ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៩,១១-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃអាទិត្យដ៏ពិសេសម្តងទៀត គឺជាថ្ងៃបុណ្យគោរពលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត។ ក្រោយពេលបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក យើងមានរដូវមួយដ៏សែនពិសេស គឺរដូវធម្មតា នៅរយៈពេលប៉ុន្មានអាទិត្យនេះ យើងមានបុណ្យជាច្រើនដែលមិនទាក់ទងនិងប្រវត្តិសាស្រ្តនៃព្រះសហគមន៍ ប៉ុន្តែ! ពិធីបុណ្យទាំងនោះបង្ហាញពីចំណុចមួយឬក៏លទ្ធិសាសនាមួយ។
ដូច្នេះថ្ងៃអាទិត្យនេះយើងហៅបុណ្យលទ្ធិសាសនា ពីរអាទិត្យមុនមានបុណ្យព្រះត្រៃឯក សម្រាប់អាទិត្យនេះបុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ ពិតជាអស្ចារ្យមែនទែនក្នុងមួយឆ្នាំៗយើងធ្វើធម្មទេសនា ដើម្បីយល់កាន់តែច្បាស់អំពីធម្មជាតិនៃព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ ព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត គឺជាព្រះកាយរបស់ព្រះអង្គផ្ទាល់ ព្រះអង្គដែលមានព្រះជន្មគង់នៅ ព្រះអង្គដែលសោយទុក្ខលំបាក សោយទិវង្គតលើព្រះឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដែលមានព្រះកាយប្រកបដោយសិរីរុងរឿង។
ព្រះកាយ! ជាព្រះកាយដែលយើងទទួលនៅពេលចូលរួមពិធីបុណ្យសក្ការៈបូជា (អភិបូជា) នៅពេលដែលនំបុ័ង និងស្រាលើអាសនៈក្លាយទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គ។ ព្រះយេស៊ូគ្រីស្តមានព្រះបន្ទូលថា នេះគឺជារូបកាយរបស់ខ្ញុំ នេះគឺជាលោហិតរបស់ខ្ញុំ។ យើងត្រូវតែសួរខ្លួនឯងថា តើអ្វីដែលព្រះអង្គកំពុងនិយាយមានន័យយ៉ាងម៉េច? នៅពេលជប់លៀងចុងក្រោយជាមួយសាវ័ក ព្រះអង្គនិយាយឱ្យយើងស្តាប់ ឱ្យយើងយល់ ឱ្យយើងជឿថា ព្រះយេស៊ូកំពុងប្រគល់ព្រះកាយរបស់ព្រះអង្គផ្ទាល់ឱ្យយើងមានព្រះជន្មជាមួយព្រះជាម្ចាស់ ឱ្យយើងមានជីវិតថ្មី គឺជាជីវិតដែលប្រកបដោយសិរីរុងរឿង ជីវិតដែលព្រះអង្គបានបញ្ជាលើព្រះឈើឆ្កាង ជាជីវិតដែលព្រះអង្គបានទទួលពីព្រះបិតាក្នុងសិរីរុងរឿង នឹងឱ្យយើងទទួលជីវិតនេះពីព្រះអង្គដែរ។
អស្ចារ្យមែន! ថ្ងៃនេះជាថ្ងៃពិសេសប្រហែលនៅក្នុងព្រះសហគមន៍នីមួយៗមានពិធីដង្ហែរព្រះកាយដើម្បីបង្ហាញអំពីការគោរពស្រឡាញ់ព្រះកាយ និងព្រះលោហិតព្រះគ្រីស្តនៅក្នុងព្រះសហគមន៍កាតូលិក។ បងប្អូនយើងមានកិត្តិយសមែនទែនដែលយើងបានទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត មានន័យថាយើងទទួលព្រះគ្រីស្តនៅក្នុងជម្រៅចិត្តរបស់យើង ដែលនេះជាសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះអង្គ មិនមែនមកពីចិត្តគំនិតយើង។ អ្នកណាមានជំនឿលើព្រះបន្ទូលរបស់ព្រះអង្គ អ្នកណាបើកព្រះគម្ពីរហើយស្តាប់ព្រះបន្ទូលរបស់ព្រះអង្គត្រូវតែជឿថា នេះគឺជារូបកាយរបស់ព្រះអង្គ។
សូមបងប្អូនក្រាបថ្វាយបង្គំគោរពអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ហើយរីកចម្រើននៅក្នុងសេចក្តីស្រឡាញ់សម្រាប់អគ្គសញ្ញានេះដែលជួយចិញ្ចឹមជីវិតរបស់យើង។ សូមព្រះជាម្ចាស់ប្រទានពរបងប្អូន៕
Daily Program
