ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ១៦,១៣-១៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! រីករាយថ្ងៃអាទិត្យដែលជាថ្ងៃអាទិត្យចុងក្រោយក្នុងខែប្រាំមួយ ហើយនៅក្នុងអាទិត្យចុងក្រោយនេះយើងគោរពបុណ្យមួយទៀតគឺសន្តប៉ូលនិងសន្តសិលា! ជាធម្មតាយើងគោរពថ្ងៃតែងតាំងជាបូជាចារ្យ ហើយមួយឆ្នាំមុន ព្រះសហគមន៍កាតូលិកកម្ពុជាយើងបានគោរពពិធីតែងតាំងលោកបូជាចារ្យបីអង្គគឺ វី សំណាង ប៊ុនលី និងប៉ុលកាន។
នៅថ្ងៃនេះសូមជូនពរដល់ពួកគាត់ ដោយសារថ្ងៃនេះជាថ្ងៃពិសេសរបស់ពួកគាត់។ ប៉ូល និងសិលាជាបូជាចារ្យពីរអង្គជាគ្រឹះរឹងមាំនៃព្រះសហគមន៍តាំងពីរដើមរៀងមក ប៉ុន្តែពួកគាត់ទាំងពីរខុសគ្នាមែនទែន។ លោកសិលាជាមនុស្សសាមញ្ញ មានភារកិច្ចដឹកនាំព្រះសហគមន៍ ឯលោកប៉ូលជាមនុស្សដែលមានចិត្តឆេះឆួលក្លាហានទៅប្រកាសដំណឹងល្អ។ សន្តទាំងពីរខុសគ្នា ប៉ុន្តែពួកគាត់បានរួមគ្នាជាបងប្អូន ទោះបីរបៀបរបស់ពួកគាត់ខុសគ្នាបន្តិច តែអ្នកទាំងពីរតាំងដើមរៀងមកមានការគោរព និងសេចក្តីស្រឡាញ់ចំពោះបងប្អូនទាំងអស់នៅក្នុងព្រះសហគមន៍។
ថ្ងៃនេះជាថ្ងៃមួយដែលយើងអរព្រះគុណព្រះអង្គសម្រាប់អ្នកដឹកនាំព្រះសហគមន៍ គឺសម្តចប៉ាបឡេអូដែលកំពុងណែនាំព្រះសហគមន៍ដោយជោគជ័យ និងមានភាពដ៏វិសុទ្ធ។ នៅប្រទេសកម្ពុជារបស់យើងក៏មានលោកអភិបាលបីអង្គដែលកំពុងតែណែនាំព្រះសហគមន៍ដោយជោគជ័យដូចគ្នាដែរ។ ដូច្នេះសូមឱ្យបងប្អូនអធិដ្ឋានឱ្យលោកបូជាចារ្យទាំងអស់នៅប្រទេសខ្មែរ នៅទ្វីបអាស៊ី និងនៅពិភពលោកទាំងមូលមានឯកភាពគ្នា និងការរាប់អាន។
ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់! ជួយទូលអង្វរព្រះជាម្ចាស់ឱ្យព្រះអង្គប្រទានពរឱ្យប្រទេសខ្មែរមានលោកបូជាចារ្យកាន់តែច្រើន នឹងសូមផ្ញើសារ ដើម្បីលើកទឹកចិត្តត្បិតខ្ញុំជឿថា ប្រហែលបូជាចារ្យទាំងអស់ក៏ត្រូវការលើកទឹកចិត្តពីបងប្អូន។ កុំភ្លេចថ្លែងអំណរគុណដល់ពួកគាត់ ហើយលើកទឹកចិត្តដល់ពួកគាត់ កុំឱ្យពួកគាត់គិតថា ជីវិតរបស់ពួកគាត់ពិបាក ហើយអត់សូវមានការផ្តល់តម្លៃនៃការត្រាស់ហៅដល់ពួកគាត់។ ជីវិតជាបូជាចារ្យនៅប្រទេសខ្មែរមិនសូវស្រួលប៉ុន្មានទេ ប៉ុន្តែល្អមែនទែននៅពេលដែលមានភាពស្និទ្ធសាល និងការរាប់អានពីគ្រីស្តបរិស័ទដូចជាការផ្តល់តម្លៃដល់អ្នកដឹកនាំនៃព្រះសហគមន៍។
ដូច្នេះថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀវជ្រៅដល់សម្តេចប៉ាប ដល់លោកអភិបាល និងលោកបូជាចារ្យទាំងអស់ដែលកំពុងលះបង់កិច្ចការទាំងអស់ ដើម្បីបម្រើព្រះសហគមន៍ និងបម្រើប្រជារាស្រ្តរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានពរដល់ពួកគាត់ទាំងអស់គ្នា ជាពិសេសដល់បូជាចារ្យទាំងបីអង្គដែលនៅថ្ងៃនេះជាថ្ងៃគម្រប់ខួបមួយឆ្នាំរបស់ ពួកគាត់បានឡើងជាបូជាចារ្យ។
សូមព្រះអង្គប្រទានព្រះពរយ៉ាងបរិបូរណ៍ដល់លោកបូជាចារ្យទាំងអស់គ្នាឱ្យបងប្អូនមានអំណរសប្បាយក្នុងការបម្រើព្រះអង្គ និងព្រះសហគមន៍ជានិច្ច។ អាម៉ែន អាលេឡូយ៉ា៕
Daily Program
