ចការដែលព្រះសហគមន៍បានរៀបចំឲ្យបងប្អូនភាពបរិសុទ្ធ ដើម្បីចូលរួមលើកតម្កើងព្រះជាម្ចាស់ទោះបីយើងបានប្រព្រឹត្តអំពើបាបហើយក៏ដោយ។ ដូច្នេះសូមបងប្អូនព្យាយាមខិតខំអនុវត្តន័តាមកិច្ចការដែលព្រះសហគមន៍បានដាក់ឲ្យ ដើម្បីពន្លឺដ៏ត្រចះត្រចង់សាយភាយដល់បងប្អូនដទៃទៀតឲ្យបានរួចពីអំពើបាបផងដែរ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail