ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ២,៤១-៥១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកជួបបងប្អូននៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនានេះ គឺជាថ្ងៃបុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងម៉ារី។ បុណ្យនេះធ្វើឱ្យខ្ញុំមានអំណរសប្បាយ និងចែកជាមួយបងប្អូននូវរឿងអស្ចារ្យ គឺសេចក្តីអស្ចារ្យដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅព្រះនាងម៉ារីធ្វើជាមាតាព្រះជាម្ចាស់! ធ្វើជាមាតានៃមនុស្សលោក!។
ម្តាយម៉ារីជាអ្នកបម្រើដ៏សាមញ្ញម្នាក់ តាមរយៈព្រះនាងម៉ារីធ្វើឱ្យយើងបានស្គាល់ព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូដែលជាគង្វាលដ៏សប្បុរស។ ថ្ងៃនេះចូលយើងអរព្រះគុណព្រះអង្គដែលសព្វព្រះហឫទ័យត្រាស់ហៅស្រ្តីធ្វើជាមាតាដែលមានជីវិតជឿលើព្រះជាម្ចាស់ និងបន្ទាបខ្លួនជាស្រ្តីដ៏សាមញ្ញម្នាក់។ នេះជាការអស្ចារ្យមែន! ព្រះជាម្ចាស់បានទតមើលព្រះនាងម៉ារីជាអ្នកបម្រើដ៏សាមញ្ញដែលមានចិត្តសុភាពរាបសារ គោរពកោតសរសើរព្រះជាម្ចាស់។
នៅពេលយើងបានជួបព្រះយេស៊ូ យើងបានដឹងថាព្រះអង្គជាគង្វាលដ៏សប្បុរសបានបង្ហាញសេចក្តីស្រឡាញ់តាមថែរក្សា តាមរកកូនចៀមនៅពេលរកឃើញព្រះអង្គលើដាក់ស្មា។ នេះបង្ហាញឱ្យឃើញថា បុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងម៉ារី និងព្រះយេស៊ូជាគង្វាលដ៏សប្បុរសមានបេះដូងស្រឡាញ់ អាណិតអាសូរចៀមដែលវង្វេងពេលណារកឃើញព្រះអង្គក៏បានលើចៀមនោះដាក់លើស្មា ដើម្បីឱ្យកូនចៀមនោះបានមកជួបហ្វូងចៀមវិញ។
តាមព្រះបន្ទូលដំណឹងល្អ ពេលដែលក្រុមគ្រួសាររបស់ព្រះយេស៊ូមកក្រុងយេរ៉ូសាឡឹម ពេលនោះចប់ពិធីបុណ្យ រួចក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ព្រះនាងម៉ារីនិងលោកយ៉ូសេបសួរគ្នាថា ឃើញកុមារយេស៊ូអត់? លោកយ៉ូសេប និងព្រះនាងម៉ារីបានចំណាយពេលបីថ្ងៃដើម្បីដើររកព្រះយេស៊ូ ទីបំផុតបានឃើញព្រះយេស៊ូនៅក្នុងព្រះវិហារកំពុងជួបជាមួយបូជាចារ្យបណ្ឌិតនៅក្នុងព្រះវិហារ នៅពេលនោះព្រះនាងម៉ារីសួរ ម្តេចបានកូនធ្វើដូចនេះ? ហ្នឹងព្រះយេស៊ូឆ្លើយថា ម្តាយឪពុកមិនដឹងទេឬកូនត្រូវនៅក្នុងដំណាក់ព្រះជាម្ចាស់! ព្រះនាងម៉ារីស្ងៀមស្ងាត់ ហើយទុកសេចក្តីនេះនៅក្នុងចិត្ត។
យើងឃើញព្រះនាងម៉ារីនៅក្បែរព្រះយេស៊ូនៅពេលជាប់ឈើឆ្កាង នៅទីនោះហើយដែលព្រះយេស៊ូបានផ្ញើម្តាយទៅលោកយ៉ូហានដ៏ជាទីស្រឡាញ់របស់គាត់ ហើយព្រះយេស៊ូក៏ប្រាប់ទៅលោកយ៉ូហានថា នេះជាម្តាយរបស់អ្នក។ សេចក្តីស្រឡាញ់ដែលព្រះនាងម៉ារីមាន ព្រះយេស៊ូមានដូចគ្នា បេះដូងដ៏និម្មលទាំងពីរនៃសេចក្តីស្រឡាញ់នេះ នាំឱ្យលោកយ៉ូហានទទួលព្រះនាងម៉ារីជាម្តាយ ហើយយើងក៏ដូចលោកយ៉ូហានដែរ យើងបានទទួលព្រះនាងម៉ារីធ្វើជាមាតាយើង និងព្រះនាងម៉ារីជាម្តាយនៃព្រះជាម្ចាស់៕
Daily Program
