ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស ៤,២៦-៣៤អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបាន​ប្រៀបធៀប​ព្រះរាជ្យរបស់​ព្រះជា​ម្ចាស់​ទៅនឹង​គ្រាប់​ពូជ​មួយ​ដ៏ល្អិត ដែលមានកម្លាំង។ តើគ្រាប់ពូជនេះជាអ្វី? តើយើង​អាច​ប្រៀប​ធៀប​គ្រាប់ពូជនេះ​ជា​ព្រះ​បន្ទូល​របស់ព្រះជាម្ចាស់ ដែលសាបព្រោះលើថ្នាលរបស់ព្រះអង្គនៅក្នុងពិភពលោកទាំងមូល?

ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ដែលកំពុងផ្សព្វផ្សាយគឺ ដើម្បី​ឱ្យពិភពលោកទាំងមូលទទួលព្រះបន្ទូលនេះ ហើយព្រះបន្ទូលនេះជាថ្នាំមួយដ៏ល្អ។ ជាថ្នាំមួយដ៏ល្អ​យ៉ាង​ដូចម្តេច? ជាថ្នាំមួយដែលនាំឱ្យយើងភ្លឺស្វាង នៅ​ក្នុងជីវិតបដិបត្តិប្រចាំថ្ងៃរបស់យើង។ ពេលខ្លះ​យើងធ្លា​ប់​ប្រព្រឹត្តអំពើអាក្រក់ ​ប៉ុន្តែ​ព្រះបន្ទូល​នេះ​នាំ​ឱ្យ​យើង​ចេះកែប្រែចិត្តគំនិត អាចនិយាយបានថា ព្រះបន្ទូលនាំ​ឱ្យ​យើងភ្លឺស្វាង ព្រះបន្ទូលនាំឱ្យយើងដើរលើ​ផ្លូវត្រូវ និងព្រះបន្ទូលនាំឱ្យយើងដើរត្រង់ឆ្ពោះទៅ​រកព្រះជា​ម្ចាស់ជា​ពិសេស​នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង​ជា​គ្រីស្តបរិស័ទ។

បងប្អូនជាទីស្រឡាញ់ និងបងប្អូនជាទីគោរពរាប់​អាន! ​ដើម្បី​ឱ្យគ្រាប់ពូជដំណឹង​ល្អរីកលូត​លាស់​នៅ​ក្នុង​ជីវិត​បងប្អូនជាគ្រីស្តបរិស័ទ​ សូមបងប្អូនកុំភ្លេចជ្រោយដីដាក់​ជីនៅក្នុង​ជីវិតរបស់បងប្អូន!  ជីនឹងនាំ​ឱ្យ​គ្រាប់​ពូជ​នេះដុះរីកលូតលាស់។  បងប្អូន! ទោះ​បីលោកឪពុកមិនពន្យល់បងប្អូន ទោះបីលោក​ឪពុក​មិនប្រាប់​បងប្អូនក៏បងប្អូនដឹងថាជីនោះគឺ​ជាការចូល​រួម “អភិបូជា” ជាវេលាដែលបងប្អូនទៅទទួល​វត្ត​មានរបស់​ព្រះ​យេស៊ូ​នៅក្នុងជីវិត​របស់បង​ប្អូន​គឺ “ព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត”។

ទ្រង់នឹងគង់ជាមួយ​បងប្អូនដើម្បីឲ្យបងបងប្អូន ទទួលកម្លាំងមួយពិសេសដែលនឹងនាំ​ឱ្យបងប្អូនចេះ​ប្រ​កាស​​ជំនឿ​​ដ​ល់​ជន​​ឯ​ទៀតៗ។ ចូលរួមថ្វាយអភិបូជាជាមួយព្រះគ្រីស្ត ចូលរួមស្តាប់ព្រះគម្ពីរ ចូលរួម​ស្តាប់ព្រះបន្ទូលរបស់​ព្រះជាម្ចាស់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ​ស្តាប់​ហើយសូម​ឱ្យបង​ប្អូន​យកព្រះ​បន្ទូល​នេះទៅអនុវត្តន៍ នឹងថ្លឹងថ្លែងរិះគិតពិចារណាអំពីទង្វើ​របស់​យើងម្នាក់ៗទាំងទង្វើល្អ និងមិនសូវល្អ។

ប្រសិនយើងប្រព្រឹត្តល្អ យើងអរព្រះគុណព្រះជាម្ចាស់​ដែល​ព្រះ​អង្គ​​បានប្រោសប្រទាន​ឱ្យខ្ញុំចេះ​​ប្រព្រឹត្ត​អំពើល្អ ប៉ុន្តែប្រសិនបើយើងធ្លាក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់​សូមព្រះជាម្ចាស់ប្រោសប្រទា​នឱ្យយើងចេះ​កែ​ប្រែចិត្តគំនិត។ សូមព្រះអង្គប្រោសប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធមកបំភ្លឺយើង សុំឱ្យយើងចេះកែប្រែចិត្តគំនិត​និងសូមឱ្យយើងមានចិត្តភ្លឺស្វាង ភ្លឺស្វាងទាំងរូបកាយ​ទាំ​ង​ព្រលឹងវិញ្ញាណរបស់យើង។

បងប្អូនជាទីស្រឡាញ់ និងបងប្អូនជាទីគោរពរាប់អាន! ពេលណា​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជា​ម្ចាស់​ពេលណាយើងចូលរួមថ្វាយអភិបូជា ពេលណាយើងចែកសេចក្តី​ស្រឡាញ់​​របស់យើងទៅនរណាម្នាក់ ឬពេលយើងបង្ហាញធម្មមេត្តាករុណារបស់យើង​ទៅនរណា​ម្នាក់ ​គឺពេលនោះហើយ​នាំឱ្យយើងម្នាក់ៗមាន​ចិត្ត​ផូរផង់​នៅក្នុងការបដិបត្តិតាមជំនឿនៅក្នុងគ្រីស្តសាសនារបស់យើង។

ហេតុនេះ សុំឱ្យគ្រាប់ពូជនៃជំនឿរបស់បងប្អូនរីកលូតលាស់នៅគ្រប់ទីកន្លែងដែលបងប្អូនរស់នៅ។ ចុង​ក្រោ​យ​លោកពុកសុំឱ្យគ្រាប់ពូជដំណឹងល្អដែលព្រះយេស៊ូបានសាបព្រោះ ក្រុមគ្រីស្ត​ទូតបាន​សាប​ព្រោះ និងសាសនទូតផ្សេងៗបានសាបព្រោះនៅគ្រប់ទីកន្លែងក្លាយទៅជាគ្រាប់ពូជដែលមានកម្លាំង និង​សូម​ឱ្យយើងម្នាក់ៗ ចេះថែរក្សាការពារគ្រាប់ពូជនោះឱ្យបានល្អ ហើយសូមឱ្យបងប្អូនគ្រីស្តបរិស័ទ​ចេះ​ថែ​រក្សា​ជំនឿរបស់ខ្លួនកុំឱ្យមាសារតាំងចូលទៅក្នុងជីវិតរបស់បងប្អូន។ ​បងប្អូនត្រូវនៅជាមួយ​ព្រះជាម្ចាស់​តាមរយៈ​ការអធិដ្ឋាន ចូលរួមថ្វាយអភិបូជា បង្ហាញក្តីមេត្តាករុណា និងស្រឡាញ់ដ៏បងប្អូនឯទៀតៗ។ ហេតុ​នេះ​សុំឱ្យគ្រាប់ពូជនៃជំនឿរបស់បងប្អូនកប់ជ្រៅ និងមានទំនាក់ទំនងជាពិសេសជាមួយនិងព្រះជាម្ចាស់។ អាម៉ែន៕

Daily Program

Livesteam thumbnail