ធម្មទេសនាលោក អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ក្នុងពិធីបិទសន្និបាតយុវជនអន្តរភូមិភាគឆ្នាំ២០២៤
ថ្ងៃនេះ ខ្ញុំពោរពេញដោយសេចក្ដីសង្ឃឹមអត់មានការឆ្ងល់អត់មានការអស់សង្ឃឹមមានតែសេចក្ដីសង្ឃឹមសេចក្ដីសង្ឃឹមទីមួយដោយសារមានភ្លៀង។ ភ្លៀងខ្ញុំសប្បាយចិត្ត ដោយសារខ្ញុំឃើញព្រះជាម្ចាស់ប្រទានពរឲ្យយើង។ មិញខ្ញុំអត់បាចទឹកព្រះពរដូច្នេះខ្ញុំបានព្រះពរពីព្រះជាម្ចាស់ហើយ និងយើងត្រជាក់យ៉ាងស្រួល អរព្រះគុណព្រះជាម្ចាស់។ ខ្ញុំមានសេចក្ដីសង្ឃឹមដោយសារថ្ងៃនេះអត់មានខ្វះម្នាក់មកចូលអភិបូជាបិទ។ ពីព្រឹកម្សិលមិញ ខ្ញុំឃើញមានប្រលោះច្រើនណាស់ តែថ្ងៃនេះវាពេញ ហើយសេចក្ដីសង្ឃឹមដល់កំពូល ដោយសារថ្ងៃនេះខ្ញុំឃើញបូជាចារ្យច្រើនណាស់។ ប៉ុន្មានដងដែលខ្ញុំបានធ្វើពិធីបិទកម្មវិធីយុវជន មានតែម្នាក់ឯង ឬមានលោកតែម្នាក់។ ថ្ងៃនេះយើងមានមហាជននៃលោកបូជាចារ្យដែលគាំទ្រយុវជនយុវនារី ដែលគាំទ្រគ្រប់សកម្មភាពដែលយើងធ្វើនៅក្នុងភូមិភាគទាំងបី ប៉ុន្តែខ្ញុំមានសេចក្ដីសង្ឃឹមមួយទៀត ដែលណែនាំឲ្យខ្ញុំពោរពេញដោយកម្លាំងដែរ គឺអត្ថបទទាំងបីដែលយើងស្ដាប់នៅថ្ងៃនេះ។ យើងអត់បានជ្រើសរើសទេ អត់បានដូរ គឺអត្ថបទប្រចាំថ្ងៃ ប៉ុន្តែអត្ថបទទាំងបី ទាំងអត្ថបទទី១ ទំនុកតម្កើង និងអត្ថបទគម្ពីដំណឹងល្អ ដូចជាស៊ីជម្រៅមែនទែន។ ជាពិសេសអត្ថបទទី១និងប្រធានបទរបស់យើងហាក់បីដូចជាព្រះជាម្ចាស់ស្រឡាញ់យើង ថែរក្សាយើង ការពារយើងមែនទែន នៅក្នុងអត្ថបទទី១យើងបានស្ដាប់ «សូមឲ្យព្រះយេស៊ូគ្រីស្តដែលជាព្រះអម្ចាស់នៃយើងខ្ញុំ គឺព្រះបិតាប្រកបដោយសេចក្ដីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញាឈ្លាសវៃ សូមឲ្យបងប្អូនពោរពេញដោយសេចក្ដីសង្ឃឹមជានិច្ច។ ទំនុកតម្កើងណែនាំឲ្យយើងចូលរួមជាមួយអ្នកនិពន្ធ លើកតម្កើងព្រះជាម្ចាស់ដោយសួរថាតើមនុស្សយើងជាអ្វីដើម្បីឲ្យព្រះជាម្ចាស់បង្កើតមនុស្សយើងនិងបានឲ្យមនុស្សយើងគ្រប់គ្រងផែនដី។ ទំនុកតម្កើងនេះខ្ញុំចូលចិត្ត ខ្ញុំប្រឡងគម្ពីរវិជ្ជាវាចេញដែរពេលខ្ញុំនៅក្មេង ជានិសិត្សទេវវិទ្យាល័យ។ ពេលនោះ ខ្ញុំទទួលពិន្ទុ១៩លើ២០ គឺល្អបានលេខ៨គឺលេខពិសេសសម្រាប់ខ្ញុំ។ គម្ពីដំណឹងល្អក៏ចូលនៅក្នុងអ្វីៗទាំងអស់ដែលយើងបាននិយាយថ្ងៃនេះកុំព្រួយបារម្ភ កុំភ័យបារម្ភ ត្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា។
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់បីថ្ងៃនេះ ដែលយើងបានធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹមនិងរូបដែលយើងបានជ្រើសរើសនៅថ្ងៃនេះគឺសរុបសេចក្ដីទាំងអស់ដែលយើងបានទទួលនៅក្នុងបីថ្ងៃកន្លងមក។ ជីវិតរបស់យើងដែលជាប់ជាមួយភក់ ដែលជាប់ជាមួយរឿងសាហាវឃោឃៅ តែដោយសារព្រះយេស៊ូគ្រីស្តយាងមកចាប់កំណើតជាមនុស្សជីវិតរបស់យើងពោរពេញដោយសេចក្ដីសង្ឃឹម។ ព្រះអាទិត្យគឺព្រះយេស៊ូគ្រីស្តផ្ទាល់ ព្រះអង្គដែលទទួលព្រះពន្លឺពីព្រះជាម្ចាស់ដែលណែនាំឲ្យយើងធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃលើផែនដីនេះ មើលឃើញសិរីរុងរឿងនៅលើស្ថានបរមសុខ។ ហើយរូបដែលយើងបានរើសនៅថ្ងៃនេះមិនមែនតែផ្កាឈូកទេ យើងឃើញព្រះឈើឆ្កាង ដែលជាសញ្ញាសម្គាល់នៃអ្វីៗទាំងអស់ដែលសាហាវឃោឃៅជាងគេនៅក្នុងពិភពលោក។ នៅពេលព្រះយេស៊ូបានសោយទិវង្គតនៅលើឈើឆ្កាង អត់មានរបៀបយ៉ាប់ជាងនេះដើម្បីទទួលមរណភាព។ ប៉ុន្តែឈើឆ្កាងដែលជាអ្វីដែលអាក្រក់មើលមែនទែន ជាសញ្ញានៃសេចក្ដីស្លាប់ ជាសញ្ញានៃអំពើបាប។ ពីឈើឆ្កាងនេះមានទឹកមានឈាមដែលហូរចេញដើម្បីឲ្យយើងចូលរួមនៅក្នុងជីវិតថ្មីអស់កល្បជានិច្ច ដោយសារមានឈើឆ្កាងនេះ ព្រះបិតាបានឲ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
បងប្អូនជាទីស្រឡាញ់ប្រសិនបើនៅក្នុងបីថ្ងៃយើងភ្លេចអស់ហើយ ប្រហែលយប់មិញយើងសប្បាយពេកយើងបានភ្លេចទាំងអស់ដែលយើងបានអប់រំពីរបីថ្ងៃកន្លងមក ប៉ុន្តែសូមទុកយ៉ាងតិចរូបនេះ ដែលមានទាំងផ្កាឈូកដែលជាយើងម្នាក់ៗដែលកំពុងចេញពីភក់ដែលទៅដល់ព្រះពន្លឺរបស់ព្រះជាម្ចាស់ទៅជាផ្កាមួយដ៏ស្អាត និងយើងនៅជុំវិញព្រះឈើឆ្កាង យើងកំពុងសម្លឹងមើលព្រះឈើឆ្កាង។ ពីព្រះឈើឆ្កាងនេះ បានចេញជីវិតពិតដែលយើងបានទទួលពីព្រះជាម្ចាស់ បានចេញសេចក្ដីសង្ឃឹមដែលណែនាំឲ្យយើងទៅមុខតទៅទៀតទាំងនៅលើផែនដីនេះ ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតនៅខាងមុខនេះនៅក្នុងស្ថានបរមសុខ។
យើងបានស្ដាប់នៅក្នុងអត្ថបទទី១គឺព្រះយេស៊ូគ្រីស្តជាព្រះសិរិសា ជាព្រះកាយព្រះគ្រីស្ត និងព្រះសហគមន៍នេះ ជាព្រះកាយព្រះគ្រីស្តពោរពេញដោយគ្រប់លក្ខណសម្បិត្តរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះសហគមន៍ជាយើង បងប្អូនជាទីស្រឡាញ់! ជាយើងទាំងអស់គ្នា។ ទាំងអស់គ្នា យើងជាព្រះកាយព្រះគ្រីស្ត យើងមានព្រះសិរសាគឺជាព្រះយេស៊ូគ្រីស្តផ្ទាល់ ដែលកំពុងយាងមកនៅក្នុងជីវិតរបស់យើង ដើម្បីបំភ្លឺជីវិតរបស់យើង និងព្រះសហគមន៍ដ៏មានជីវិត។ យើងជាព្រះសហគមន៍ដ៏មានជីវិត។ ពេលយើងមើលឈើឆ្កាងនេះ ជាឈើឆ្កាងដែលយើងបានរៀបចំនៅតាំងគោកនៅឆ្នាំ២០០០។ នៅពេលនឹកឃើញដល់មរណសាក្សីដើម្បីចូលនៅក្នុងសតវត្សថ្មីនៃឆ្នាំមហាករុណាទិគុណ។ នៅពេលយើងនឹកឃើញឈើឆ្កាងនេះ យើងនឹកឃើញការរងទុក្ខលំបាករបស់ព្រះសហគមន៍របស់យើងពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៩០ ដែលគ្រីស្តបរិស័ទ ដែលបូជាចារ្យ លោកអភិបាលត្រូវគេសម្លាប់ និងស្លាប់ ដែលព្រះសហគមន៍អត់មានសិទ្ធិដើម្បីជួបជុំគ្នាអធិដ្ឋាន ដែលអត់មានលោកឪពុក បងប្រុស បងស្រីដើម្បីជួយគ្រីស្តបរិស័ទរីកចម្រើននៅក្នុងជំនឿទៅជាប្រជារាស្ត្រដ៏វិសុទ្ធ ដោយគ្មានការអធិដ្ឋាននិងការថ្វាយសក្ការបូជាយូរណាស់ពី៧៥ដល់៩០។ ប៉ុន្តែសព្វថ្ងៃព្រះសហគមន៍យើងពោរពេញដោយជីវិត។ នេះជាសញ្ញាសម្គាល់មួយដ៏អស្ចារ្យមែន ដែលយើងបានទទួលនៅពេលហ្នឹង គឺព្រះសហគមន៍របស់យើងពោរពេញដោយជីវិត។ គេច្រណែនពីយើង ដឹងឬអត់? ម្ដងៗពេលដែលខ្ញុំផ្ញើរូបពីព្រះសហគមន៍យើងទៅព្រះសហគមន៍ចាស់ៗដែលកើតឡើង២០០០ឆ្នាំមុននៅអឺរ៉ុប គេឃើញយើងមានយុវជនច្រើន ការត្រាស់ហៅច្រើន យុវជនពោរពេញដោយកម្លាំងដោយជីវិត គេច្រណែន។ គេឃើញវីដេអូសង្ខេបដែលពីម្សិលមិញយើងបានផុសដល់ពិភពលោកទាំងមូល គេមើលព្រះសហគមន៍កាតូលិកកម្ពុជាដែលចេញពីភាពងងឹត ដែលចេញពីសូន្យ ទៅជាព្រះសហគមន៍ដែលមានកម្លាំង។ កម្លាំងដោយសារប្អូនៗ។ ខ្ញុំជាសាក្សីដោយសារពីមួយឆ្នាំទៅមួយឆ្នាំ យើងឃើញយុវជនយុវនារីថ្មីៗ យើងនៅដដែល ចាស់ទៅៗ ប៉ុន្តែយើងឃើញយុវជនថ្មីៗរហូត និងសព្វថ្ងៃនៅក្នុង៥០០នាក់ ខ្ញុំមិនសូវស្គាល់ទេ ប៉ុន្តែខ្ញុំសប្បាយចិត្តជួប ដោយឃើញថា នេះជាកម្លាំងមួយសម្រាប់បច្ចុប្បន្ននេះ និងជាសក្ខីភាពមួយយ៉ាងពិសេសសម្រាប់ប្អូនៗតទៅទៀត ដើម្បីធ្វើដំណើររួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់ ដើម្បីទទួលកម្លាំងពីសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងព្រះឈើឆ្កាងដែលព្រះយេស៊ូគ្រីស្តបានកែរទៅជាដើមឈើនៃជីវិត។
ឥលូវនេះយើងលែងនិយាយអំពីរឿងពីដើមពីដើមដែលអាដាំនិងអេវ៉ាបានស៊ីផ្លែដែលអត់មានសិទ្ធិ។ ឥលូវនេះយើងមានដើមថ្មី គឺឈើឆ្កាងដែលចេញផ្លែសម្រាប់ជីវិតរបស់យើង ដើម្បីឲ្យយើងពោរពេញដោយកម្លាំង។ ដូច្នេះបងប្អូនជាទីស្រឡាញ់ បន្តិចទៀតយើងទៅផ្ទះវិញ យើងទៅតាមព្រះសហគមន៍របស់យើង យើងទៅតាមកន្លែងដែលយើងធ្វើការ កន្លែងដែលយើងរៀន យើងទៅតាមស្រុកកំណើររបស់យើងវិញ ពេលយើងទៅវិញ «តើយើងធ្វើជាមនុស្សដដែលដូចពីមុន ឬយើងទៅជាមនុស្សថ្មី?» សូមគិតទៅ។ យើងចេញធ្វើដំណើរកុំពុលឡានណាថ្ងៃនេះ កុំដេកលក់ពេក ប៉ុន្តែសូមគិតខ្លួនឯង «តើខ្ញុំទៅជាមនុស្សថ្មីយ៉ាងម៉េច? តើខ្ញុំបានទទួលផ្លែអ្វីខ្លះ ដើម្បីឲ្យខ្ញុំរស់នៅសកម្មជាងមុន និងពោរពេញដោយសេចក្ដីស្រឡាញ់ជាងមុខនៅក្នុងព្រះសហគមន៍ នៅក្នុងសង្គមរបស់ខ្ញុំបច្ចុប្បន្ននេះ?»។
អត្តសញ្ញាណរបស់យើងដែលជាគ្រីស្តបរិស័ទប្រសិនបើយើងចង់សរុបខ្លីបំផុត គឺស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ នេះអាចនិយាយថា អត្តសញ្ញាណរបស់យើងដែលជាគ្រីស្តបរិស័ទ ដែលសង្ខេបបំផុត គឺស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់ខ្ញុំដែរ ដូចរបៀបដែលព្រះយេស៊ូបានស្រឡាញ់ខ្ញុំ គឺហ្នឹង គឺបូជាជីវិតនៅលើឈើឆ្កាងប្រមូលអំពើបាបរបស់ខ្ញុំ ប្រមូលអំពើបាបរបស់មនុស្សលោក ដើម្បីអំពើបាបកែច្នៃកែប្រែទៅជាពន្លឺ ទៅជាផ្លែដែលយើងទទួលពីព្រះវិញ្ញាញដ៏វិសុទ្ធ។
ប្រធានបទចំនួន៦ដែលយើងមានសូមពិចារណាថែមទៀតបន្តិចទៀតយើងប្រកាសសកម្មភាពដែលយើងចង់ធ្វើទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងស្នាព្រះហស្តរបស់ព្រះជាម្ចាស់នៅក្នុងពិភពលោក ទំនាក់ទំនងជាមួយលោកតាលោកយាយអ្នកចាស់ទុំ ទំនាក់ទំនងនិងសុខភាពរបស់យើង ទំនាក់ទំនងនិងអន្តរសាសនា ទំនាក់ទំនងនិងបញ្ហាសង្គម ដោយសារបានលើកឧទាហរណ៍មួយ គឺទាសករទំនើប ប៉ុន្តែយើងចង់និយាយអំពីបញ្ហាដែលមាននៅក្នុងសង្គមបច្ចុប្បន្ននេះ។ ប្រធានបទទាំង៦នេះ ត្រូវតែទទួលពន្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលណែនាំឲ្យយើងថែរក្សាអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទមួយរូប ដែលចេះស្រឡាញ់គ្នាទៅវិញទៅមក។ ដូច្នេះសូមពិចារណាតើយើងធ្វើដូចម្ដេចដើម្បីទៅជាយុវជនថ្មី ដើម្បីបង្កើតពិភពថ្មី ដើម្បីបង្កើតសង្គមថ្មី ដើម្បីរស់នៅនៅក្នុងរបៀបថ្មី។ មហាសន្និបាតរបស់យើងពោរពេញដោយអត្ថន័យ លុះត្រាតែយើងរៀងៗខ្លួន យើងយកការអប់រំយើងយកពន្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ យើងយកទំនាក់ទំនងថ្មីៗដែលយើងបានបង្កើត ជាកម្លាំង ជាថាមពល ជាមហិទ្ធឫទ្ធិដើម្បីទៅមុខតទៅទៀត។ ដូច្នេះចុងក្រោយកុំភ្លេចទីមួយឲ្យយើងយកចិត្តទុកដាក់ ទីពីរឲ្យយើងតស៊ូ ដោយសារប្រសិនបើយើងមិនបានតស៊ូអ្វីក៏ដោយយើងមិនអាចទៅមុខទេ។ ឥលូវនេះភ្លៀងខ្លាំង ប្រសិនបើយើងចង់ថតរូប សូមទៅចុះ តស៊ូទៅទោះបីសើមក៏ដោយ។ ម្សិលមិញ ខ្ញុំចង់ថតរូបជាមួយព្រះនាងម៉ារី អ្នកថតថាភ្លៀង ទៅថតធ្វើអី។ អត់អីទេ យើងអធិដ្ឋានជាមួយព្រះនាងម៉ារីតែបន្តិចយើងផ្ញើបងប្អូននៅក្នុងព្រះហស្តរបស់ព្រះនាងម៉ារីទាំងអស់ ភ្លៀងក៏ដោយក៏អត់អីទេ តស៊ូយកចិត្តទុកដាក់ និងការតស៊ូនិងបងប្អូន។ សូមមានចិត្តអត់ធ្មត់ ខ្ញុំដឹងពេលយើងនៅក្មេង យើងចង់បានលឿនណាស់ ប៉ុន្តែសូមមានចិត្តអត់ធ្មត់ កុំឲ្យយើងគិតថា ឥលូវនេះ យើងអាយុតែ១៦ឬ១៧ឆ្នាំ យើងចង់ឲ្យលឿនៗ អាយុ២៥ឬ៣០ សួរលោកឪពុក សួរខ្ញុំ ពេលដល់៥០ឬ៦០ វាលឿនពេក។ ពេលវេលាវាដើរលឿនពេក។ ពេលយើងនៅក្មេងដូចនេះ យើងដឹងថា ពេលវេលាវាដើរយឺត ប៉ុន្តែតាមពិតតស៊ូៗដោយមានចិត្តអត់ធ្មត់ ដោយដឹងថាអ្វីៗទាំងអស់ដែលចង់បាន អាចបាន លុះត្រាតែយើងខិតខំយកចិត្តទុកដាក់។ និងទី៤ នៅក្នុងជីវិតរបស់យើង ឲ្យយើងដាក់វិន័យដែរ កុំឲ្យយើងធ្វើតាមចិត្ត។ ពីម្សិលមិញខ្ញុំបានឆ្លើយសំណួរមួយដែរអំពីការធ្វើតាមចិត្ត លុះត្រាតែយើងចេះស្រឡាញ់។
ដូច្នេះសរុបសេចក្ដីទាំងអស់ដើម្បីធ្វើដំណើរទៅមុខ បងប្អូនជាទីស្រលាញ់! យើងត្រូវយកចិត្តទុកដាក់តស៊ូ មានចិត្តអត់ធ្មត់ មានវិន័យនៅក្នុងខ្លួន ប៉ុន្តែវិន័យដ៏ពិសេស គឺស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ ដូច្នេះពេលយើងធ្វើដំណើរទៅវិញ សូមទុករូបដែលយើងមាននៅថ្ងៃនេះ គឺព្រះឈើឆ្កាងដែលជាសញ្ញានៃអំពើបាបនៃមនុស្សលោក ត្រូវតែកែទៅជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលណែនាំឲ្យយើងមានជីវិត។ សូមដឹងថា យើងជាផ្កាឈូកនៅជុំវិញព្រះឈើឆ្កាងនេះ ដើម្បីដើរឆ្ពោះទៅសេចក្ដីសង្ឃឹម។ សូមទុករូបនេះ ដើម្បីធ្វើដំណើរទៅវិញ និងដើម្បីចែករំលែកពេញមួយឆ្នាំខាងមុខនេះដែលជាឆ្នាំមហាករុណាទិគុណ។ ឈើឆ្កាងនេះ យើងបានដាំនៅលើទឹកដីមរណសាក្សីនៅឆ្នាំ២០០០នៅឆ្នាំមហាករុណាទិគុណដែលឲ្យយើងចូលនៅក្នុងសតវត្សថ្មីសម្រាប់ឆ្នាំ២០២៥នេះ ដែលយើងធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម ឲ្យយើងដាំឈើឆ្កាងនៅក្នុងដួងចិត្តរបស់យើងវិញ ដើម្បីដឹងថា សេចក្ដីសង្ឃឹមរបស់យើងមិនមែនជារឿងតូចតាចទេ គឺសេចក្ដីសង្ឃឹមដ៏ធំធេងបំផុតដែលយើងទទួលពីព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់! ពិតមែន សូមឲ្យព្រះយេស៊ូគ្រីស្តជាព្រះអង្គម្ចាស់នៃយើងគឺព្រះបិតាប្រកបដោយសិរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្ដែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ អាម៉ែន៕