ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១,៥៧-៦៦.៨០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ថ្ងៃអង្គារទី២៤ ខែមិថុនានេះ គឺជាថ្ងៃខួបកំណើត​របស់​សន្ត​យ៉ូ​ហាន​បា​ទីស្ត។ តាមធម្មតានៅក្នុងព្រះសហគមន៍​ថ្ងៃដែលប្រារព្ធបុណ្យរបស់​សន្តបុគ្គលនី​មួយៗ​ភាគ​ច្រើន​ជា​ថ្ងៃ​បុណ្យសពដែលគេចាត់ទុកថាជាថ្ងៃកំណើត​នៅក្នុងស្ថានបរមសុខ​របស់សន្ត​បុគ្គល​នី​មួយៗ ដែល​អាច​ចាត់​ទុក​បានថាជាង​៩០%។ ប៉ុន្តែសម្រាប់សន្តយ៉ូហានបាទីស្ត គឺមានទាំងពីរថ្ងៃគឺថ្ងៃកំណើតផង និងថ្ងៃ​ស្លាប់​ផង​។

​ថ្ងៃ​នេះជាថ្ងៃមួយដែលយើងអបអរសាទរសន្តយ៉ូហានបាទីស្តជាថ្ងៃកំណើតរបស់លោក យ៉ូហាន​បាទី​ស្ត​ជា​សន្ត​បុគ្គលមួយរូបដែលចូលនៅក្នុងគម្រោងការណ៍នៃការសង្គ្រោះរបស់ព្រះជាម្ចាស់!  ជាស្ពាន​នៃ​ស​ម្ព័​ន្ធ​មេត្រី​ចា​ស់​ ដែលបាននាំដំណឹងល្អប្រាប់បងប្អូ​ននៅជំនាន់នោះ​ឱ្យគេត្រៀមចិត្តគំនិតទទួល​ស្វាគមន៍​ព្រះ​សង្គ្រោះ​​នឹងយាងមក។  លោកយ៉ូហានក៏បានឃើញកូនចៀមរបស់ព្រះជាម្ចាស់គឺព្រះយេស៊ូគ្រីស្ត! ហើយ​ក្លាយ​ទៅជាអ្នកដែល​ធ្វើតាមព្រះបន្ទូលនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។

ដូច្នេះកំណើតរបស់លោកយ៉ូហានបាទីស្តមានន័យថា លោកមកក្នុងលោក​នេះផ្តល់​សេចក្តី​សង្ឃឹម​ឱ្យម​នុស្ស​ ជាពិសេសនៅក្នុងគ្រួសាររបស់គាត់ឱ្យក្លាយទៅជាគ្រួសារដែលមានមោទនភាព។ ចំណុច​នេះ​លោក​ពុក​សូមសំណូមពរទាំងអស់គ្នាដែលជាកូនចៅសុំឱ្យខ្លួនក្លាយទៅជាអំណោយទាន ជាអំណរសប្បាយ​របស់​ព្រះជាម្ចាស់នៅក្នុងក្រុមគ្រួសារ។ សូមកូនៗជួយស្តាប់បង្គាប់ឪពុកម្តាយ មានចិត្តសុភាពរាបសារ និង​បំពេញ​តួនាទីរបស់ខ្លួនឲ្យបានល្អ។

សន្តយ៉ូហានបាទីស្តជាគំរូល្អសម្រាប់យើងម្នាក់ៗ នៅព្រះសហគមន៍សន្ត​យ៉ូសេបផ្សារតូច​ក៏មាន​ម​ណ្ឌ​ល​​​យ៉ូហានបាទីស្តមួយដែរ ដែលជាមណ្ឌលមួយសម្រាប់រំលឹកដល់សន្តយ៉ូហានបាទីស្ត និងការបង្កើត​ម​ណ្ឌល​នេះឡើង ដើម្បីអប់រំឱ្យកូនៗមានគុណភាពល្អ រីកចម្រើនឡើងមានការអភិវឌ្ឍ​ខ្លួនជាមោទន​ភាព​របស់​គ្រួ​សារ និងព្រះសហគមន៍របស់ពួកគេ។ ជីវិតរបស់សន្តយ៉ូហានបាទីស្តជួយឱ្យយើងបានឃើញថា លោក​ជា​ផ្នែក​មួយនៃគម្រោងការណ៍របស់ព្រះជាម្ចាស់! មិនថាលោកធ្វើតួនាទីណាក៏ដោយលោកបំពេញ​តួនាទី​នោះ​​បានយ៉ាងល្អ។

ចំណុចនេះសូមឱ្យបងប្អូនរិះគិតថា យើងជាអំណោយទានរបស់ព្រះជាម្ចាស់ដែរ យើងជាអំណរសប្បាយ​របស់ព្រះអង្គដែលចែកចាយឱ្យអ្នកដទៃ ដំណឹងល្អដែលយើងបានទទួល គឺដំណឹងល្អ​សម្រាប់​អ្នក​ដទៃ​ដែរ​។ ដូច្នេះសុំឱ្យយើងកើតទៅជាអំណរសប្បាយសម្រាប់អ្នកដទៃ ជាដំណឹងល្អសម្រាប់អ្នកដទៃ​ដូច​លោក​យ៉ូ​ហានបាទីស្ត ដែលជាដំណឹងល្អដើម្បីត្រៀមឱ្យមនុស្សទាំងអស់ទទួលដំណឹងល្អពីព្រះយេស៊ូគ្រីស្ត​មកនៅ​ក្នុង​​ជីវិតរបស់ពួកគេ។

សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យសន្តយ៉ូហានបាទីស្តជាគំរូរបស់បងប្អូន និងជួយអង្វរ​ព្រះ​ជា​ម្ចាស់​​សម្រាប់យើងទាំងអស់គ្នាផងដែរ។ អាម៉ែន៕

Daily Program

Livesteam thumbnail