ថ្ងៃទី0៤ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន ១,៣៥-៤២បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

លោកយ៉ូហានបាទីស្តណែនាំ និងបង្ហាញអំពីព្រះយេស៊ូដល់សាវ័ករបស់ព្រះអង្គ​​ នេះជាកូនចៀមរបស់​ព្រះជាម្ចាស់!

បាទបងប្អូនជាទីស្រឡាញ់! យើងបានធ្វើបុណ្យព្រះយេស៊ូ​ប្រសូត្រយើងបាន​ធ្វើបុណ្យ​គោរព​ព្រះរាជ្យវង្ស​របស់ព្រះយេស៊ូ និងយើងបានធ្វើបុណ្យថ្ងៃទីមួយលើកតម្កើងព្រះនាង​ម៉ារីជាព្រះមហាក្សត្រ​ជា​មាតានៃ​ព្រះជាម្ចាស់។ ថ្ងៃអាទិត្យខាងមុខនេះ យើងនឹងធ្វើបុណ្យព្រះយេស៊ូសម្តែងព្រះអង្គឱ្យមនុស្សលោក​ស្គាល់​ជា​ការពិតសេចក្តីទាំងនេះ ពិធីបុណ្យទាំងអស់នេះពិតជាសិរីរុងរឿងរបស់ព្រះជាម្ចាស់! នេះជា​អំណរ​សប្បាយមួយដែលធ្វើឱ្យពិភពលោកទាំងមូល បានទទួលស្វាគមន៍ព្រះយេស៊ូប្រសូត្រនៅក្នុងជីវិតរបស់​យើង ម្នាក់ៗដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។

ដំណឹងល្អថ្ងៃនេះក៏បង្ហាញអំពីព្រះយេស៊ូ បាន​អញ្ជើញសាវ័ករបស់លោកយ៉ូហានដែល​មករកព្រះអង្គសួរថា​លោកនៅឯ​ណា? ព្រះយេស៊ូក៏បានប្រាប់ថា សុំអញ្ជើញមកអ្នកនឹងឃើញ ព្រះអង្គបានបង្រៀនគេ បាន​អប់​រំគេ បានឱ្យគេស្នាក់នៅជាមួយ ក្នុងចំ​ណោមសាវ័កពីរនាក់នោះមាន​ម្នាក់ឈ្មោះ​អង់​ត្រេមាន​បង​ដែល​ឈ្មោះសិលា ហើយគាត់ក៏បានទៅរកស៊ីម៉ូន និងប្រាប់ថា៖ “យើងបានរកព្រះមេស្ស៊ីឃើញហើយ!” ហើយ​ក៏​បាននាំលោកស៊ីម៉ូនមកជួបព្រះយេស៊ូ ព្រះយេស៊ូបានស្វាគមន៍លោកស៊ីម៉ូន ហើយប្រាប់ថា៖ “ពីនេះ​ទៅ​អ្នក​​នឹងមានឈ្មោះ​ថាសិលា”។

នេះ​ជា​សេចក្តី​មួយដែលនាំឱ្យយើងឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ​យើង​ចូលក្នុង​គម្រោង​​​​ការណ៍​របស់ព្រះអង្គ។ ព្រះយេស៊ូជាព្រះគ្រីស្តដែលប្រសូត្រមកគ្មានវាំង គ្មានអង្គរក្ស គ្មាន​អ្នក​បម្រើទេ! ប៉ុន្តែព្រះអង្គសុខចិត្តមករួមទុក្ខរួមសុខ និងរស់នៅជាមួយមនុស្សលោក ហើយត្រាស់​ហៅ​មនុស្ស​លោកចូលមកក្នុងគម្រោងការណ៍របស់ព្រះជាម្ចាស់ដើម្បីស្រឡាញ់ និងបម្រើបងប្អូ​នឯ​ទៀត​ៗ៕

 

Daily Program

Livesteam thumbnail