ថ្ងៃទី0៩ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៤,១៤-២២បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនបានអាន និងស្តាប់អត្ថបទដំណឹងល្អ! យើងឃើញថា ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ និងបេសកម្មរបស់ព្រះអង្គ តាមព្យាការីអេសាយគឺព្រះជាម្ចាស់មានព្រះបន្ទូលថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ និងនាំខ្ញុំទៅប្រកាសដំណឹងល្អដល់ជនក្រីក្រ! ព្រះយេស៊ូតែងតែធ្វើតាមព្រះហឫទ័យរបស់ព្រះបិតា។ ពេលកំណត់ដើម្បីស្នាក់នៅភូមិណាសារ៉ែតជាការលាក់កំបាំងកុំឱ្យគេដឹង កុំឱ្យគេឮ! ឥឡូវព្រះយេស៊ូចេញជាសាធារណៈដើម្បីប្រកាសដំណឹងល្អអំពីព្រះបិតា ហើយព្រះអង្គមានព្រះបន្ទូលថា ថ្ងៃនេះអត្ថបទតាមព្យាការីអេសាយគឺកើតឡើងហើយ! ។
អស់អ្នកដែលបានស្តាប់ឮ គេមានការងឿងឆ្ងល់ ដោយសារគេជឿថា អត្ថបទព្យាការីទាំងប៉ុន្មានក្នុងសម័ន្ធមេត្រីចាស់នឹងកើតឡើងជារូបរាងនៅពេលដែលព្រះមេស្ស៊ី និងព្រះគ្រីស្តយាងមក! តាមពិតព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះមេស្ស៊ី! ដូច្នេះនៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលថា នៅថ្ងៃនេះព្រះគម្ពីរបានកើតជារូបរាងហើយគេឆ្ងល់! លោកយេស៊ូពីភូមិណាសារ៉ែត មនុស្សដែលយើងស្គាល់ គឺជាព្រះគ្រីស្ត! ជាព្រះមេស្ស៊ី! ពិតមែនហើយ!។
ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះមេស្ស៊ីសម្រាប់អស់អ្នកដែលមានចិត្តទូលាយ ហើយនឹងទទួលស្គាល់ថាព្រះអង្គជាព្រះគ្រីស្ត។ សម្រាប់យើងនៅថ្ងៃនេះព្រះបន្ទូលបានកើតជារូបរាងហើយ ហេតុនេះកុំ ចាំទាល់តែមើលឃើញព្រះយេស៊ូបានកែប្រែចិត្តគំនិត! តើព្រះយេស៊ូត្រាស់ហៅយើងនៅថ្ងៃនេះ ដើម្បីអ្វី? គឺឲ្យយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីជួយអ្នកក្រីក្រ នឹងប្រកាសដំណឹងល្អ៕ អាមែន!
Daily Program
