ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ៩,៣០-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលថ្ងៃនេះ នាំឱ្យយើងរិះគិតអំពីរបៀបដែលព្រះយេស៊ូណែនាំក្រុមសាវ័កឱ្យមានចិត្តសុភាពរាបសារ ចិត្តស្លូតបូតដែលពួកគាត់កំពុងតែរវីរវល់ជជែកគ្នាថា តើអ្នកណាធំជាងនៅក្នុងចំណោមសាវ័កដប់ពីរនាក់? ពេលព្រះយេស៊ូឃើញក្រុមសាវ័កព្យាយាមវែកញ៉ែកគ្នាថាខ្លួនសាកសមជាអ្នកធំ ឬកាន់តំណែងខ្ពស់តាមរបៀបលោកិយ៍។ ព្រះយេស៊ូក៏បានយករឿងកូនក្មេងដែលមានចិត្តស្មោះនិងជ្រះថ្លា និយាយទៅកាន់សាវ័ក ឲ្យរៀនពីរបៀបកូនក្មេង គឺ “ភាពបរិសុទ្ធ ភាពសាមញ្ញ និងការដាក់ខ្លួន”មានន័យថាត្រូវមានចិត្ត ទៀងត្រង់ មិនពុតត្បត់ សប្បាយចិត្តនឹងអ្វីដែលខ្លួន គ្មានភាពច្រណែននិន្ទា មិនលោភលន់ គិតប្រយោជន៍រួម នឹង ចេះដាក់ខ្លួនបម្រើអ្នកដទៃ ដោយមិនរើសអើងគ្នា។
ជាការពិត! បុគ្គលម្នាក់ៗរមែងមានភាពវាងវៃខុសៗគ្នា ប៉ុន្តែយើងមិនគួរនិយាយថា អ្នកនេះឆ្លាតជាង ឬអ្នកនោះទន់ខ្សោយទេ ត្បិតយើងជាបងប្អូនគ្នា ត្រូវមានចិត្តសណ្តោះមេត្តា នឹងយកអាសារគ្នា! ដូច្នេះសូមឲ្យក្នុងឆ្នាំនៃសេចក្តីសង្ឃឹមនេះជាពេលដែលបងប្អូនរួមធ្វើដំណើរជាមួយគ្នា បើយើងមានសមត្ថភាព មានលទ្ធភាពដើម្បីជួយបងប្អូន ជួយព្រះសហគមន៍ សូមជួយឱ្យសង្គមរបស់យើងដែលកំពុងតែរស់នៅនេះបានរីកចម្រើនឡើង ពិសេសរីកចម្រើនឡើងខាងជំនឿ នោះបងប្អូនកំពុងធ្វើតាមព្រះបន្ទូលនេះហើយ!។
ប្រហែលគ្រប់គ្នាដឹង! ថាព្រះសហកគមន៍របស់យើងកំពុងតែខ្វះខាតមនុស្សដែលបម្រើព្រះអង្គតិច ហើយមនុស្សដែលមានចិត្តស្លូតបូតក៏មានតិចដែរ មានន័យថាយើងត្រូវការបង្ហាញព្រះបន្ទូលរបស់ព្រះជាម្ចាស់!ថ្ងៃនេះ! សម្រាប់អ្នកដទៃ ដោយមិនគ្រាន់តែនិយាយ! តែយើងព្យាយាមអនុវត្តន៍ការបម្រើ ការជួយអ្នកដទៃសម្រាប់បងប្អូនក្នុងព្រះសហគមន៍ ទោះកិច្ចការនោះធំ ឬតូចក្តី នៅក្នុងព្រះសហគមន៍មានកិច្ចការជាច្រើនដែលយើងអាចធ្វើបាន ហេតុនេះសុំបងប្អូនធ្វើទៅ! ដោយសារនេះជាចិត្តរបស់អ្នកដែលដាក់ខ្លួនដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត៕ អាមែន
Daily Program
